ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានសរសេរនៅលើទំព័រហ្វេសប៊ុក ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ តាមលោក ប៉ែន បូណា ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក ប៉ែន បូណា បានអះអាងថា ហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង គឺដោយសារតែកត្តា សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង ប៉ុន្តែ ក៏មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បន្ថែមថា កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។
ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូងក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលគេបានដឹងជាមុនថា សម្តេចតេជោនឹងក្លាយជាប្រធានស្ថានប័ននីតិបញ្ញត្តិកំពូលមួយនេះ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រពីអង្គបោះឆ្នោតរហូតដល់ជិត ៩៥% ដែលជាជោគជ័យដ៏ធំធេងមួយទៀត។
ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារទំនុកចិត្តនិងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំក៏ដូចជាចំពោះអនាគតប្រទេសជាតិដ៏ជាទីសង្ឃឹមលើសពីពេលណាៗទាំងអស់។ ចំនួនទេសចរក្នុងស្រុកដ៏ច្រើនលើសលប់នេះក៏ជាសារបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរជននយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល