Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងជ្រើសរើសសាលាបឋមសិក្សា ៥០ នៅទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៤ មេសា នេះ​ថា ក្រសួង​អប់រំ នឹង​ជ្រើសរើស​សាលារៀន​ដែល​មាន​សក្ដានុពល​ប្រមាណ ៥០ នៅ​ទូទាំង​ប្រទេស ដើម្បី​អនុវត្ត​កម្មវិធី​សិក្សា​ពេញ​មួយ​ថ្ងៃ​ជា​បន្ត​ទៀត បន្ទាប់​ពី​បាន​សាកល្បង​អនុវត្ត​ជោគជ័យ​លើ​សាលារៀន ២០ កន្លងមក។

លោកស្រី បាន​បន្ត​ថា កំណែទម្រង់​កម្មវិធីសិក្សា​ពី​ការ​រៀន​ពាក់កណ្ដាល​ថ្ងៃ​ទៅ​ការ​រៀន​ពេញ​មួយថ្ងៃ គឺ​ក្រសួង​បង្កើន​ម៉ោង​សិក្សា​ពី​បួន​ម៉ោង​ទៅ​ប្រាំមួយ​ម៉ោង​ក្នុង​មួយថ្ងៃ ឬ ៤០ ម៉ោង ក្នុង​មួយ​សប្ដាហ៍។ ទោះជា​យ៉ាងណា កាលបរិច្ឆេទ នៃ​ការ​អនុវត្ត​កម្មវិធី​នេះ​ជា​ផ្លូវការ​នៅ​មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ។

លោកស្រី បាន​បន្ត​ទៀត​ថា ការ​សិក្សា​ពេញ​មួយ​ថ្ងៃនេះ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ឆ្លើយតប​នឹង​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង​អប់រំ ដើម្បី​សម្រេច​គោលដៅ​សិស្ស​មាន​ទាំង​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​កាយសម្បទា ហើយ​ការ​អនុវត្ត​កម្មវិធីសិក្សា​ពេញ​មួយថ្ងៃ​នេះ ក្រៅពី​សិស្ស​ចេះ​អាន ចេះ​សរសេរ និង​មាន​ចំណេះដឹង​ផ្នែក​គណិតវិទ្យា​ត្រឹមត្រូវ​ហើយ ពួកគាត់​មាន​ពេល​អនុវត្ត​ក្នុង​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ដូចជា​ការ​រៀន​បំប៉ន​បន្ថែម​មុខវិជ្ជា​ដែល​ពួកគេ​មិនទាន់​ចេះ​ច្បាស់លាស់ និង​ចូលរួម​ក្លិប​សិក្សា ដើម្បី​ស្វ័យ​សិក្សា​ជាមួយ​មិត្តភ័ក្ដិ​ទទួល​បាន​នូវ​ចំណេះដឹង និង​បំណិន​ផ្សេងៗ ដែល​សុទ្ធ​សឹង​ជា​បំណិន និង​តម្រូវការ​នៅ​ក្នុង​សតវត្ស​ទី ២១ មាន​ដូចជា ផ្នែក​បច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា និង​សកម្មភាព​យុវជន​នានា ដែល​អនុញ្ញាត​ឲ្យ​គាត់​អាច​ចាប់ផ្ដើម​រៀន​ការងារ​ជា​ក្រុម​ជាមួយ​មិត្ត​រួម​ថ្នាក់ ក៏ដូចជា​មិត្តភ័ក្ដិ​ដទៃ​ទៀត​ឆ្លង​កម្រិត​ថ្នាក់​ក្នុង​សាលា​របស់​ខ្លួន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន​បន្ថែម​ថា លើស​ពី​នេះ​ទៀត ការ​រៀន​ពេញ​មួយថ្ងៃ​អាច​ឲ្យ​សិស្ស​ចាប់ផ្ដើម​ហ្វឹកហាត់​ពេញ ១ ថ្ងៃ ពី​កម្រិត​បឋមសិក្សា ដែល​ចំណុច​នេះ​អាច​ក្លាយ​ជា​ទម្លាប់​មួយ​ដល់​គាត់​មាន​គំនិត​ស្រលាញ់​ការ​រៀន ស្រលាញ់​សាលារៀន និង​ចូលរួម​អភិវឌ្ឍន៍​សាលា។

លោកស្រី បាន​បញ្ជាក់​ថា ជាង​នេះ​ទៀត ការ​រៀន​ពេញ​មួយ​ថ្ងៃនេះ​មិន​ត្រឹម​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ដល់​លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា មាតាបិតា​សិស្ស និង​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ។ សម្រាប់​មាតាបិតា មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការងារ និង​លែង​ព្រួយបារម្ភ​ពី​កូនៗ របស់​ពួកគាត់។ ចំណែក​គណៈ​គ្រប់គ្រង​សាលា​រៀន ក៏ដូចជា​លោកគ្រូ អ្នកគ្រូ កាន់តែ​ស្គាល់ និង​គាំទ្រ​សិស្ស​ពេញលេញ​ជាង​មុន។

ក្រៅពីនេះ​ពេល​សិស្ស​ក្លាយ​ជា​ពលរដ្ឋ​ពេញលេញ ពេលនោះ​ប្រទេសជាតិ​ក៏​មាន​ប្រជាជន​មាន​សមត្ថភាព មាន​អត្តចរិត​ល្អ មាន​វិន័យ​ឧស្សាហ៍​ព្យាយាម និង​មាន​សុខភាព​ល្អ ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កាន់តែ​រីកចម្រើន។

លោកស្រី បាន​បន្ថែម​ទៀត​ថា ក្រសួង​ជឿជាក់​ថា ការ​សិក្សា​រៀន​ពេញ​មួយថ្ងៃ​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​គុណភាព​សិក្សា​ប្រសើរ​ជាង​មុន​ទេ តែ​ជឿ​ថា សុខភាព​របស់​គាត់​ប្រសើរ​ជាង​មុន​ដែរ ដោយសារតែ​សាលារៀន​ដែល​បាន​សាកល្បង​កន្លង​មក​នេះ សិស្ស​ទទួល​បាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់ អាហារូបត្ថម្ភ​សិស្ស ព្រោះ​សិស្ស​ទទួល​បាន​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់ និង​មានឱកាស​ហាត់​កីឡា និង​ចូលរួម​សកម្មភាព​ផ្សេងៗ ផង​ដែរ។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​សិក្សា ២០២២-២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា ២០២៣-២០២៤ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ទី ២ មេសា លោក​បណ្ឌិត​សភាចា​រ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា ក្រសួង កំពុង​ពិចារណា​បង្កើន​ម៉ោង​សិក្សា​ជាមួយ​បណ្ដើរៗ ដើម្បី​ឈាន​ទៅ​រក​ការសិក្សា​ពេញមួយ​ថ្ងៃ​កម្រិត​បឋមសិក្សា។ ព្រោះថា ប្រទេស​នៅ​ក្នុង​តំបន់​ទាំងអស់ សុទ្ធតែ​រៀន​ពេញ​មួយថ្ងៃ ដូច្នេះ​ប្រសិនបើ​កម្ពុជា​រៀន​តែ​ពាក់កណ្ដាល​ថ្ងៃ គឺ​កម្ពុជា​មិន​អាច​ប្រណាំងប្រជែង​ជាមួយ​នឹង​គេ​បាន​ទេ ប៉ុន្តែ​មុននឹង​ដាក់ចេញ​កម្មវិធី​សិក្សា​ពេញ​មួយថ្ងៃ ក្រសួង ត្រូវតែ​មាន​យុទ្ធសាស្ត្រ​សមស្រប​ក្នុង​គោលដៅ​ដាក់​អនុវត្ត​ជា​បណ្ដើរៗ នៃ​ការ​រៀន​ពេញ​មួយថ្ងៃ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្រសួង​អប់រំ នឹង​រៀបចំ​កែទម្រង់​កម្មវិធីសិក្សា​ពី​ការ​រៀន​ពាក់​កណ្ដាល​ថ្ងៃ​ទៅ​ការ​រៀន​ពេញ​មួយថ្ងៃ ប៉ុន្តែ​មុន​អនុវត្ត​ជា​ផ្លូវការ ក្រសួង ត្រូវការ​រៀបចំ​ក្រុម​ធានា​គុណភាព​ផ្ទៃក្នុង រៀបចំ​ក្រុម​បុគ្គលិក​សិក្សា​ស្របតាម​សមត្ថភាព​ជំនាញ និង​រៀបចំ​កម្មវិធីសិក្សា​ផ្ដោត​លើ​វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា។ បន្ថែម​លើស​ពី​នេះ បន្ទប់រៀន​ត្រូវ​រៀបចំ​បំពាក់​បច្ចេកវិទ្យា​ជា​បណ្ដើរៗ និង​ការ​បង្កើន​ការ​បង្រៀន​ភាសាបរទេស​ជាដើម។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ការ​រៀន​ពេញ​មួយថ្ងៃ​មាន​បំណង​ធ្វើ​ឲ្យ​សិស្ស​មាន​ទំនុក​ចិត្ត​ចំពោះ​សាលារៀន​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ដើម្បី​បង្កើត​ឱកាស​សិក្សា​វែងឆ្ងាយ ព្រមទាំង​ការ​បង្ការ​សិស្ស​យក​ពេល​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ ជាប់ឈ្មោះជាបុគ្គលឆ្នើម របស់ទស្សនាវដ្តី Time ប្រចាំឆ្នាំ២០២៤

សុខភាព១៧ នាទីutes មុន

ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

Sokha Hotels

ព័ត៌មានពេញនិយម