សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ និង ខេត្តហឺណានរបស់ចិនរួមគ្នាទាក់ទាញទេសចរចិនមកកាន់កម្ពុជា
ភ្នំពេញ៖ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេចរចិនកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីក្រសួងទេចរណ៍ និង ខេត្តហឺណានបានប្តេជ្ញារួមគ្នាក្នុងជំរុញភ្ញៀវទេចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជម្រុញកិច្ចប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្រោមស្មារតីនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” “ផែនការសកម្មភាពនៃការកសាងសហគមន៍ វាសនារួម កម្ពុជា- ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨)” រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាល កម្ពុជា និងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
ភាគីទាំងពីរក៏បានធ្វើការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំដោយផ្តោតលើការជម្រុញអនុវត្តគម្រោង “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហឺណាន – អាស៊ាន “គម្រោងវិថីសូត្រផ្លូវអាកាស”” និងបានឯកភាពបង្កើតក្រុមការងារ ដើម្បីអនុវត្តខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំខាងលើនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ នៃប្រទេសទាំងពីរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បាននិយាយថា ព្រឹត្តិការណ៍«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ បង្ហាញឱកាសដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌ និងការអប់រំរវាងប្រជាជាតិទាំង ២។ ប្រសិនបើសកម្មភាពផ្លាស់ប្តូរត្រូវបានផ្សព្វផ្សាយបានល្អ វានឹងជួយជំរុញឱ្យមានការយល់ដឹងឆ្លងវប្បធម៌ពិតប្រាកដ ហើយវាអាចទាក់ទាញទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើន។ ទោះជាយ៉ាងណាផលប៉ះពាល់ជាក់ស្តែងលើវិស័យទេសចរណ៍នឹងអាស្រ័យទៅលើកត្តាផ្សេងៗ រួមទាំងកិច្ចព្រមព្រៀងទ្វេភាគី និងទីផ្សារនៃប្រទេសទាំង ២។
លោកនិយាយថា៖ «ប្រទេសកម្ពុជាផ្តល់ជូននូវប្រវត្តិសាស្ត្រដ៏សម្បូរបែប ទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងបទពិសោធន៍វប្បធម៌ប្លែកៗ។ ដូចគោលដៅធ្វើដំណើរផ្សេងទៀតដែរ វាមានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរ ក្នុងការទទួលបានព័ត៌មានអំពីលក្ខខណ្ឌនៅក្នុងតំបន់ និងការណែនាំអំពីការធ្វើដំណើរ។ ជារួមកម្ពុជាអាចជាគោលដៅដែលមានសុវត្ថិភាព និងផ្តល់រង្វាន់សម្រាប់អ្នកដំណើរចិន ជាពិសេសនៅពេលដែលពួកគេចាត់វិធានការប្រុងប្រយ័ត្នចាំបាច់ និងរក្សាការជូនដំណឹងអំពីស្ថានភាពក្នុងតំបន់»។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី ៥ ខែមីនា ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ៥៤០ ០២៣ នាក់ ចូលមកប្រទេសកម្ពុជា កើនឡើង ៣៤ ភាគរយ បើធៀបខែមករា ឆ្នាំ ២០២៣ ដែលមានចំនួន ៤០២ ៩៤៣ នាក់។ ក្នុងចំណោមភ្ញៀវខាងលើ គឺភ្ញៀវមកពីប្រទេសថៃ វៀតណាម និងឡាវ បានគ្របដណ្តប់ ៥២,៨៧ ភាគរយនៃចំនួនភ្ញៀវសរុប ដោយជនជាតិថៃ មានចំនួន ១៦៣ ៦៦១ នាក់ ស្មើនឹង ៣០,៣ ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, វៀតណាម ៨៥ ៧០០ នាក់ ស្មើ ១៥,៩ ភាគរយ, និងឡាវ ៣៦ ១៥៣ នាក់ ស្មើ ៦,៧ ភាគរយ។
ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ ២០២៣ គឺមានប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ នេះបើតាមក្រសួងទេសចរណ៍៕
-
ចរាចរណ៍១ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)