Connect with us

ព័ត៌មានជាតិ

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

បានផុស

នៅ

ក្នុង​អំឡុង​ពេល​បើក​ប្រាក់ឈ្នួល​នៅ​សាលា​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កម្មករ-កម្មការិនី និង​សហជីព​ប្រចាំ​រោងចក្រ អ​.​ជី ហ្វ៊ូត​វែរ នៅ​ថ្ងៃ​សុក្រ ទី ២៩ ខែ​មីនា ឆ្នាំ ២០២៤ នេះ បាន​ផ្ទុះ​ការ​កោតសរសើរ​ពី​ទឹកចិត្ត និង​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការ​សម្រួល​ឯកសារ​ផ្សេងៗ របស់​កម្មករ។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ទាំងអស់​សប្បាយ​ចិត្ត និង​មាន​ភាព​កក់ក្ដៅ​អំឡុង​ពេល​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ។ សូម​រំលឹក​ថា កម្មករ នៃ​រោងចក្រ អ​.​ជី ហ្វ៊ូត​វែរ នៅ​ថ្ងៃ​ទី ២៩ នេះ បាន​និង​កំពុង​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ដែល​ក្រុមហ៊ុន​បាន​គិតគូរ​ផ្តល់​ឱ្យ​ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា តូច តេងហី កម្មករ​រោងចក្រ អ​.​ជី ដែល​មាន​ពិការភាព បាន​សរសើរ​ពី​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ទាំង​កិច្ច​ការងារ​រដ្ឋបាល និង​ការងារ​សម្រួល​ជាទូទៅ​ដល់​ខ្លួន​ដែល​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ច្រើន។

បន្ថែម​ពី​នេះ កញ្ញា តង់ បញ្ញា កម្មករ​រោងចក្រ អ​.​ជី សប្បាយចិត្ត​ខ្លាំង​ដែល​មន្ត្រី​ក្រសួង​ការងារ បាន​សួរ​នាំ និង​ប្រឹក្សា​ពី​ឯកសារ​សម្រាប់​បើក​ប្រាក់ឈ្នួល​ដែល​ធ្វើ​ឱ្យ​កញ្ញា​ពេញចិត្ត​ចំពោះ​ទង្វើ និង​កាយវិការ​ដ៏​សមរម្យ​នេះ។

ដោយឡែក​អនុប្រធាន​សហជីព​ខ្មែរ CUF ប្រចាំ​រោងចក្រ អ​.​ជី អ្នកនាង និល ខេន ក៏បាន​មើល​ឃើញ​ពី​កាយវិការ នៃ​ការ​យកចិត្តទុកដាក់​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុងអំឡុងពេល​បើកប្រាក់​ឈ្នួល​នេះ​ដែរ ដោយ​លាន់មាត់​ពី​ភាព​សាមញ្ញ​របស់​មន្ត្រី និង​ការ​យកចិត្តទុកដាក់​ដល់​កម្មករ​គ្រប់គ្នា​ដែល​ធ្វើ​ឱ្យ​កម្មករ​ទាំងអស់​គ្នា​សប្បាយរីករាយ ហើយ​មាន​ភាព​ស្និទ្ធស្នាល​បន្ថែម​ទៀត​លើ​ដំណោះស្រាយ​ថវិកា​​ទទួល​បាន​លឿន​ហើយ​នោះ។

ជាមួយ​គ្នា​នេះ កម្មករ​ទាំងអស់ និង​សហជីព ក៏បាន​លើកឡើង​ព្រម​គ្នា​ដោយ​បង្ហាញ​ពី​សមានចិត្ត ពេញចិត្ត គាំទ្រ និង​ថ្លែងអំណរគុណ​ដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ ដោយ​មិន​ទុក​ឱ្យ​កម្មករ​រងា​ដោយ​គ្មាន​ដំណោះស្រាយ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម