Connect with us

ព័ត៌មានជាតិ

បន្លែសុវត្ថិភាពខេត្តកំពង់ធំលក់បាន​តម្លៃ​ជិត​ ៤ ពាន់​រៀលក្នុង​មួយ​គីឡូ​ក្រាម​ ក្រោយមានការអន្តរាគមន៍

បានផុស

នៅ

លោក វន វង្ស គណៈកម្មាធិការនិង​ជា​អនុប្រធាន​ត្រួត​ពិនិត្យ​សមាគម​បន្លែ​សុវត្ថិភាព​ខេត្ត​កំពង់​ធំ​បាន​ឲ្យ ​«កម្ពុជា​ថ្មី​» ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ជួយ​អន្តរាគមន៍​ពីស្ថាប័នពាក់ព័ន្ធ បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​តម្លៃ​បន្លែ​សុវត្ថិភាព​របស់សហគមន៍​មានភាព​​ល្អ​ប្រសើរ​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធទៅនឹងសមាគម​បន្លែ​សុវត្ថិភាព​ខេត្ត​កំពង់​ធំ កាល​ពី​កំឡុង​ខែ​មីនា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ តម្លៃ​បន្លែ​សុវត្ថិភាព​ត្រូវបានឈ្មួញទម្លាក់តម្លៃយ៉ាងគំហុក គឺ​កសិករអាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះពី ១ ០០០ ​រៀល ទៅ​ ១ ៥០០​ រៀល​ប៉ុណ្ណោះ (ប្រភេទ​បន្លែ​សន្លឹក)​ ក្នុង​មួយ​គីឡូក្រាម ដែល​បាន​ធ្វើ​ឲ្យកសិករមានការខាតបង់កាន់តែខ្លាំង។

យ៉ាងណាមិញ បើតាម លោក វន វង្ស បន្ទាប់​ពី​មាន​ការ​ជួយ​អន្តរាគមន៍​ស្ថាប័នពាក់ព័ន្ធ និងការចុះមកដល់ទីតាំងផ្ទាល់របស់មន្ត្រីក្រសួង បច្ចុប្បន្ន​​​តម្រូវ​ការ​ទី​ផ្សារ​បន្លែ​សុវត្ថិភាព​ខេត្ត​កំពង់​ធំ​មាន​ភាព​​ល្អ​ប្រសើរ​ ងាយ​ស្រួល​លក់​ជាង​មុន ​និង​អាច​ទទួល​បាន​ក្នុង​តម្លៃ​ល្អ​​​ ដែលអាច​ធ្វើ​ឱ្យ​ប្រជា​សមាគម​​ទទួល​យក​បាន​ និង​អាច​បានប្រាក់​ចំណេញ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក វន វង្ស បានបញ្ជាក់ថា «សម្រាប់​តម្លៃ​បច្ចុប្បន្ន​ដែល​ខាង​សមាគម​បន្លែ​សុវត្ថិភាព ​(បន្លែ​សន្លឹក​) លក់​ទៅ​ឱ្យ​ឈ្មួញ​ក្នុង​តំបន់​ គឺ​អាច​ទទួល​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ៣ ពាន់​រៀល ទៅ​ ៤​ ពាន់​រៀល ក្នុង​មួយ​គីឡូ​ក្រាម​ ដែល​តម្លៃ​មួយ​នេះ​ អាច​ធ្វើ​ឱ្យ​ប្រជា​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ បន្ទាប់​ពី​ផាត់​ចេញ​នៅ​ថ្លៃ​ដើម​ផលិត​​»។

«ស្រប​ពេល​ដែល​ទីផ្សារ និង​តម្លៃ​បន្លែ​សុវត្ថិភាព​ក្នុង​សមាគម​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ប្រជា​សហគមន៍​របស់​យើង​ក៏​ប្រឈម​នឹង​បញ្ហា​ធំ​ផង​ដែរ គឺ​ការ​ផលិត​មាន​លក្ខណៈ​ថយ​ចុះ​ជាង​មុន ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ​ក្តៅ​ខ្លាំង បាន​ធ្វើ​ឱ្យ​ទិន្នផល​នៃ​ការ​ផលិត​​មាន​ការ​ថយ​ចុះ យើង​ដាំដុះ​មិន​បាន​ល្អ​»។ លោក វន វង្ស បន្ថែម​បែបនេះ។

បើ​តាម​អនុប្រធាន​ត្រួត​ពិនិត្យ​សមាគម​បន្លែ​សុវត្ថិភាព​ខេត្ត​កំពង់​ធំ​ តម្រូវ​ការ​បន្លែ​ដែលដាំដុះដោយ​សហគមន៍​មាន​តែ​ក្នុង​តំបន់​ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​ឈ្មួញ​ខាង​ក្រៅ​មក​បញ្ជា​ទិញ​នៅ​​ឡើយទេ​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ចាក់ឱ្យ«កម្ពុជាថ្មី» ដឹងបន្ថែមថា នៅ​ក្នុង​ករណី​បន្លែ​សុវត្ថិភាព​របស់​សហគមន៍ក្នុង​ខេត្ត​កំពង់​ធំ​ មាន​រឿង​ពីរ​សំខាន់​ដែល​ក្រសួង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ទី​១​ ក្រុម​ដែល​ដាំ​បន្លែ​ប្រភេទ​​នៅ​លើ​ទឹក​ និងទី​២ ក្រុម​ការងារដែល​ធ្វើការ​តាម​គម្រោង (អេន) ស្ថិត​ក្រោម​ការ​ដាក់​ចេញ​របស់​ក្រសួង​ ដែល​ជា​ច្រក​ជួយ​ទៅ​ដល់​កសិករ​ខ្នាត​តូចឈាន​ទៅ​បើកច្រក​ទីផ្សារ​ ហើយ​ប្រសិន​បើ​មាន​គុណ​ភាព​ល្អ​នោះ​នឹង​អាច​មាន​ឱកាស​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារក្រៅ​ប្រទេស។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាំ​បន្លែ​តាម​ទឹកដែលសហគមន៍​ដាំក្នុង​ខេត្តកំពង់ធំ​ប្រឈម​មុខ​ទីផ្សារ លោក​​ថា អាច​​មកពី​បញ្ហាគុណ​ភាព​និង​ការ​ផ្គត់ផ្គង់​មិន​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ក្រុម​ហ៊ុន​ ​ស្របពេលដែលបន្លែ​ផ្សេង​ទៀត​មានគុណភាព​ដូច​គ្នា ​និង​បរិមាណ​ការ​ផ្គត់ផ្គង់​​​ប្រហាក់​ប្រហែល​គ្នា​ទើប​បាន​ជា​ធ្វើ​ឱ្យ​កសិករមិន​អាច​រក​បាន​ទី​ផ្សារ​។

លោក​បន្ត​ថា ដោយឃើញពីបញ្ហាប្រឈមនេះ ក្រសួង​បាន​រៀប​ចំជា​សម្ព័ន្ធ​តែ​មួយ។ ក្នុងនោះក្រុម​ដែល​ស្ថិត​ក្រោម​ការ​ជួយ​​ពី​​គម្រោង​ (អេន) ស្ថិត​​នៅ​ក្នុង​ក្រុម​កសិករ​ខ្នាត​តូច បាន​ទទួល​ជោគជ័យ​ ដោយ​សារ​ទី​១ ក្រសួង​បាន​ព្យាយាម​ក្នុង​ការ​រក​​ទីផ្សារ​ដើម្បី​ជួយ​ដល់​ក្រុម​កសិករ​ខ្នាត​តូច​ទាំងអស់​នោះ ជា​ពិសេស​ក្រុម​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​។ ​

ការ​ស្វែង​​រក​ទី​ផ្សារ​ធ្វើ​ឡើង​តាម​រយៈ​ការ​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ជុំ​រវាង​អ្នក​ដាំ ឬ​សមាគម​អ្នក​ផ្គត់ផ្គង់ ដើម្បី​ឱ្យកសិករអាច​មាន​លទ្ធភាព​ចុះ​ហត្ថលេខា​​ចុះ​កិច្ចសន្យា​ជា​មួយ​អ្នក​ទទួល​ទិញ​បោះ​ដុំ​ ហើយ​ក្រសួង​ខ្លួន​ឯង​បាន​រៀប​ចំ​ឱ្យ​មាន​ទទួល​ទិញ​ទំនិញ​​ពី​ក្រុ​ម​កសិករ​ យក​មក​ដាក់​ក្នុង​ទីផ្សារ​ផ្សេង​ដែល​ធ្លាប់​​ទទួល​ទិញ និង​ទីផ្សារ​ខ្លះ​ដែល​ធ្លាប់​ទទួល​ទិញ​រួម​មក​ហើយ ប៉ុន្តែ​អាក់ខាន​ទៅ​វិញ​ដោយ​សារ​បញ្ហា​គុណ​ភាព ក្រសួង​ក៏​ព្យាយាម​ជួយ​សម្រប​សម្រួល​បន្ថែម​ បញ្ហា​គុណ​ភាព និង​បរិមាណ​ផ្គត់ផ្គង់ ហើយ​ក្រសួង​រៀប​ចំ​ឱ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ផ្សារ​ថ្មី​មួយ​ចំនួន​ក្នុង​ស្រុក​ផងដែរ។

លោក ប៉ែន សុវិជាតិ ថា «ចឹង​ហើយ​យើង​បើក​ច្រក​ទី​ផ្សារ​មួយ​សម្រាប់​គាត់​ដើម្បី​មាន​អ្នក​ទទួល​ទិញ​ជា​ប្រចាំ​ ប៉ុន្តែ​កសិករ​​ត្រូវ​បង្កើន​សមត្ថភាព​ផលិត​​ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​មាន​និរន្តរភាព ហើយ​កាត់​បន្ថយ​ថ្លៃ​ដើម​មួយ​ចំនួន។ ​តាម​រយៈ​ច្រក​ទី​ផ្សារ​នេះ ​ក្រសួង​បាន​រៀប​ចំ​ឱ្យ​កសិករ​​ចងក្រង​ជា​សមាគម​ភ្ជាប់​ទំនាក់ទំនង​ជា​អ្នក​ប្រមូល​ទិញ​ដុំ ហើយ​ភ្ជាប់​ទំនាក់ទំនង​​អ្នក​ប្រមូល​ទិញ​ដុំ ជា​មួយ​ទី​ផ្សារ​ដុំ ឬ​លក់​រាយ​នៅ​តាម​ទី​ប្រជុំជន និង​តាម​រាជធានី​ភ្នំ​ពេញ​ដែល​អាច​ឱ្យ​កសិករ​​លក់​បន្លែ​គាត់​បាន​»។

ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​របស់​កសិករ ក្រសួង​បាន​ការ​រៀប​ចំ​ឱ្យ​កសិករ​បាន​ជួប​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​បច្ចេកទេស​កសិកម្ម ដែល​បច្ចុប្បន្ន​មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជា​មួយ​គ្នា​ក្រោម​គម្រោង​ អេន​ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើន​ទិន្នផល និង​កាត់​បន្ថយ​ថ្លៃ​ដើម។​

លើសពីនេះក្រសួង​ពាណិជ្ជកម្ម​ បាន​ណែនាំ​យ៉ាង​ច្បាស់​លាស់ ទី១ ដើម្បី​រក្សា​បាន​នៅ​គុណ​តម្លៃ​នៃការ​ផលិត​ផល​ ដោយ​អ្នក​ដាំ​ត្រូវ​តែ​រក្សា​នៅ​បទដ្ឋាន​នៃ​ការ​ប្រើប្រាស់​ពូជ និង​ជី​ ទី​២ មិន​បង្ខំ​ប្រើប្រាស់​សាធាតុ​ដែល​ជំរុញ​ឱ្យ​ទិន្នផល​ឆាប់​លូតលាស់ ឬ​ប្រភេទ​ដែល​មាន​កាក់​សំណល់​នៅ​លើ​បន្លែ​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​ទេ ដូច្នេះ​ទើប​ទីផ្សារ​ធំ​ៗ​គេ​ទទួល​ទិញ ដែល​នេះ​ក្រសួង​បាន​ដោះ​ស្រាយជួយ​ដល់​សហគមន៍​បន្លែ​ដែល​ជួប​​បញ្ហា​ទី​ផ្សារ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ដើម្បី​អាច​ជួយ​ដល់​កសិករ​បន្ថែម​ទៀត​លើ​បញ្ហា​ជាប់​គាំង​ទីផ្សារ បើ​តាម​លោក ប៉ែន សុវិជាតិ ​​ផែន​ការ​អនាគត​ ក្រសួង​កំពុង​តែ​រៀប​​ចំ​នៅ​ទី​ផ្សារ​បោះ​ដុំ​​តាម​បណ្តា​ខេត្ត​សំខាន់​ៗ​ដែល​មាន​ការ​ដំា​ដុះ​បន្លែ​ផ្លែ​ឈើ​ច្រើន​។ ​ក្រសួង​ចង់​​ឱ្យ​មាន​ទីផ្សារ​បោះ​ដុំ​មួយ​ដែល​មាន​របៀប​រៀប​រយ​ ដើម្បី​ឱ្យ​ប្រជាកសិករ​មាន​លំនឹង​ក្នុង​ចិត្ត​ និងអាចធានាថា​ទំនិញ​របស់កសិករ​ពេល​ដឹក​ដល់​ទីផ្សារ​បោះ​ដុំ​ មាន​អ្នក​ចាំ​ទទួល​ទិញ។ ក្នុងនោះដើម្បីត្រួតពិនិត្យ ក្រសួងក៏នឹងមានការសហការជាមួយ​អគ្គនាយកដ្ឋាន ក.ប.ប ចាំ​ជួយ​ពិនិត្យ​ និង​បញ្ជាក់​ថា ទំនិញ​ដែលកសិករបាននាំចូលមិន​សល់​កាក់សំណល់​ជាតិ​គីមី​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ព្រួយ​បារម្ភ​។

លោកបញ្ជាក់ថាដូច្នេះ​ថា «យើង​នឹង​រៀប​ចំ​ទីផ្សារ​បោះ​ដុំ​នេះ ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ចំណុះ​ក្រសួងចុះ​សិក្សា​មើល​ទីផ្សារ​បោះ​ដុំ​នៅ​តាម​​​បណ្ដា​ខេត្ត​មួយ​ចំនួន ​ដែល​មាន​ផលិត​កម្មធំៗ​ដូច​ជា ខេត្ត​កំពង់​ធំ​ ខេត្ត​កណ្តាល ខេត្ត​សៀមរាប​ ខេត្ត​បាត់ដំបង និង​បណ្តា​ខេត្ត​មួយ​ចំនួន​បន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាកសិករ​មាន​ទី​កន្លែង​សម្រាប់​លក់​ ហើយ​រដ្ឋាភិបាល​នឹ​ង​គិត​គូរ​ថា​តើ ​ត្រូវ​ធ្វើ​របៀប​ណា​ដើម្បី​អាច​ធានា​ថា នៅ​ពេល​ដែល​កសិករ​មាន​ទំនិញ នឹង​មិន​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទីផ្សារ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម