Connect with us

កីឡា

កីឡាករ​ខ្មែរ-អាមេរិក សំ សុវណ្ណកេសា នឹងប្រកួតគុនចម្រុះជើងឯកអាស៊ី

បានផុស

នៅ

កីឡាករ​ប្រដាល់​​ខ្មែរ-អាមេរិក សំ សុវណ្ណកេសា នឹង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំ សុវណ្ណកេសា ដែល​មាន​កំណើនៅ​រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​ ​បាន​សាង​ភាព​ល្បី​ល្បាញ​នៅ​ក្រៅ​​ប្រទេស​ទាំង​ការ​ប្រកួត​គុន​ខ្មែរ និង​គុន​ចម្រុះ ប៉ុន្តែ​រូប​គេ​មិន​ធ្លាប់​បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ទេ។ តាម​រយៈ​ការ​ចេញ​ប្រកួត​ទាំង​គុន​ចម្រុះ គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង អ្នក​គាំទ្រ​កម្ពុជា​ពិត​ជា​ចង់​ឃើញ​រូប​គេ​ទទួល​បាន​ឱកាស​ក្នុង​ការ​ប្រកួត​តំណាង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។

ស្រ​ប​ពេល​​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា​បាន​ទទួល​រៀប​ចំ​ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក និង​កំពុង​ត្រូវ​ការ​កីឡាករ​គុន​ចម្រុះ​ដែល​មាន​សមត្ថភាព​​ផង​នោះ​ សហព័ន្ធ​សម្រេច​ជ្រើស​រើស​យក សំ សុវណ្ណកេសា ​ដែល​មាន​បទ​ពិសោធ​គុន​ចម្រុះ​ចូល​រួម​ប្រកួត​តំណាង​ជាតិ​កម្ពុជា។​

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ កម្ពុជា​បាន​ត្រៀម​កីឡាករ កីឡាការិនី​ចំនួន​២០​រូប​ដើម្បី​ប្រកួត​​គុន​ចម្រុះ​ ជ្រើសរើសជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ ​អត្តពលិក​គុន​ចម្រុះ​ដែល​លេច​ធ្លោ និង​មាន​ឈ្មោះ​នៅ​ពេល​នេះ មាន​ដូច​ជាកីឡាករ​គុន​ខ្មែរ​ ឈឿង ល្វៃ, ម៉ឺន មេឃា, មាស ម៉ើ, ចាន់ រតនា, ធាន អាត (ចាន់ សំអាត), កីឡាការិនី នៅ ស្រីពៅ, កីឡាការិនី អ៊ុំ ថារ័ត្ន, កីឡាករ ឡុង ឡា និង សំ សុវណ្ណកេសា។

សំ សុវណ្ណកេសា ដែល​មាន​ខ្សែ​ក្រវាត់​២​​ខ្សែ​បាន​​ប្រកួតដណ្តើមខ្សែក្រវាត់អាមេរិក (USA Championship) កាល​ពី​ខែធ្នូ ​ឆ្នាំ​២០២៣។ រូប​គេ​ធ្លាប់​បាន​ប្រកួត​នៅ​​សង្វៀន​ធំ​លំដាប់​ពិភព​លោក​ Glory ពី​រដង។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា លោក TANG GORDON អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) និងជាប្រធានសមាគមកីឡាគុន​ចម្រុះអាស៊ី​បាន​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​ជា​កន្លែង​រៀបចំ​ការ​ប្រកួត។

ការប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី លើក​ទី១ ​ឆ្នាំ​២០២៣ បាន​ធ្វើ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ ដែល​មាន​ប្រទេស​ចំនួន​១៩​ចូល​រួម​ប្រកួត។ ក្នុង​នោះ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ​​ទៅ​ចូល​រួម​ប្រកួត​ដែរ​ដោយ​ទទួល​បាន​មេដាយ​សំរិទ្ធ២​គ្រឿង​គឺ​កីឡាករ ធាន អាត បានឈ្នះ​១​គ្រឿង​ក្នុង​ទម្ងន់​៦០​គីឡូក្រាម និង​​ មាស ម៉ើ ឈ្នះ​១​គ្រឿង​ក្នុង​​ទម្ងន់​​៧៧​​គីឡូក្រាម។ សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​២​នៅ​ទឹក​ដី​កម្ពុជា​នឹង​មាន​ប្រទេស​កាន់​តែ​ច្រើន​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម