ព័ត៌មានអន្ដរជាតិ
សន្ទនាគ្នាតាមទូរស័ព្ទជាង១ម៉ោង តើលោក បៃដិន និងលោក ស៊ី ពិភាក្សាបញ្ហារសើបអ្វីខ្លះ?
ជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣, លោកប្រធានាធិបតី ចូ បៃដិន បានជជែករយៈពេល១ម៉ោងនិង៤៥នាទីជាមួយប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃអង្គារទី២ខែមេសា ដើម្បីបង្ហាញក្តីកង្វល់របស់សហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្មរវាងចិនជាមួយរុស្ស៊ី ព្រមទាំងបញ្ហារសើបលើពិភពលោកដទៃទៀតដូចជាការវាយប្រហារតាមអ៊ីនធឺណិត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងចរាចរណ៍គ្រឿងញៀនខុសច្បាប់។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក ប្រាប់ទៅ CNN ថា កិច្ចពិភាក្សារវាងលោកបៃដិន និងលោកស៊ី នាពេលនេះ គឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំទាំងពីរដើម្បីលើកឡើងនូវបញ្ហាលំបាកៗមួយចំនួន ហើយដើម្បីព្យាយាមធានាថា ប្រទេសទាំងពីរកំពុងមានការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ។
តាមការបញ្ជាក់ពីសេតវិមាន ប្រធានបទរសើបបំផុតដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានោះ គឺពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ព្រោះថា អាមេរិក កំពុងមានក្តីកង្វល់ខ្លាំងបំផុតចំពោះសេចក្តីរាយការណ៍ថា ចិន កំពុងជួយរុស្ស៊ី ស្តារមូលដ្ឋានឧស្សាហកម្មការពារជាតិឡើងវិញ ចំពេលសង្គ្រាមនៅអ៊ុយក្រែន គ្មានឃើញសញ្ញាថមថយសោះ។
ទាក់ទងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ឬកិច្ចខិតខំប្រឹងប្រែងជ្រៀតជ្រែកការបោះឆ្នោតដោយរដ្ឋាភិបាលចិន ឬអ្នកពាក់ព័ន្ធ, ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិអាមេរិក លោក John Kirby ប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ច្បាស់ៗអំពីក្តីព្រួយបារម្ភរបស់ខ្លួនចំពោះសន្តិសុខការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់តួអង្គបរទេសមួយចំនួន រួមទាំងប្រភពចេញពីប្រទេសចិន ដើម្បីដាក់ឥទ្ធិពលលើការបោះឆ្នោតឆ្នាំ២០២៤ផងដែរ។
ការនិយាយទូរស័ព្ទលើកនេះ ក៏ជាឱកាសមួយសម្រាប់លោក បៃដិន ដើម្បីបញ្ជាក់ឡើងវិញនូវគោលនយោបាយ “ចិនតែមួយ” ដ៏យូរលង់ដែលទទួលស្គាល់ទីក្រុងប៉េកាំងថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន និងដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏បង្ហាញក្តីបារម្ភ ចំពោះទង្វើបង្កអស្ថិរភាពរបស់ចិននៅសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពថ្មីៗរបស់នាវាឆ្មាំឆ្នេរសមុទ្រចិនដែលបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការដែនសមុទ្រហ្វីលីពីនជាប្រចាំ ទៀតផង។
ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា ក្នុងអំឡុងការផ្លាស់ប្តូរទស្សនៈ ដោយភាពស្មោះត្រង់និងស៊ីជម្រៅនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមដំបូងដែលមិនអាចឆ្លងកាត់បានឡើយ នៅក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។
លោក ស៊ី បង្ហាញជំហរថា “យើងនឹងមិនអនុញ្ញាតឲ្យសកម្មភាពបំបែកខ្លួន ក៏ដូចជាការបង្រួបបង្រួមនិងការគាំទ្រកងកម្លាំងឯករាជ្យតៃវ៉ាន់ មកពីខាងក្រៅ កើតឡើងបានជាដាច់ខាត។ យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុវត្តសេចក្តីថ្លែងការណ៍វិជ្ជមានរបស់លោកប្រធានាធិបតីបៃដិន ដែលមិនគាំទ្រដល់ឯករាជ្យភាពកោះតៃវ៉ាន់។
សូមបញ្ជាក់ថា ក្រៅពីប្រធានបទខាងលើ មេដឹកនាំទាំងពីរ ថែមទាំងពិនិត្យនិងលើកទឹកចិត្តដល់វឌ្ឍនភាពលើបញ្ហាសំខាន់ៗ ដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ទំនាក់ទំនងរវាងយោធានិងយោធា ហានិភ័យទាក់ទងនឹងបញ្ញាសិប្បនិម្មិត និងបញ្ហាអាកាសធាតុ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា