សេដ្ឋកិច្ច
សម្ដេចតេជោ ស្នើឱ្យក្រុមហ៊ុនបរទេស ប្រើរូបមន្ត១ បូក បង្កើតរោងចក្រនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនបរទេសផ្សេងទៀត ប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញឱ្យគ្នា ដោយហេតុថា ក្នុងករណី រោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ជាក់ស្ដែងដូចជា ក្រុមហ៊ុន Minebea ដែលមាននៅថៃផង និងកម្ពុជាផង។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួបជាមួយ គណៈប្រតិភូក្រុមហ៊ុន Toyota Tsusho Corporation ដឹកនាំដោយ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបើកសម្ពោធរោងចក្រ Toyota នៅកម្ពុជា វាគឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ ទៅថ្នាក់ដឹកនាំ ជំនាន់ថ្មី ដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ។

គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេច នូវតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួនដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម។
លោក ឧកញ៉ា គង់ នួន បានជម្រាបសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិត នៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើ សាក់ស៊ី បញ្ជាក់ថាផលិតនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រុមហ៊ុនបរទេស មើលឃើញថា កម្ពុជា គឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថា គណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីអោយអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោ បានស្នើសុំអោយក្រុមហ៊ុនជួយ បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន១,៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាអោយបន្ថែមទៀតផងដែរ។
សម្ដេចតេជោ រំលឹក មិនថាក្រុមហ៊ុន ជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមអោយប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញអោយគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែង ក្រុមហ៊ុន Minebear ដែលមាននៅថៃផង និង កម្ពុជាផង តាមរូបមន្ត១បូក។

សម្ដេចតេជោ ចង់អោយរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់អោយផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។
លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់ សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា ។
លោក ICHIRO បានប្ដេជ្ញា នឹងចូលរួមយ៉ាងសកម្ម អនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និង ផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា។

ក្រុមហ៊ុន Toyota បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ផ្ដើមពីការបង្កើតការិយាល័យផ្ដល់សេវាកម្ម តូយ៉ូតា រហូតវិឌ្ឍដល់មានរោងចក្រ នាពេលបច្ចុប្បន្ន។
រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រោងចក្រ Toyota Tsusho Manufacturing (Cambodia) Co.,Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១ ០៣០ គ្រឿង។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ៦ រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ស្វាយរៀង ពោធិ៍សាត់ កោះកុង និងខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង