Connect with us

កីឡា

ទស្សនៈស្មេរ៖ ហេតុអ្វីគុនខ្មែរឥឡូវ​សំបូរ​ខ្សែក្រវាត់​ច្រើន?

បានផុស

នៅ

បច្ចុប្បន្ន កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ដែល​មាន​សមត្ថភាព​​ខ្ពស់​គឺ​​អាច​​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន​​ក្នុង​អាជីព​។ រហូត​ដល់​ពេល​នេះ អត្តពលិក​ខ្លះ​​មាន​ខ្សែ​ក្រវាត់​ចាប់​ពី​៥​​ខ្សែ​​ឡើង​ទៅ​រហូត​ដល់​ជាង​១០​​ខ្សែ​ក៏​មាន​។

កីឡាករ​ជួរ​មុខ​​ដែល​មាន​ខ្សែ​ក្រវាត់​ច្រើន​​ខ្សែ​មាន​ដូច​ជា ធឿន ធារ៉ា, ព្រុំ សំណាង, រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ឃីម បូរ៉ា, ឃីម ឌីម៉ា, លន បញ្ញា, ឡៅ ចន្ទ្រា, ឡៅ ចិត្រា, រិន ដេវីត, ម៉ឺន មេឃា, យ៉េន ឌីណា, មឿន សុខហ៊ុច ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​​អ្នក​​ខ្លះ​បាន​​​​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​កីឡា​ប្រដាល់​គុន​ខ្មែរ​ឥឡូវ​សំបូរ​​ខ្សែ​ក្រវាត់​ច្រើន​ម្ល៉េះ? តើ​ការដាក់​ឲ្យ​មាន​ខ្សែ​ក្រវាត់​​ច្រើន​បែប​នេះ​ជា​រឿង​ល្អ ឬ​មិន​ល្អ​នៅ​ក្នុង​​ពិភព​ប្រដាល់​គុន​ខ្មែរ?

ក្នុង​នាម​ជា​ទស្សនៈ​ស្មេរ​សូម​លើក​យក​ហេតុ​​ផល​មួយ​ចំនួន​បង្ហាញ​ជូន​បង​ប្អូន​នៅ​ទី​​នេះ​ដើម្បី​ជា​គំនិត​ពិចារណា​។

  • សំបូរ​ម្ចាស់​ឧបត្ថម្ភ​ជា​ផលិត​ផល​ក្នុង​ស្រុក

សព្វ​ថ្ងៃ​ ប្រទេស​កម្ពុជា​មាន​ផលិតផល​​ក្នុង​ស្រុក និង​អ្នក​មាន​ទ្រព្យ​ធន​​​ច្រើន​​បាន​ផ្តោត​លើ​កីឡា​គុន​ខ្មែរ​។ ផលិត​ផល​ក្នុង​ស្រុក​ហ៊ាន​ចំណាយ​​ច្រើន​ជាង​​​ម្ចាស់​ផលិត​ផល​មក​ពី​ក្រៅ​ប្រទេស។

កាល​ពី​ជាង​១០​ឆ្នាំ​មុន ផលិតផល​​ភាគ​ច្រើន​មក​ពី​ក្រៅ​ប្រទេស ដូច្នេះ​ម្ចាស់​​ឧបត្ថម្ភ​គាំទ្រ​ទាំង​នោះ​មាន​កញ្ចប់​ថវិកា​កំណត់ និង​ផ្តោត​លើ​ការ​ធ្វើ​​អាជីវកម្ម​ច្រើន​ជាង​​​លើ​ការ​ជំរុញ​ផ្សព្វផ្សាយ​គុន​ខ្មែរ។ នៅ​ពេល​​ម្ចាស់​ផលិត​ផល​ក្នុង​ស្រុក​មាន​ម្ចាស់​​ជា​ជន​ជាតិ​ខ្មែរ ពួក​គាត់​​ធ្វើ​អាជីវកម្ម​​​​ជាមួយ​ថ្នត់​គំនិត​រួម​ចំណែក​ផ្សព្វផ្សាយ​​ និង​អភិវឌ្ឍ​គុន​ខ្មែរ ដូច្នេះ​ពួក​គាត់​ហ៊ាន​ចំណាយ​ថវិកា​កាន់​តែ​ច្រើន​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ​​ក្នុង​នោះ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាន់​តែ​ច្រើន។ ផលិតផល​ក្នុង​ស្រុក​កាន់​តែ​ច្រើន មាន​ការ​ប្រកួត​ប្រជែង​ច្រើន​គឺ​ជា​អំណោយ​ផល​ដល់​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ។

  • ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ច្រើន មាន​ប្រាក់​រង្វាន់​ច្រើន​

ពី​មុន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ភាគច្រើន​ត្រូវ​ចំណាយ​ពេល​​ចាប់​ពី​៣​ខែ​ឡើង​ទៅ​ទើប​ចប់។ ប្រាក់​រង្វាន់​​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់​​អាច​មាន​ចន្លោះ​ពី​​១០​ ទៅ​​២០​លាន​រៀល​ ឬ​មានរង្វាន់​​​ម៉ូតូ​១​គ្រឿង។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មាន​សង្វៀន​ខ្លះ​មាន​ប្រាក់​រហូត​ដល់​​៤០​លាន​រៀល (១​ម៉ឺន​ដុល្លារ)​​ ប៉ុន្តែ​មាន​មិន​ច្រើន​ទេ។

ថ្មី​ៗ​នេះ​ ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មិន​ចាំ​បាច់​ចំណាយ​ពេល​ដល់​ទៅ​៣​ខែ​ឡើយ​​​ពោល​គឺ​ចំណាយ​ពេល​​ត្រឹម​តែ​១​ប្រកួត ឬ​២​ប្រកួត​ក្នុង​មួយ​រាត្រី​ក៏​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​មាន​​​ប្រាក់​រង្វាន់​​១០​​ទៅ​២០លាន​រៀល ហើយ​ក៏​មាន​រហូត​ដល់​៤០​លាន​រៀល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មាន​រង្វាន់​រថយន្ត​​ថែម​ទៀត​ដែល​ពិត​ជា​ពិសេស​ជាង​​​មុន​មាន​រង្វាន់​ម៉ូតូ។ ប្រសិន​បើ​មាន​តែ​ខ្សែ​ក្រវាត់​ច្រើន ប៉ុន្តែ​គ្មាន​ប្រាក់​រង្វាន់​​​ទើប​ជា​បញ្ហា។

ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ច្រើន និង​មាន​ប្រាក់​រង្វាន់​ច្រើន​ជាង​រឿង​ល្អ​ហើយ ប៉ុន្តែ​ប្រសិនបើ​ម្ចាស់​ឧបត្ថម្ភ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​​ការពារ​ខ្សែ​ក្រវាត់ដោយ​មាន​កីឡាករ​​ផ្សេង​​ដណ្តើម​គឺ​រឹត​តែ​ល្អ ពី​ព្រោះ​ខ្សែ​ក្រវាត់​កាន់​តែ​មាន​តម្លៃ។ កន្លង​មក សាមី​ខ្លួន​កីឡាករ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ធ្លាប់​បាន​និយាយ​ហើយ​ថា មិន​ចង់​ទុក​ខ្សែ​ក្រវាត់​ឲ្យ​ដុះ​ផ្សិត​នោះ​ទេ​គឺ​ចង់​ឲ្យ​មាន​ការ​រៀបចំ​ប្រកួត​ដណ្តើម​​គ្នា​ជា​បន្ត​បន្ទាប់​ទៀត។

  • គុណភាព​

ថ្វី​បើ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​រយៈ​ពេល​មួយ​ខ្លី ហើយ​កីឡាករ​​ទទួល​បាន​ខ្សែ​ក្រវាត់​លឿន​ ប៉ុន្តែ​​ពួក​គាត់​មាន​សមត្ថភាព​មិន​ចាញ់​ពី​សម័យ​មុន​​ទេ។ ជូន​កាល​ពួក​គាត់​អាច​មាន​សមត្ថភាព​ខ្លាំង​ជាងមុន​ក៏មាន​ ពី​ព្រោះ​បច្ចុប្បន្ន​កីឡាករ​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន សំបូរ​ប្រាក់​ឧបត្ថម្ភ​ដោយ​មិន​សូវ​ខ្វល់​ខ្វាយរឿង​ជីវភាពគ្រួសារ ដូច្នេះ​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ហ្វឹក​ហាត់​កាន់​តែ​ខ្លាំង។

បើ​ពិនិត្យ​មើល​ឲ្យ​ដិត​ដល់​ពី​ការ​​ជ្រើស​រើស​កីឡាករ​បរទេស​មក​ប្រកួត​នៅ​កម្ពុជា​ក៏​កាន់​តែ​ល្អ​ជាង​មុន។ កាល​ពី​មុន​ការ​ចាប់​គូស្ទើរ​​តែ​៧០​ទៅ​៨០​%​គឺកីឡាករ​បរទេស​ចេញ​ពី​ប្រទេស​ថៃ ជា​ពិសេស​កីឡាករ​ថៃ​តែ​ម្តង​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា។ ឥឡូវ​នេះ​​ មាន​កីឡាករ​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​​ច្រើន​គឺ​នៅ​តំបន់​អាស៊ាន អាស៊ី និង​អឺរ៉ុប​។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ក៏​មាន​កីឡាករ​កម្ពុជា​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស និង​ទទួល​បាន​ខ្សែ​ក្រវាត់មក​ស្រុក​កំណើត​វិញ។ ជាក់​ស្តែង ធឿន ធារ៉ា, ព្រុំ សំណាង និង មឿន សុខហ៊ុច ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​ថៃ។ រិន ដេវីត ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​ម៉ាឡេស៊ី។ ឈឿង ល្វៃ ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ទី​ក្រុង​ហុងកុង។ អេ អាំម៉ារីន និង​ ម៉ឺន មេឃា ឈ្នះ​ខ្សែ​ក្រវាត់​នៅ​អូស្ត្រាលី ហើយ​មាន​​កីឡាករ​ជា​ច្រើន​បានឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេស​បារាំង។ សមិទ្ធផល​ទាំង​នេះ​ក៏​អាច​បញ្ជាក់​បាន​ពី​សមត្ថភាព​របស់​កីឡាករ​បច្ចុប្បន្ន​ដែរ។

សរុប​សេចក្តី​ទៅ ប្រសិន​បើ​មាន​ម្ចាស់​ឧបត្ថម្ភ​​ច្រើន រៀបចំ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាន់​តែ​ច្រើន ហើយ​មាន​ប្រាក់​រង្វាន់​កាន់​តែ​ច្រើន​គឺ​កាន់​តែ​ល្អ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រៀបចំ​ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​​យូរ​ៗ​ម្តង ប៉ុន្តែ​​​ប្រាក់​រង្វាន់​មិន​លើស​​បច្ចុប្បន្ន​គឺ​​ជា​បញ្ហាគួរ​​និយាយ។

ទោះ​បី​ជា​យ៉ាង​ណា ប្រាក់​រង្វាន់​សម្រាប់​​ខ្សែ​ក្រវាត់​បច្ចុប្បន្ន​នេះ​គឺ​​ត្រូវ​ការ​បង្កើន​ថែម​ទៀត ហើយ​កីឡាករ​គុន​ខ្មែរ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្នុង​សង្វៀន​ធំ​ៗ​ឲ្យ​បាន​ច្រើន​ទើប​កាន់​តែ​មាន​គុណភាព។ មធ្យោបាយ​​ដែល​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្នុង​សង្វៀន​ធំ​ៗ​បាន​គឺ​​គ្មាន​អ្វី​ក្រៅពី​ស្វែង​រក​​ដៃ​គូ​សហការ​ និង​អ្នក​ផ្គូផ្គង​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើនដូច​ជា ​សហរដ្ឋ​អាមេរិក អឺរ៉ុប ចិន ជប៉ុន​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម