ព័ត៌មានជាតិ
ក្រុមមន្ត្រីថ្នាក់ក្រោមប្ដឹងទៅថ្នាក់លើ សុំដកអភិបាលស្រុកឆែប ដោយអះអាងថា គ្មានសមត្ថភាពដឹកនាំ ប្រកាន់បក្ខពួកបង្កជម្លោះផ្ទៃក្នុង និងប្រើប្រាស់ថវិកាមិនត្រឹមត្រូវ
ព្រះវិហារ ៖ យោងតាមឯកសារដែលផ្តល់មកអ្នកសារព័ត៌មានបាននៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះថា មន្ត្រីក្រោមឱវាទជាច្រើននាក់ចាប់ពីថ្នាក់ភូមិឃុំស្រុក បានដាក់ពាក្យប្ដឹងលោកឡង់ សុបិន អភិបាលស្រុកឆែប ទៅសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សុំដកចេញពីមុខតំណែង ដោយអះអាងថា គ្មានសមត្ថភាពដឹកនាំ ប្រកាន់បក្ខពួកបង្កជម្លោះផ្ទៃក្នុង និងប្រើប្រាស់ថវិកាមិនត្រឹមត្រូវ។

នៅក្នុងលិខិតនោះបានឲ្យដឹងថា លោកអភិបាលស្រុករូបនេះ «ដឹកនាំប្រកាន់បក្ខពួក បង្កជម្លោះផ្ទៃក្នុង តែងតែធ្វើទុក្ខបុកម្នេញមន្ត្រីក្រោមឱវាទ គ្មានចំណេះដឹងផ្នែករដ្ឋបាល គ្មានសមត្ថភាពជាអ្នកដឹកនាំ ដោយថែមទាំងសហការជាមួយ(មន្ត្រីចូលនិវត្តន៍)និងក្រុមហ៊ុនចំការអំពៅចិន។ ដើម្បីយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មកជួលឲ្យពលរដ្ឋ ដាំដំឡូងមី ក្នុង១ហិកតាៗជិត១លានរៀល»។ នេះបើយោងតាម លិខិតបណ្ដឹងដោយបើកចំហ.របស់មន្ត្រីក្រោមឱវាទ ដែលបានគោរពជូនថ្នាក់ដឹកនាំ។
នៅក្នុងលិខិតនោះបានអះអាងថា «យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារ សោះឡើយ។ ដោយសារតែលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូបភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល បញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់។
មន្ត្រីក្រោមឱវាទបញ្ជាក់ថា សកម្មភាពរបស់លោក ឡង់ សុបិន កន្លងមកមានដូចជា ពុំមានការប្រាស្រ័យទាក់ទងល្អជាមួយមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុក។ ប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលស្រុកមិនត្រឹមត្រូវ កេងចំណេញ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ(ពិសេសកញ្ចប់លទ្ធកម្ម)។មានអត្តចរិតឆេវឆាវ គ្រប់គ្រងកំហឹងពុំបាន បញ្ចេញសម្តីមិនល្អជាមួយមន្ត្រី និងក្រុមប្រឹក្សា។ សម្ដីគ្មានសុជីវធម៌ សីលធម៌ក្នុងភាពជាអ្នកដឹកនាំ ពុំខ្វល់ខ្វាយពីសាមគ្គីភាពផ្ទៃក្នុង។ មិនមានភក្ដីភាពជាអ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំតាមអារម្មណ៍របស់ខ្លួន។ ធ្វើការអត្តនោម័ត ពុំដែលស្តាប់យោបល់អ្នកណា ពិសេសគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក។ គ្មានចំណេះដឹងផ្នែករដ្ឋបាល ដឹកនាំ គ្រប់គ្រង ពុំសូវនៅអង្គភាពដោយធ្វើការផ្ទេរសិទ្ធិជាញឹកញាប់ តែពេលនៅសាលាស្រុកតែងតែតាមដាន និង ដាក់អវត្តមានមន្ត្រីកំពុងធ្វើការ ដែលពុំទាន់ចុះហត្ថលេខា លើបញ្ជីវត្តមាន។ មិនចេះលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសុខទុក្ខររបស់មន្ត្រីក្រោមឱវាទ ចេះតែចាប់កំហុស រាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំប្រចាំខែ គឺពុំមានរបៀបវារៈត្រឹមត្រូវ ច្បាស់លាស់ក្នុង កិច្ចប្រជុំ ហើយតែងតែស្តីបន្ទោសមន្ត្រី និងបណ្តេញមន្ត្រីចេញពីអង្គប្រជុំជារឿយៗ។ មិនដែលចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក រយៈពេលជាងមួយឆ្នាំ ហើយគេចវេសមិនចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។ ហើយមិនដែលចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលកើត មានឡើងក្នុងស្រុកឡើយ។ បង្កើតបក្សក្នុងបក្ស បង្កទំនាស់ផ្ទៃក្នុង បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់លើ ថ្នាក់ក្រោម។ បង្កឱ្យមានទំនាស់ដីធ្លីជាញឹកញាប់ក្នុងភូមិសាស្ត្រស្រុកឆែប ហើយមិនចូលរួមដោះស្រាយ។ បង្កើតចលនាដីធ្លី ដោយបានសហការជាមួយលោក ម៉ី សោភា (មន្ត្រីចូលនិវត្តន៍) និងក្រុមហ៊ុនចំការអំពៅចិន។
ដោយយកដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មិនវិនិយោគលើដំណាំ អំពៅ បែរជាជួលដីឲ្យប្រជាពលរដ្ឋដាំដំឡូងមីវិញ(នៅឆ្នាំ២០២៣ ក្នុង១ហិកតាជួលក្នុងតម្លៃ ៤៥០,០០០៛ ទៅ៦០០,០០០៛ក្នុង១ហិចតា។ លុះដល់ឆ្នាំ២០២៤លោក ម៉ី សោភា បានបង្កើនថ្លៃជួលដីរហូត ដល់ ៨០០,០០០៛ ទៅ១,០០០,០០០៛ ដើម្បីជួលឲ្យប្រជាជនក្រៅស្រុក)។ ដែលធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងស្រុកឆែប យ៉ាងធ្ងន់ធ្ងរបំផុត។
លោក ម៉ី សោភា ម្ចាស់សហគ្រាសអឹម សេវែន គឺបានរំលោភបំពានលើប្រជាពលរដ្ឋដែលបានជួលដី ហើយទាមទារ លុយពីប្រជាពលរដ្ឋមុនការកំណត់ជាប្រចាំ លើកខ្លួនជាស្ដេចក្រាញ់ប្រចាំតំបន់ ដោយមិនខ្លាចរអាច្បាប់ឡើយ ព្រោះមានការសហការពីអភិបាលស្រុក។ ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានប្តឹងឱ្យកម្លាំងកងរាជអាវុធហត្ថស្រុក ចាប់យកត្រាក់ទ័ររបស់ប្រជាពលរដ្ឋចំនួនមួយគ្រឿង ម៉ាកគូបូតាពណ៌ក្រហមលេខ១០៥០ ដែលកំពុងភ្ជួរដីរើសផលដំឡូងមីក្នុងដីចំការដែលបានជួលពីខាងសហគ្រាសអឹមសេវែន។
ពេលចុះចាប់នោះ មានកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន០៣ នាក់ សន្តិសុខសហគ្រាសអឹមសេវែនចំនួន០៦នាក់ អ្នកបកប្រែចិនចំនួន០១នាក់ ដឹកនាំដោយ លោក ហុង ហាំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ បានចាប់យកត្រាក់ទ័រទៅ រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។ ពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយអន្តរាគមន៍តែលោក ឡង់ សុបិន មិនព្រមចុះហត្ថលេខា លើឯកសារសំណើរបស់ប្រជាពលរដ្ឋ ដោយ គ្មានភាពទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនឡើយ ក្នុងនាមជាថ្នាក់ដឹកនាំស្រុក។
ប្រភពដដែលបន្ថែមទៀតថា កន្លងមក(នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ) ធ្លាប់មានជនអាណាមិកបានបោះត្រាក់នៅមុខសាលាស្រុកឆែប និងនៅមុខសាលាខេត្តព្រះវិហារ រិះគន់ ២០២៣ អំពីអសមត្ថភាពដឹកនាំរបស់លោក ឡង់ សុបិន។
បន្ទាប់មក គណៈចាត់តាំង នៃគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ បានចុះមកសាកសួរក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ថាតើអត្ថន័យក្នុងត្រាក់នោះ ជាការពិតដែររឺទេ? ។ ប៉ុន្តែមកទល់ពេលនេះ យើងខ្ញុំពុំទាន់បានឃើញចំណាត់ការណាមួយចំពោះបុគ្គលនេះនៅឡើយ។
ជាចុងក្រោយមន្ត្រីក្រោមឱវាទ ស្នើសុំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាដក ឬសម្រួលភារកិច្ច លោក ឡង់ សុបិន ចេញពីអភិបាល នៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយក្ដីអនុគ្រោះ។
លោក ឡង់ សុបិនអភិបាលស្រុកឆែប បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះថា ការដឹកនាំរបស់លោក គឺល្អប្រសើរ ក្នុងនោះរូបលោក ក៏មិននឹកស្មានថា មានអ្នកមិនពេញចិត្ត នឹងលោកដែរ។ លោកបន្តថា ខ្ញុំតែងតែធ្វើការណែនាំដល់មន្ត្រីជំនាញ ឬការិយាល័យនានា ឱ្យអនុវត្តតួនាទីភារកិច្ច ល្អដើម្បីបម្រើពលរដ្ឋ។ចំពោះរឿង ជួលដីសប្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការអំពៅចិន លោកបានបដិសេធថា ខ្ញុំមិនពាក់ព័ន្ធនោះទេ។
ទោះជាយ៉ាងនេះក្តីមហាជនកំពុងរង់ចាំមើលថាតើ ថ្នាក់ដឹកនាំនឹងមានចំណាត់ការបែបណាទៅលើបណ្ដឹងរបស់ក្រុមមន្ត្រីដែលបានប្ដឹងលោកអភិបាលស្រុកឆែប នាពេលថ្មីៗនេះ៕
ដោយ ៖ ជុន កុសល





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?