វប្បធម៌ ជំនឿ
ចូលឆ្នាំរោង ៤ថ្ងៃ មានទំនាយអ្វីគួរឱ្យចាប់អារម្មណ៍ គួរឱ្យប្រយ័ត្នប្រុងប្រៀបទុកខ្លះ?
ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ តាមក្បួនបុរាណ មានការទស្សន៍ទាយទុកជាមុន នូវហេតុការណ៍ដែលអាចកើតឡើង ដើម្បីប្រុងប្រយ័ត្នទុកជាមុនផងដែរ។ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការទស្សន៍ទាយរបស់លោក គឺធ្វើតាមក្បួនមហាសង្ក្រាន្តដែលទស្សន៍ទាយជម្ពូទ្វីប គឺពិភពលោក ពោលមិនមែនសំដៅតែលើកម្ពុជាទេ។
ចំពោះ ថ្ងៃមហាសង្ក្រាន្ត ចូលឆ្នាំ ប៉ះចំថ្ងៃសៅរ៍ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយតាមក្បួនថា ឆ្នាំនេះនឹងបណ្តាលហេតុ ឱ្យមានអន្តរាយកើតឡើងនៅកណ្តាលទីក្រុង កណ្តាលប្រទេស ពុំនោះសោត នឹងមានភ្លើង សាហាវ ចោរព្រៃចិត្តកាច និងមានជំងឺតម្កាត់ធ្ងន់ធ្ងរជាទីបំផុត។ ដែនដីនឹងស្ងួតហួតហែង មនុស្សទាំងឡាយនឹងឈឺថ្កាត់ស្លាប់ ទឹកនឹងមិនប្រណី ក្រពើនឹងខាំស៊ីមនុស្សគ្រប់តំបន់ មនុស្ស ទាំងឡាយនឹងកើតទុក្ខក្តៅក្រហាយចិត្ត នឹងកើតចោរខ្មួយមនុស្សអាក្រក់។ នឹងកើតកលិយុគ ព្រោះអ្នកធំ។ សត្វព្រៃនឹងស្លាបជាច្រើនអនេក។ ភ្លៀងមាននៅដើមឆ្នាំកណ្តាល និងចុងឆ្នាំមាន ភ្លៀងតិច។ សត្វស្វាខ្មៅ ស្វាត្រាស នឹងឈឺស្លាប់ច្រើន។ មនុស្សនឹងកើតពិសដំបៅដ៏កាចសាហាវ ក្នុងដែនដី។ រន្ទះនឹងមានច្រើន កណ្តុរនឹងកាត់ស្រូវ។ ការកើតទុក្ខគួរឱ្យខ្លាចរហូតដល់ចុងឆ្នាំ។
ចំណែក ថ្ងៃវ័នបត ត្រូវនឹងថ្ងៃអាទិត្យ និងថ្ងៃចន្ទ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយថា ឆ្នាំនោះធ្វើស្រែមិនសូវ បានផល ព្រោះគ្មានភ្លៀងដើមស្រូវ នឹងងាប់ខ្ទេចខ្ទី នឹងបានឮភាសាផ្សេង (បរទេសចូលស្រុក) ព្រះមហាក្សត្រនឹងក្តៅក្រហាយចិត្ត។ អំបិលឡើងថ្ងៃ ជំទាវខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្ត ក្នុងស្រុករមែងមានជំងឺតម្កាត់ច្រើន។
រីឯ ថ្ងៃឡើងស័ក ចំថ្ងៃអង្គារ ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងទំនាយថា ឆ្នាំនេះអាមាត្យនាហ្មឺន សព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំជាសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវបច្ចាមិត្រ ក្នុងគ្រប់ទិសទី ក៏នឹងមានជ័យជំនះគ្រប់វេលា ភ្លៀងឱ្យដោយអន្លើ នឹងមានកើតកលិយុគ នៅក្នុងព្រះនគរ។
ទំនាយខាងលើគឺទស្សន៍ទាយតាមក្បួន ទោះយ៉ាងណា ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានផ្ដាំថា សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ