ព័ត៌មានជាតិ
កូនខ្មែរនឹងមានសមត្ថភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ មិនចាំពឹងក្រុមហ៊ុនបរទេស
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា តេជោសែនសាធារណការ និងដឹកជញ្ជូនអាចផ្តល់ការបណ្តុះបណ្តាលកូនខ្មែរឱ្យមានសមត្ថភាពអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងក្រុមហ៊ុនបរទេស។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងាររបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សាថ្នាក់ទី១២ មកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងសាធារណជនសរុបទាំងអស់ប្រមាណ ៤៥០នាក់ ដោយបានធ្វើការអង្គុយរក្សាគំលាត និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
កម្មវិធីនេះរៀបចំឡើង នៅទីស្តីការក្រសួង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ក៏ដូចជាបង្ហាញ ឱ្យបានដឹងអំពីមុខជំនាញ និងកម្មវិធីសិក្សារបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្តល់ជូនសម្រាប់ឆ្នាំសិក្សាថ្មីរបស់ខ្លួន និងឱកាសការងារផ្សេងៗនៅក្នុងក្រសួង បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចផ្តល់ការបណ្តុះបណ្តាលកូនខ្មែរឱ្យមានសមត្ថភាពអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនសាងសង់របស់បរទេស។
លោកទេសរដ្ឋមន្ត្រីបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជំរុញសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះឱ្យបានចុះទៅតាមការដ្ឋានសាងសង់នានាដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែង និងជួយរកការងារធ្វើនៅក្នុងវិស័យនេះដោយហេតុថាក្រសួងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលទាមទារសមត្ថភាព និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់យ៉ាងពិតប្រាកដ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ថា ត្រូវចេះគ្រប់គ្រងជោគវាសនារបស់ខ្លួនដោយខ្លួនឯង កុំឱ្យអ្នកដទៃគេមកគ្រប់គ្រងជំនួសខ្លួន ត្រូវកំណត់គោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យមានកម្រិតវិជ្ជាជីវៈប្រកបដោយសក្កានុពល ដែលអាចចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់យើងឱ្យកាន់តែមាន ការរីកចម្រើនថែមទៀត។
ដើម្បីប្រែក្លាយជាវិទ្យាស្ថានមួយដែលមានស្តង់ដា និងសមត្ថភាពខ្ពស់ ក្នុងការផ្តល់ជំនាញឯកទេស ប្រកបដោយគុណភាព វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង ជំនាញឯកទេស និងធនធានមនុស្សទៅវិញទៅមកក្នុងគោលដៅរួមគ្នាជំរុញលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងធ្វើការចែក រំលែកចំណេះដឹងប្រកបដោយចីរភាពដល់សិស្សនិស្សិតនិងបញ្ញវន្តខ្មែរ។
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនថ្មីនេះ បានប្រកាសជ្រើសរើស និស្សិតជំនាន់ទី១ ដោយផ្តល់ជាអាហារូបករណ៍ក្នុងតម្លៃសិក្សា ៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ (បញ្ចុះថ្លៃ សិក្សាជូន៥០%សម្រាប់លើកទឹកចិត្តសិស្សនារី) ចំនួន ៥០នាក់ប៉ុណ្ណោះ ដោយត្រូវឆ្លងកាត់ប្រឡងតេស្តសមត្ថភាពជាមុនសិន។ លក្ខខណ្ឌក្នុងការដាក់ពាក្យ គឺបេក្ខជនបេក្ខនារីត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រសមមូល (មានតម្លៃស្មើ)។
ការបង្កើតឱ្យមានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន គឺជាការ បើកទំព័រប្រវត្តិសាស្ត្រ ថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានគិតគូរពីចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការជំរុញការអភិវឌ្ឍធនធាន មនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងសម័យសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថាននេះមានអគារចំនួន ១ខ្នង មានកម្ពស់ ៤ជាន់ បណ្តោយប្រវែង៧៤,៥ម៉ែត្រ និងទទឹងប្រវែង១៧ ម៉ែត្រ ក្រោមជំនួយពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្នុងនោះ ៖ មានបន្ទប់សិក្សាចំនួន ២៤ បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ និងមន្ទីរពិសោធន៍ចំនួន១បន្ទប់ ដែលបានបំពាក់ និងត្រៀមបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសទំនើបៗផងដែរ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ