ព័ត៌មានអន្ដរជាតិ
រុស្ស៊ី-អាមេរិក តឹងសរសៃ ក ដាក់គ្នានៅ UN ជុំវិញរឿងអាវុធនុយក្លេអ៊ែរក្នុងលំហអាកាស
ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានតឹងសរសៃ ក ដាក់គ្នាជាមួយនឹងសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងមូស្គូបានបោះឆ្នោតវេតូលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលព្រាងចេញដោយទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យប្រទេសនានាទប់ស្កាត់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងលំហអាកាស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ ។
ការបោះឆ្នោតវេតូនេះបានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ចំៗទៅរុស្ស៊ីថាកំពុងបង្កើតអាវុធនុយក្លេអ៊ែរបាញ់ទៅលំហដើម្បីប្រឆាំងគោលដៅផ្កាយរណបរបស់ខ្លួន ជាពិសេសទីក្រុងវ៉ាស៊ីនតោនចាត់ទុកទង្វើរបស់ទីក្រុងមូស្គូថាកំពុងលាក់បាំងអ្វីម្យ៉ាង បើទោះបីជាលោកប្រធានាធិបតី Vladimir Putin តែងតែចេញមុខប្រឆាំងនឹងការដាក់ពង្រាយអាវុធប្រភេទនេះនៅលំហអាកាសក្នុងគោលបំណងសន្តិភាពក៏ដោយ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សា បន្ទាប់ពីការបោះឆ្នោតនោះថា “តើការវេតូនៅថ្ងៃនេះមានន័យយ៉ាងណា? ប្រសិនបើអ្នកកំពុងអនុវត្តតាមច្បាប់ តើហេតុអ្វីបានជាអ្នកមិនគាំទ្រដំណោះស្រាយដែលយើងដាក់ចេញមកនេះ? តើអ្នកមានរឿងអ្វីលាក់បាំង វាជារឿងរញ៉េរញ៉ៃ និងគួរឲ្យអាម៉ាស់” ។
ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិលោក Vassily Nebenzia មិននៅស្ងៀមឡើយ ហើយបានដាក់ចោទប្រកាន់ទៅទីក្រុងវ៉ាស៊ីនតោនវិញថា ព្យាយាមបង្កហេតុដល់ទីក្រុងមូស្គូឲ្យមានសភាពអាប់អួរ ជាពិសេសរុស្ស៊ីនឹងចាប់ផ្តើមការចរចាក្នុងពេលឆាប់ៗនេះជាមួយសមាជិកក្រុមប្រឹក្សាលើសេចក្តីព្រាងសម្រេចរបស់ខ្លួនក្នុងគោលបំណងរក្សាសន្តិភាពក្នុងលំហអវកាស ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Nebenzia បានចោទសួរទៅលោកស្រី Thomas-Greenfield នៅក្នុងក្រុមប្រឹក្សានោះថា “យើងចង់បានការហាមប្រាមលើការដាក់អាវុធគ្រប់ប្រភេទនៅក្នុងទីអវកាស មិនត្រឹមតែអាវុធប្រល័យលោកប៉ុណ្ណោះទេ ប៉ុន្តែអ្នកបែរជាមិនចង់បានបែបនេះនោះទេ អ៊ីចឹងខ្ញុំសូមសួរទៅអ្នកវិញនូវសំណួរដូចគ្នានេះថា ហេតុអ្វី?” ។
គួរបញ្ជាក់ថា សេចក្តីព្រាងនេះត្រូវបានដាក់ដំណើរការឲ្យបោះឆ្នោតដោយសហរដ្ឋអាមេរិក និងជប៉ុន បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជិត ៦ មួយសប្តាហ៍ ហើយក្នុងសេចក្ដីសម្រេចនោះទៀតសោត ទទួលបានសំឡេងគាំទ្រចំនួន ១៣ ក្នុងនោះចិនបានបោះឆ្នោតអនុបវាទ និងរុស្ស៊ីខ្លួនឯងបោះឆ្នោតវេតូ ខណៈអាមេរិក ចិន និងរុស្ស៊ី គឺសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអវកាសឆ្នាំ ១៩៦៧ ដែលហាមឃាត់ប្រទេសណាមួយពីការបញ្ជូនវត្ថុមានផ្ទុកអាវុធនុយក្លេអ៊ែរ ឬប្រភេទអាវុធប្រល័យលោកចូលទៅក្នុងគន្លងអវកាស ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍៧ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ