ព័ត៌មានជាតិ
ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍គាំពារសង្គម
អ្នកសារព័ត៌មានដែលជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងអំណាចតុលាការ គឺជាក្រុមគោលដៅអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់នៅក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ខណៈស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ បានបើកកិច្ចពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។
នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ ឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ លោកបានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”
លោក នេត្រ ភក្ត្រា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុងវិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។
លោកបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូតមកដល់ថ្ងៃនេះ ក្រសួងបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( បសស ) ផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ