ព័ត៌មានជាតិ
អនុព័ន្ធយោធាមីយ៉ាន់ម៉ា អរគុណកម្ពុជាដែលផ្ដល់ការបណ្ដុះបណ្ដាលដល់និស្សិតរបស់ខ្លួននៅសាកលវិទ្យាល័យការពារជាតិ
នៅចំពោះមុខអគ្គមេបញ្ជាការកងទ័ពកម្ពុជា, នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា បានអរគុណដល់កម្ពុជាដែលបានផ្ដល់ការបណ្ដុះបណ្ដាលដល់និស្សិតរបស់ខ្លួននៅសាកលវិទ្យាល័យការពារជាតិ។
ការអរគុណនេះ បានធ្វើឡើងក្នុងឱកាសដែលលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចប់អាណត្តិ និងលោកឧត្តមសេនីយ៍ត្រី ទីន អ៊ុងស្វី នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាតែងតាំងថ្មី ចូលជួបជម្រាប លា និងសម្តែងការគួរសម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន បានសម្ដែងការអរគុណដល់លោកអគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា បានចូលជួបជម្រាបលា និងសម្ដែងការគួរសម ព្រមទាំងបានគូសបញ្ជាក់ពីមនោសញ្ចេតនារីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ប្រកបដោយកិត្តិយស ជាប្រទេសដែលមានសាសនា វប្បធម៌ ប្រពៃណី ដូចគ្នា។
ឧត្តមសេនីយ៍ត្រី ថូរ៉ា ហ្គា មីន លើកឡើងថា រយៈពេលបីឆ្នាំនៃការបំពេញបេសកកម្មនៅកម្ពុជា លោកទទួលបានបទពិសោធន៍ជាច្រើនទាំងវិស័យយោធា ក៏ដូចជាវិស័យមួយចំនួនទៀត ហើយលោក បានមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដោយសង្ឃឹមថា ក្នុងពេលអនាគតដ៏ខ្លីកម្ពុជានឹងទទួលបានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
លោកប្រធានការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា ដែលចប់អាណត្តិ ក៏បានអរគុណដល់កងទ័ពកម្ពុជាដែលបានផ្ដល់ចំណេះដឹងដល់និស្សិតមីយ៉ាន់ម៉ាលើផ្នែកភាសា នៅសាកលវិទ្យាល័យការពារជាតិ ហើយបច្ចុប្បន្នមាននិស្សិតមីយ៉ាន់ម៉ា ចំនួន១១រូបទៀតកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនេះ លោក ក៏បានអរគុណដល់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានសហការ និងបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា ហើយសង្ឃឹមថា ក្នុងអាណត្តិរបស់អនុព័ន្ធយោធាថ្មី នឹងបន្តរួមសហការឲ្យកាន់តែជិតស្និតថែមទៀត។
ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះការជម្រាបលា និងសម្ដែងការគួរសមរបស់អនុព័ន្ធយោធាមីយ៉ាន់ម៉ា និងបានបញ្ជាក់ពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសសន្តិភាព ដែលកម្ពុជាមានក្នុង រយៈពេលជាង២០ឆ្នាំមកនេះ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ លើកឡើងពីទំនាក់ទំនងការទូតរវាង កម្ពុជា-មីយ៉ាន់ម៉ា ក្នុងរយៈពេល៦៩ឆ្នាំមកនេះ និងការរក្សាជំហរនៅតែបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ដូចកាលពីមុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។ លើកិច្ចសហប្រតិបត្តិការវិស័យយោធា ត្រូវបានលោកអគ្គមេបញ្ជាការ បញ្ជាក់ជាថ្មីថា នឹងបន្តខិតខំចូលរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស៕
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ