Connect with us

ព័ត៌មានជាតិ

មន្ត្រីប្រមាណ ៨០នាក់ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌក្រោយតេស្តរកឃើញសារធាតុញៀន

បានផុស

នៅ

គិតត្រឹមរយៈជាង​​២ខែ ពោលចាប់ពីខែកុម្ភៈ​ មកដល់ថ្ងៃទី​២៩ ខែមេសានេះ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រ(ទឹកនោម) មានចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦ នាក់ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។

ការធ្វើតេស្តរកសារធាតុញៀន និងបណ្តេញចេញពីក្របខណ្ឌនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានបទបញ្ជានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាព ដោយទទួលបានលទ្ធផលដែលបានរៀបរាប់ខាងលើ។
បន្ថែមពីនេះ ក៏បានដាក់ចេញវិធានការ តាមរយៈការកៀរគរជំនួយដើម្បីទទួលបានឧបករណ៍ធ្វើតេស្ត កិច្ចសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចសម្រាប់ធ្វើតេស្ត​​បញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត។ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាព អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង និងណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយ ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទ (APP NO DRUG) កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤។ ការដាក់ឱ្យដំណើរការ App នេះ ដើម្បីផ្តល់ព័ត៌មានពីបញ្ហាគ្រឿងញៀនកាន់តែទូលំទូលាយ ដល់សាធារណជនតាមរយៈ វីដេអូកម្សាន្ត អប់រំ ព័ត៌មាន មេរៀន និងការដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលអប់រំកែប្រែទូទាំងប្រទេស រដ្ឋ និងឯកជន ។

នាពិធីខាងលើនេះ លោក មាស វិរីទ្ធ អគ្គលេខាធិការនៃអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងន័យរក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ស្ថាប័នរ​បស់ខ្លួនបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន។ លោកបញ្ជាក់ថា​៖«ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងជម្នះគ្រប់ឧបសគ្គ តស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន»។

រូបតំណាង

ការដាក់ចេញវិធានការម៉ឺងម៉ាត់នាពេលនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងបទបញ្ជាថា៖«ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន»។

ដូចនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត។

១- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្តី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

រូបថត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្វើតេស្តស្វែងរកសារធាតុញៀន។

គួរជម្រាបថា ក្រោយបទបញ្ជា ស្ថាប័នថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ បានដាក់ចេញនូវយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួនដោយទទួលបានគាំទ្រពីសាធារណជន រួមទាំងបណ្តុំអង្គការសង្គមស៊ីវិលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៣០ នាទីutes មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម