ព័ត៌មានអន្ដរជាតិ
រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែបនេះ
រហូតមកដល់ពេលនេះ ប្រទេសអារ៉ាប់រួមនៅតែបន្តក្រពុលមុខព្រោះតែទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នងរយៈពេល ៧៥ ឆ្នាំ ជាពិសេសបញ្ហាទឹកស្រកយឺតក្នុងទីក្រុងឌូបៃ ដោយកំពុងបង្កផលប៉ះពាល់យ៉ាងគំហុកទៅដល់សេវាកម្មក្រុមហ៊ុនអាកាសចរណ៍ ធនាគារ និងការដឹកជញ្ជូនក្នុងទីក្រុងជាដើម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Reuters កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ ។
ពាក់ព័ន្ធនឹងបញ្ហាទឹកស្រកយឺតនេះដែរ លោកស្រី Colleen Colja អ្នកជំនាញអាកាសធាតុមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រទីក្រុងឡុងដ៍ចក្រភពអង់គ្លេសបានប្រាប់ឲ្យដឹងថា គឺដោយសារតែអារ៉ាប់រួមមានបញ្ហាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូដើម្បីរំដោះទឹកភ្លៀងដែលធ្លាក់ខ្លាំងមិនធ្លាប់ជួបបែបនេះ ហើយនេះគឺជាមេរៀនមួយសម្រាប់ទីក្រុងឌូបៃ ក៏ដូចជាទីក្រុងផ្សេងទៀតក្នុងការស្ដារកិច្ចខិតខំប្រឹងប្រែងដើម្បីគិតគូរដល់ការបំពាក់ប្រព័ន្ធលូរំដោះទឹកឡើងវិញ ។
ចំណែកលោក Karim Elgendy នាយករងនៅក្រុមហ៊ុនវិស្វកម្ម Buro Happold បាននិយាយថា ការពង្រីកប្រព័ន្ធលូរំដោះទឹកក្នុងគ្រាមានអាសន្នដូចជា ព្យុះភ្លៀងបែបនេះមិនដាក់រួមបញ្ចូលនៅក្នុងផែនការសាងសង់សម្រាប់ទីក្រុងឌូបៃនោះទេ ហើយប្រព័ន្ធលូទាំងនោះភាគច្រើនមានអាយុកាលត្រឹមតែ ២ ឬ ៣ ឆ្នាំប៉ុណ្ណោះ ហើយជាក់ស្ដែងទឹកមិនស្រក ឬហូរច្រោះដូចបំណងយើងឡើយ ។
លោក Elgendy បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ទៀតថា “កន្លងមកបើគ្មានប្រព័ន្ធលូសម្រាប់រំដោះទឹកច្រើនហូរហៀរបែបនេះទេ អាជ្ញាធរពឹងលើរថយន្តបូមទឹកជាមួយនឹងទុយោខ្នាតយក្ស ហើយបញ្ចេញទឹកទាំងនោះទៅកាន់ទីតាំងស្តុកទឹកនានា ហើយពិតជាពិបាកណាស់ក្នុងការដំឡើងប្រព័ន្ធលូរំដោះទឹកជំនន់បែបនេះ ជាពិសេសនៅពេលហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់រួចរាល់” ។
ម្យ៉ាងទៀត អារ៉ាប់រួមក៏មិននឹកស្មានដល់ដែរថាតំបន់ Al-Ain ដែលមានចម្ងាយតែប្រមាណគីឡូម៉ែត្រពីទីក្រុងឌូបៃប៉ះជួបភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្របែបនេះ ដោយសារតែជាទូទៅប្រទេសវាលខ្សាច់ក្ដៅហួតហែងមួយនេះមានកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងមួយឆ្នាំត្រឹម ១៤០ ទៅ ២០០ មិល្លីម៉ែត្រ ឯចំពោះទីក្រុងឌូបៃវិញមានត្រឹម ៩៧ មិល្លីម៉ែត្រ ខណៈសម្រាប់ក្នុងខែមេសាគឺប្រមាណ ៨ មិល្លីម៉ែត្រប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារ ទី១៦ ខែមេសានេះបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃមិនធ្លាប់មានក្នុងរយៈពេល ៧៥ ឆ្នាំ បណ្ដាលឲ្យអាកាសយានដ្ឋានឌូបៃដែលជាព្រលានយន្តដ៏ប្រណិតបំផុតនៅលើពិភពលោករងការវាយប្រហារយ៉ាងស្ពឹកមុខ ហើយបានបង្ខំឲ្យជើងហោះហើរដែលតភ្ជាប់ទៅកាន់គ្រប់ទ្វីបទាំងអស់ត្រូវលុបចោល ឬពន្យារពេល ខណៈក្នុងករណីចាំបាច់ខ្លះបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត ខណៈគ្រោះធម្មជាតិនេះទៀតសោតក៏បានផ្ដាច់យកជីវិតមនុស្ស ៤ នាក់ផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ