KPT+
មកដឹងអត្ថន័យខ្លះៗ ទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរ
ល្បែងប្រជាប្រិយខ្មែរ ថ្វីបើមិនមានការបញ្ជាក់ច្បាស់លាស់ ពីកាលវេលានៃការបង្កើតល្បែងទាំងនេះឡើងក៏ពិតមែន តែក្នុងឆ្នាំ១៩៦៤ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានប្រមូល និងចងក្រង ល្បែងដែលខ្មែរធ្លាប់លេងបានមួយចំនួនតូច ដែលក្នុងនោះរួមមាន ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល ជាដើម-ល-។
នៅរៀងរាល់រដូវកាលខិតជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងភូមិស្រុកខ្លះ កំលោះក្រមុំ ក្មេងចាស់ ប្រុសស្រី តែងមូលមីជួបជុំគ្នា លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ រហូតចូលដល់ថ្ងៃពិធីបុណ្យចូលឆ្នាំតែម្តង ប៉ុន្តែមិនសូវជាអ្នកបានដឹង ពីប្រវត្តិ ឬអត្ថន័យទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរទាំងនេះនោះទេ។
១. ស្វាដណ្តើមស្លឹកឈើ
ចំពោះការលេង គឺគេរើសបុរស និងនារីមួយគូរ ឬច្រើនគូរ ឱ្យចូលលេង ដោយមានអាជ្ញាកណ្ដាលម្នាក់ជាអ្នករាប់ ដោយដាក់ស្លឹកឈើនៅចំកណ្តាលហើយរាប់ដល់៣ បើអ្នកណារត់មកដណ្តើមស្លឹកឈើបានមុនចាត់ទុកថាជាអ្នកឈ្នះ ចំណែកអ្នកដែលចាញ់ត្រូវទទួលពិន័យដោយអាយច្រៀងឬរាំជាដើម។ ល្បែងស្វាដណ្ដើមស្លឹកឈើ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនមនុស្ស ឱ្យមានភាពវាងវៃ ស្វាហាប់ និងរហ័សរហួន។
២. ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងកម្សាន្តមួយផ្សេងទៀត ដែលគេនិយមលេងនៅក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ មិនសូវជាខុសគ្នាពីការលេងបោះអង្គញ់ទេ គេចែកគ្នាជា ២ក្រុម (ស្រី ១ក្រុម ប្រុស ១ក្រុម) ដោយឈរជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ហើយយកក្រម៉ា ឬកន្សែង មកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិច ហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា ។
៣. ល្បែងលាក់កន្សែង
នេះជាល្បែងប្រជាប្រិយខ្មែរ ដែលគេនិយមលេងនារដូវចូលឆ្នាំខ្មែរ ដោយការលេង គឺមានគ្នាចាប់ពី ៦-៧នាក់ ឡើងទៅ ដោយតម្រូវឲ្យអ្នកលេង អង្គុយចោងហោងជារង្វង់ ហើយមានគ្នាម្នាក់ដើរជុំវិញ យកកន្សែង ឬក្រមាដែររុំតឹងណែន ដើរពីក្រោយខ្នងអ្នកអង្គុយ បញ្ឋោទអ្នកអង្គុយមិនឲ្យដឹងខ្លួនឡើយថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។
ទាក់ទងនឹងប្រវត្តិ គឺមិនទាន់មានឯកសារណាមួយបង្ហាញច្បាស់លាស់ពីប្រភពនៃល្បែងកម្សាន្តមួយនេះឡើយ តែចំពោះអត្ថន័យវិញ ល្បែងប្រជាប្រិយមួយនេះ គឺបង្រៀនយើងឲ្យមានស្មារតីរឹងប៉ឹង និងរហ័សរហួន ពិសេសធ្វើឱ្យមានទម្លាប់ប្រុងស្មារតីជានិច្ច។
៤. ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង គេមិននិយមលេងតែក្នុងរដូវចូលឆ្នាំនោះទេ ឲ្យតែមានការជួបជុំ បើរកនឹកល្បែងប្រជាប្រិយខ្មែរ មកកម្សាន្ត គេច្រើនរើសយកល្បែងមួយប្រភេទនេះមកកម្សាន្ត។ ចំពោះអត្ថន័យនៃការលេងចាប់កូនខ្លែងនេះ គឺអាចបង្រៀនមនុស្សឲ្យប្រុងប្រយ័ត្នក្នុងការការពារខ្លួន និងក្រុមគ្រួសារ រីឯប្រវត្តិយ៉ាងណានោះ គឺមិនទាន់មាន ការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ចំពោះការលេងល្បែងចាប់កូនខ្លែង គឺគេចាត់មនុស្សម្នាក់ដែលមានមាឌធំ ឲ្យធ្វើជាមេហ្វូង ហៅថា «មេមាន់» ហើយអ្នកផ្សេងទៀតធ្វើជាកូនមាន់ និងជ្រើសរើសមនុស្សម្នាក់ទៀត ធ្វើជាខ្លែង ចាំចាប់កូនមាន់។
៥. ល្បែងស្តេចចង់
ល្បែងស្ដេចចង់ គឺជាល្បែងប្រពៃណីខ្មែរ ដែលក្មេងប្រុសស្រីក្នុងវ័យជំទង់ៗ ច្រើននាំគ្នាលេងកម្សាន្ត ដោយម្ខាងប្រុស រីឯម្ខាងទៀតស្រី និងមិនកំណត់ចំនួនឡើយ ហើយគេជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើតំណាងជា «ស្ដេច» ដែលអង្គុយ ចំកណ្ដាល។ ចំពោះរឿងរ៉ាវសាវតារល្បែងស្ដេចចង់នេះ មានសេចក្ដីដំណាលថា សម័យថ្ងៃមួយ ព្រះបាទឥន្រ្ទបត្ដបុរី ក្នុងឱកាសព្រះរាជពិធីមួយ ដែលមានក្រុមញាត្ដិវង្ស និងមហាមន្ដ្រីជាច្រើន ព្រះរាជា ទ្រង់ក៏បានប្រឌិតល្បែងនេះទ្បើង ដើម្បីជាការកម្សាន្តសប្បាយ ហើយក៏ត្រូវបានប្រជារាស្ត្រ លេងត្រាប់តាម រហូតមកដល់សព្វថ្ងៃនេះ។
ចំពោះអត្ថន័យនៃល្បែងនេះ លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានបញ្ជាក់ថា គឺបង្កប់នូវការអប់រំ ឲ្យយើងចេះជ្រើសរើសមេដឹកនំារបស់ខ្លួនឲ្យបានត្រឹមត្រូវ បង្ហាត់ចិត្ដមនុស្សឲ្យចេះប្រកាន់នូវពាក្យ «សច្ចៈ យុត្ដិធម៌ និងត្រឹមត្រូវ»។
៦. ល្បែងទាញព្រ័ត្រ
ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាព ដែលគេលេងជាទូទៅទាំងសាកលលោក ហើយមានទំនាក់ទំនង នឹងវប្បធម៌ប្រពៃណីខ្មែរ ដែលមានចម្លាក់ជាតឹកតាងស្រាប់ ទាក់ទងនឹងរឿងកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹត នៅលើប្រាង្គប្រាសាទបុរាណនានា។
លោក ញាណ ភឿន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជារដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា តាមរយៈកម្ពុជាថ្មី បានឱ្យដឹងថា ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងចង់បង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿង កូរសមុទ្រទឹកដោះយ៉ាងដូច្នេះដែរ ព្រោះថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ គឺត្រូវរួមកម្លាំងគ្នា។ ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលជា បេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
៧. ល្បែងបោះអង្គញ់
បើតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ល្បែងបោះអង្គញ់ គឺជាល្បែងប្រជាប្រិយខ្មែរមួយ ដែលគេយកឈ្មោះតាម ផ្លែអង្គញ់ក្រៀមស្ងួត ដែលគេយកមកលេង ហើយគេលេងបានទាំងក្មេង-ចាស់ ប្រុស-ស្រី ។ បើនិយាយពីរបៀបលេង គេចែកមនុស្សជាពីរក្រុមស្មើគ្នា ចាប់ពី ២នាក់ឡើងទៅ ហើយតម្រូវឱ្យដាំកោយ ៣-៥ និងចែកវេណគ្នាបោះម្ខាងៗទាល់តែដួលអង្គញ់អស់។ ចំពោះអត្ថន័យនៃល្បែងប្រជាប្រិយខ្មែរមួយនេះ គឺចង់បង្រៀនមនុស្សឱ្យចេះផ្ចង់សារតី ក្នុងការសម្រេចអ្វីមួយ ដោយមានការសាមគ្គីគ្នា។
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម