ព័ត៌មានជាតិ
ពិព័រណ៍វប្បធម៌ទេសចរណ៍ បានរួមចំណែកផ្សព្វផ្សាយកាន់តែទូលាយពីសក្តានុពលទេសចរណ៍កម្ពុជា-ចិន
ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅប្រាសាទបាយ័ន ខេត្តសៀមរាប បានបើកជាផ្លូវការ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍នេះ បានផ្សព្វផ្សាយកាន់តែទូលំទូលាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ កម្ពុជា-ចិន។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក Sun Shougang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្ត ហឺណាន និងជាអភិបាលរងខេត្តហឺណាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហម ក្រុមយុវជនកាយរិទ្ធកម្ពុជា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីបើក លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ គឺពិតជាបានបង្ហាញថា ចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ លោករដ្ឋមន្ត្រី បន្តថាប្រជាជនកម្ពុជា និងប្រជាជនចិន មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ ដែលចំណងរវាងកម្ពុជា-ចិន ក៏ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រី សុខ សូកេន បញ្ជាក់ថា ជាក់ស្ដែង តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្ដែងក្បាច់គុនសៅលីញចិន និងគុនល្បក្កតោរបស់កម្ពុជា ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកប ដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
បើតាមការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី ព្រឹត្តិការណ៍នេះ គឺជួយគាំទ្រដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រខ្សែក្រវាត់ និងវិថី ផងដែរ។ ទន្ទឹមនេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរមកចូលរួមរាល់ព្រឹត្តិការណ៍ និងសកម្មភាពដែលរៀបចំក្រោមយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បាននិងកំពុងរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍ កីឡា វប្បធម៌ កម្មវិធីពិព័រណ៌ និងកម្មវិធីជាច្រើនទៀត ដើម្បីរៀបចំជាប្រតិទិនព្រឹត្តិការណ៍ (Event Calendar) សម្រាប់ផ្សព្វផ្សាយជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។
លោក សុខ សូកេន បានបញ្ជាក់ទៀតថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ជាពិសេសព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បក្កតោ នាពេលនេះ ធ្វើឲ្យកម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕
ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ