Connect with us

ព័ត៌មានជាតិ

ជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ មានសិទ្ធិ និងភារកិច្ចអ្វីខ្លះ?

បានផុស

នៅ

ព្រឹទ្ធសភាបានបើកនីតិកាលថ្មីរបស់ខ្លួនហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដែលជានីតិកាលទី៥នៃព្រឹទ្ធសភា។ សម្រាប់តំណែងជាប្រធានព្រឹទ្ធសភា ត្រូវធ្លាក់ទៅលើដៃរបស់សម្ដេចតេជោ ហ៊ុន​ សែន។ តើក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ នឹងមានសិទ្ធិអំណាច និងភារកិច្ចលើកិច្ចការអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា មាត្រា១១ថ្មី បានចែងថា ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ  ក្នុងករណីមានការបញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញថា ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់មិនអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋដូចធម្មតា។

ចំណែកមាត្រា១២ថ្មី​ នៃរដ្ឋធម្មនុញ្ញ បានចែងថា នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ប្រធានព្រឹទ្ធសភា ក៏ជាសមាសភាពមួយ ក្នុងចំណោមសមាសភាពក្រុមប្រឹក្សារាជសម្បត្តិដែលដើរតួនាទីជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មី បន្ទាប់ពីរយៈពេល៧ថ្ងៃក្រោយ ព្រះមហាក្សត្រសោយទីវង្គត។ រីឯរដ្ឋធម្មនុញ្ញមាត្រា៣០ថ្មី បានកំណត់ថា ប្រធានព្រឹទ្ធសភា ក៏មានភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន។

មួយវិញទៀត តាមការអះអាងរបស់សម្ដេចតេជោផ្ទាល់កាលពីថ្ងៃទី០១ ខែមេសា  ក្នុងតំណែងជាប្រធានព្រឹទ្ធសភា គឺមានសិទ្ធិចុះហត្ថលេខា ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភាកម្ពុជាឡើងវិញ។

ដោយឡែកមាត្រា១១០ថ្មី នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា ប្រធានព្រឹទ្ធសភាមានភារកិច្ច ដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា។ ឯមាត្រា១១១ ថ្មីពីរ បានចែងថា ប្រធានព្រឹទ្ធសភាអាចស្នើសុំឱ្យមានការរៀបចំកិច្ចប្រជុំព្រឹទ្ធសភាជាសម្ងាត់បាន។

រីឯ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃកម្ពុជាវិញ ជំពូក៣ ប្រការ១១ថ្មី បានចែងថា ប្រធានព្រឹទ្ធសភាមានភារកិច្ចធានាការប្រព្រឹត្តទៅនៃព្រឹទ្ធសភាឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដឹកនាំអង្គប្រជុំនៃព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ធានាដឹកនាំការបោះឆ្នោតជ្រើសរើសសមាជិកគណកម្មការនានារបស់ព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងឥស្សរជនសម្រាប់មុខតំណែងផ្សេងៗ ដែលកំណត់ដោយច្បាប់។  ចាត់ចែងបញ្ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហា ទាំងពួងដែលបានទទួលទៅគណៈកម្មការ ដើម្បីពិនិត្យ សិក្សា និងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និង អង្គប្រជុំព្រឹទ្ធសភា។

ប្រធានព្រឹទ្ធសភា ក៏មានភារកិច្ចលើកជូនអង្គប្រជុំព្រឹទ្ធសភាសម្រេចអំពីការស្នើសុំចាត់ ទុកជាការប្រញាប់  ឬបើកអង្គប្រជុំ ផ្អាកពេលប្រជុំ ឬលើកពេលប្រជុំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍។ ចាត់ចែងការពិភាក្សា ហើយចុះហត្ថលេខាលើកំណត់ហេតុ នៃការប្រជុំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ។ញ៉ាំងឱ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា សីលធម៌សភារបស់សមាជិកព្រឹទ្ធសភា រក្សាការពារសណ្តាប់ធ្នាប់ក្នុងព្រឹទ្ធសភា។ ប្រធានព្រឹទ្ធសភា ក៏មានភារកិច្ចជាតំណាងព្រឹទ្ធសភា ក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា ឬអាជ្ញាធរសាធារណៈ ទាក់ទងជាមួយប្រធានរដ្ឋសភា ដើម្បីរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ស្របតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា។ ប្រធានព្រឹទ្ធសភា មានភារកិច្ចចេញសេចក្ដីសម្រេចចាត់តាំងសមាជិកក្រុមសមាជិកព្រឹទ្ធសភាឱ្យទទួលបន្ទុកកិច្ចការងារផ្សេងៗ ក្រោយពីទទួលបានការឯកភាពពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម