ព័ត៌មានជាតិ
ក្រសួងការងារ អំពាវនាវ កម្មករ-និយោជិត និងពលរដ្ឋ ប្រុងប្រយ័ត្នពិនិត្យបណ្ដាញអគ្គិសនី ភ្លើងចង្ក្រានធូបទៀន មុនចេញពីលំនៅឋាន អំឡុងចូលឆ្នាំថ្មី
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់ កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យបណ្ដាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឲ្យបានល្អ មុនពេលចាកចេញពីលំនៅឋាន ទៅដើរកម្សាន្ត ត្រឡប់ទៅស្រុកកំណើត ឬ បិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួន អំឡុងពិធីបុណ្យចូលឆ្នាំថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/IMG_0841-1536x1024-1-1-1024x683.jpg)
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈ «សេចក្ដីអំពាវនាវ និងជូនព័ត៌មានដល់បងប្អូន កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី» របស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរឲ្យដឹងថា ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានខិតជិតមកដល់ កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗ តាមទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព។ ជាមួយគ្នានេះ កម្មករ-និយោជិត មួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា នឹងមានភាពមមាញឹកទ្វេដងក្នុងការផ្ដល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សេចក្ដីអំពាវនាវ សរសេរឲ្យដឹងទៀតថា ក្នុងន័យនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ កម្មករ-និយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬ ទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់ កម្មករ-និយោជិត អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬ ខ្វះខាតដោយប្រការណាមួយ ក្នុងអំឡុងពេលនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/6154326bd1a18-1.jpg)
សេចក្ដីអំពាវនាវ ដដែល សរសេរបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់ កម្មករ-និយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។
ទន្ទឹមនេះ ក្នុងនាម កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនបំពេញភារកិច្ចរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់ កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមានពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/04/434831212_863620962234819_1714735638885604377_n-724x1024.jpg)
ជាមួយនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់ កម្មករ-និយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យ បណ្ដាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឲ្យបានល្អ មុនពេលចាកចេញពីលំនៅឋាន ទៅដើរកម្សាន្ត ឬ ត្រឡប់ទៅស្រុកកំណើត ឬ បិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួន។ បន្ថែមនោះ ក្រសួង បានជូនពរប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរទៅគ្រប់ទីកន្លែងប្រកបដោយសុខ សុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរណ៍ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក៕
អត្ថបទ ៖ ពិសី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?