ព័ត៌មានជាតិ
បញ្ចប់ទស្សនកិច្ចជោគជ័យនៅស្វីស និងអាល្លឺម៉ង់ លោក ស សុខា ដឹកនាំប្រតិភូមកដល់កម្ពុជាវិញហើយ
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅស្វីស និងអាល្លឺម៉ង់។

ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក ស សុខា បានព្រឹត្តទៅដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលស្វីស និងអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
ផ្ដើមទស្សនកិច្ចនៅស្វីស លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោក Alexandre Fesel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស ដោយភាគីស្វីស បានសន្យាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ស សុខា និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយអភិបាលក្រុង Bern អភិបាលក្រុង Zollikofen ដោយបានស្ដាប់បទបង្ហាញដោយមន្រ្តីជាន់ខ្ពស់ស្វីស និងអ្នកជំនាញការសរុបចំនួន៥ ប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយស្វីស តួនាទីទីក្រុង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស និងយន្តការជាក់ស្ដែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការទទួលខុសត្រូវក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអញ្ជើញទស្សនានិងស្វែងយល់អំពីស្វីស និងទីក្រុងបុរាណ។
នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តដំណើរទៅកាន់អាល្លឺម៉ង់។ លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោកអភិបាលក្រុង Kempten ទស្សនកិច្ចនិងស្ដាប់បទបង្ហាញចំនួន៥ ពាក់ព័ន្ធប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់និងបទពិសោធន៍ក្រុង Kempten ភាពខុសគ្នារវាងរដ្ឋបាលមូលដ្ឋានស្វីសនិងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ ការចូលរួមរបស់យុវជនក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន។

បន្ទាប់មកគណៈប្រតិភូ បានបន្តកម្មវិធីទស្សនកិច្ចនៅទីក្រុងម៉ូនិក ដោយលោក ស សុខា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Eric Beißwenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអន្តរជាតិ និងបន្តបានស្ដាប់បទបង្ហាញចំនួន៤ រួមមាន ប្រព័ន្ធអភិបាលកិច្ចពហុកម្រិតនៃរដ្ឋនាវ៉ារីយ៉ា ភារកិច្ចនិងមុខងារអាជ្ញាធរដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា ព្រមទាំងអញ្ជើញទស្សនាសួនច្បារពេញនិយម English Garden។

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់លោក ស សុខា បន្ទាប់ពីចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ស្វីស និងអាល្លឺម៉ង់ បានចូលរួមគាំទ្រយ៉ាងសកម្មដល់ដំណើរកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា រួមទាំងការឈានទៅរៀបចំជាប្រវត្តិសាស្រ្តការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ