ព័ត៌មានជាតិ
អភិបាលខេត្ត ថា ការងារគ្រប់គ្រងសន្តិសុខក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ដើមឆ្នាំនេះ
ដើមឆ្នាំ២០២៤នេះ ការងារគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ ដែលក្នុងនោះ បទល្មើសដែលប្រព្រឹត្តដោយជនបរទេសត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ នេះតាមការគូសបញ្ជាក់ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣មក ជាពិសេសក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៤នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ក្នុងនោះ ករណីបទល្មើសប្រព្រឹត្តដោយជនបរទេសដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាព។

បើតាមលោកអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ចំនួន៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង២ពាន់នាក់។ ក្នុងនោះ បណ្ដាញមេក្លោងជាជនបរទេសត្រូវញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀតត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។

ជាអធិបតីក្នុងកិច្ចប្រជុំនេះដែរ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការគាំទ្រពីគណៈកម្មការចំពោះកិច្ច ដែលបានបំពេញតួនាទីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានយ៉ាងល្អ ក្នុងនោះក៏រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និងវាយតម្លៃជាវិជ្ជមាន។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់គណៈកម្មការចំពោះកិច្ច និយាយជារួម និងដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់៕




-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច