Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី អ៊ីស្រាអែល បញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ តែ អ៊ីរ៉ង់ ស្ងាត់ច្រៀបមិន​ប្រើថ្នាំខ្លាំងសងសឹកទៅវិញ?

បានផុស

នៅ

អ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី១៩ ខែមេសា បានសម្រេចចិត្តបង្ហោះយន្តហោះគ្មានមនុស្សបើកឆ្មក់ចូលមកក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានបើកប្រមាណ ៣០០ គ្រឿង និងមីស៊ីលរាប់រយគ្រាប់មកលើអ៊ីស្រាអែលកាលពីសប្ដាហ៍មុន ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏នៅស្ងាត់ច្រៀបមិនទាន់បង្ហាញតម្រុយនៃការផ្ដល់ថ្នាំខ្លាំងទៅដល់ទីក្រុងហ្ស៊េរុយសាឡិមនៅឡើយដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក អ៊ីរ៉ង់ធ្លាប់បានលើកឡើងហើយថានឹងមិនទុកឲ្យអ៊ីស្រាអែលដេកលក់ស្រួលនោះទេ បើទោះជាកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយប្រហារក្នុងទ្រង់ទ្រាយណាក៏ដោយ ជាពិសេសលោកប្រធានាធិបតី Ebrahim Raisi អះអាងហើយថា “បើអ៊ីស្រាអែលហ៊ានវាយប្រហារចូលទឹកដីអ៊ីរ៉ង់សូម្បីប៉ុនក្រចកដៃ សូមពួកគេត្រៀមខ្លួនទទួលយកការសងសឹកដ៏ចាស់ដៃទៅវិញទៅ” ។ ដូច្នេះហេតុអ្វីបានជាអ៊ីស្រាអែលបញ្ចេញចង្កូមខាំប៉ុណ្ណឹងហើយ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ឲ្យអ៊ីស្រាអែលភ្លក់រសជាតិសងសឹកទៅវិញ?

កងកម្លាំងអ៊ីរ៉ង់បញ្ជាក់កាលពីថ្ងៃសុក្រថាបានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនៅទីក្រុង Isfahan ហើយសំឡេងផ្ទុះដែលឮនៅទីនោះ គឺជាស្នូរបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ខ្មាំងសត្រូវពីសំណាក់ប្រព័ន្ធខែលការពារដែនអាកាសអ៊ីរ៉ង់ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានមីស៊ីលណាមួយហោះចូលមកវាយប្រហារលើទឹកដីរបស់ខ្លួននោះដែរ ហើយចាត់ទុកសកម្មភាពទាំងនេះគឺតូចតាចប៉ុនសរដសៃសក់ ទើបទីក្រុងតេហេរ៉ង់មិនបើកការវាយប្រហារសងសឹកទៅវិញ ។

ម្យ៉ាងការវាយប្រហារទាំងប៉ុន្មាននោះក៏មិនមានផលខូចខាតណាមួយទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះដែរ ដោយសារតែសមត្ថភាពនៃប្រព័ន្ធខែលការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ខ្លួន ទើបមិនធ្វើឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក្ដៅស្លឹកត្រចៀក និងបន្តស្ងាត់ស្ងៀម ខណៈរហូតមកដល់ពេលនេះ អ៊ីស្រាអែល​មិន​ទាន់ចេញមកបំភ្លឺ ឬទទួលស្គាល់អំពីឧប្បត្តិហេតុនេះដូចគ្នា ។

ទោះជាយ៉ាងណា ច្បាស់ណាស់ថា អ៊ីរ៉ង់នឹងមិនទុកឲ្យអ៊ីស្រាអែលជិះសេះលែងដៃនោះឡើយ បើរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមនៅតែថ្លើមធំបើកការវាយប្រហារទៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ ហើយសត្រូវសួរពូជទាំងពីរបាននឹងកំពុងសង្គ្រឺតការវាយប្រហារដាក់គ្នាដោយផ្ទាល់ ស្របពេលដែលអ៊ីស្រាអែលក៏កំពុងជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាផងដែរ ដែលរហូតមកដល់ពេលនេះចាយពេល ៦ ខែមកហើយ ។

ស្របពេលជាមួយគ្នានេះ អង្គការសហប្រជាជាតិបានសម្ដែងក្ដីភ័យព្រួយចំពោះវោហារសាស័ព្ទដុតបញ្ឆេះជម្លោះនៅមជ្ឈិមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៊ីស្រាអែលដូចជា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក Netanyahu អត់ធ្មត់ និងត្រជាក់ចិត្តកុំវាយតបតបន្ថែមទៀតទៅអ៊ីរ៉ង់ឲ្យសោះ ជាពិសេសទីក្រុងវ៉ាស៊ីនតោនលើកឡើងហើយថា នឹងមិនលូកដៃចូលក្នុងភ្នក់ភ្លើងមួយនេះឡើយ ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់កាន់តែពាក់មុខយក្សដាក់គ្នា ក្រោយរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបើកការវាយប្រហារតាមអាកាសដ៏សាហាវយង់ឃ្នងទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីថ្ងៃទី១ ខែមេសា ដោយបានសម្លាប់ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូប ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែប​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤២ នាទីutes មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥២ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង១ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម