Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ៖ កត្តាសន្តិភាពនាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែង ដោយសារមីន

បានផុស

នៅ

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថា​ស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព​លោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីផលវិបាកនៃសង្រ្គាម បញ្ហាប្រឈម សារសំខាន់ និងសមិទ្ធផលសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋា​ភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ ដែលបានធានានូវសុខសុវត្ថិភាព សន្តិសុខ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។

សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយនូវការគំរាមដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកប​ដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ សិស្សនិសិ្សតទាំងអស់ត្រូវបន្តរៀនសូត្រ និងចងចាំឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា ប្រវត្តិសាស្រ្តនៃការឈឺចាប់ដោយសារសង្រ្គាម និងការបែកបាក់សង្គមជាតិខ្មែរ ដើម្បីកសាងនូវប្រវត្តិសាស្រ្តថ្មីមួយ និងការធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុខសុវត្ថិភាព និងរួចចាកផុតពីមរតកនៃសង្រ្គាមទាំងនោះ។ លោកថា យើងត្រូវបន្តចូលរួមជាមួយការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាលុបបំបាត់នូវគ្រោះថ្នាក់ និងទុក្ខវេទនាទាំងឡាយណាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្នេហាជាតិ និងយកឧត្តមប្រយោជន៍ប្រជាជនជាធំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ នឹងអាចរួចចាកផុតពីការគំរាមដោយសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងនោះបានយ៉ាងឆាប់រហ័ស។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ជាមួយនឹងសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តនេះ កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងបង្ហាញទៅកាន់ពិភពលោកអំពីគុណតម្លៃនៃសន្តិភាព និងកម្ពុជាថ្មី តាមរយៈកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ យើងមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមថា ភ្ញៀវមកពីជុំវិញពិភលោក នឹងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ហើយពួកគេនឹងក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជាទៅកាន់សកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម