ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាមេរិក ប្រើវិធានការក្តៅ ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យ
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃសុក្រទី២៦ខែមេសា ប៉ូលិសអាមេរិក បានចាប់ខ្លួនបាតុករនៅសាកលវិទ្យាល័យ Emory នៃទីក្រុង Atlanta ព្រោះការតវ៉ានៅបរិវេណសកលវិទ្យាល័យប្រឆាំងនឹងសង្រ្គាមក្នុងតំបន់ហ្គាហ្សា នៅតែបន្តរាលដាល។

ក្នុងអំឡុងបាតុកម្មនោះដែរ ប៉ូលិសបានប្រើវិធានការក្តៅ ដោយបាញ់សារធាតុគីមី ដើម្បីបំបែកហ្វូងបាតុករដែលរឹងទទឹង មិនព្រមចាកចេញពីសកលវិទ្យាល័យ Emory ព្រោះថា បាតុករខ្លះមិនមែនជានិស្សិតនៅទីនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមបាតុករ Emory អះអាងថា ពួកគេធ្វើបាតុកម្មនេះ មិនមែនត្រឹមបង្ហាញការគាំទ្រដល់ជនជាតិប៉ាឡេស្ទីនប៉ុណ្ណោះទេ ប៉ុន្តែក៏ជំទាស់ចំពោះមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសដ៏ចម្រូងចម្រាស់មួយក្នុងទីក្រុង Atlanta ផងដែរ។

សេចក្តីប្រកាសរបស់សាកលវិទ្យាល័យ គ្រាន់តែបញ្ជាក់ថា មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនប៉ុណ្ណោះ ប៉ុន្តែពួកគេមិនផ្តល់តួលេខពិតប្រាកដឡើយ ហើយក៏មិនបង្ហាញថា អ្នកទាំងនោះត្រូវចាប់ខ្លួនពីបទអ្វីដែរ។

ទន្ទឹមនោះ ត្បិតតែប៉ូលិស Atlanta ទទួលស្គាល់ថា ពួកគេពិតជាប្រើប្រាស់សារធាតុគីមីបាញ់ទៅលើបាតុករមែនក៏ដោយ ប៉ុន្តែសូមបដិសេធចំពោះរបាយការណ៍ដែលថា ពួកគេបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមអ្នកតវ៉ា។

តាមពិតទៅ បាតុកម្មនៅតាមបរិវេណសាលារៀន បានផ្ទុះឡើងដំបូងនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយក្រោយមកវាក៏បានរីករាលដាលដល់សាកលវិទ្យាល័យផ្សេងៗ។ ពេលនោះ សាកលវិទ្យាល័យបានប្តឹងប៉ូលិសក្រុងញូវយ៉ក ហើយជាលទ្ធផល មនុស្សជាង ១០០នាក់ត្រូវចាប់ខ្លួន ខណៈបច្ចុប្បន្ន ចលនាប្រឆាំងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា បានរាលដាលដល់មហាវិទ្យាល័យរាប់សិបនៅទូទាំងប្រទេសទៅហើយ។

ពាក់ព័ន្ធបញ្ហានៅហ្គាហ្សាឯណោះវិញ អ៊ីស្រាអែល បានចេញមុខបដិសេធយ៉ាងដាច់អហង្ការនូវរាល់ការលើកឡើងដែលថា ខ្លួនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងទឹកដីប៉ាឡេស្ទីន ថ្វីបើតុលាការយុត្តិធម៌អន្តរជាតិ ហាក់ទទួលស្គាល់ការចោទប្រកាន់លើអ៊ីស្រាអែល ក៏ដោយចុះ។

សូមបញ្ជាក់ជាថ្មី សង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមពេលដែលខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស បើកការវាយឆ្មក់មិនធ្លាប់មាន លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួន ២៥៣នាក់ទៀតធ្វើជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែល បានផ្តាច់ជីវិតមនុស្សជាង ៣៤ ១៨០ នាក់វិញនៅហ្គាហ្សា ដែលភាគច្រើនជាកុមារ និងស្ត្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាតុករប្រឆាំងសង្គ្រាមហ្គាហ្សា ដើរក្បួនតវ៉ា មុខផ្ទះលោក បៃដិន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?