Connect with us

ព័ត៌មានជាតិ

​ផ្លូវ​ណា​ចាក់កៅស៊ូ​ក្រាស់​ជាងគេ ​ផ្លូវ​ជាតិ ​១៣ ខ្សែ​​ បើកការដ្ឋានសាងសង់​​បន្តបន្ទាប់?

បានផុស

នៅ

បណ្តាញ​ផ្លូវ​ជាតិ​សំខាន់ៗ​ចំនួន ១៣ ខ្សែ បាន​កំពុង​ដំណើរការ​ស្ថាបនាដោយ​យកចិត្តទុកដាក់ពង្រឹងគុណភាព​ដើម្បី​ធានា​ការ​ប្រើប្រាស់​យូរ​អង្វែង។

​បើក​ការដ្ឋាន​សាងសង់​ជា​បន្តបន្ទាប់គ្នា ផ្លូវ​ជាតិទាំង ១៣ ខ្សែ​ ​សាងសង់​ក្រាល​​ដោយ​បេតុងកៅស៊ូ Alpha Concrete (AC) ដែល​បើ​តាម​បច្ចេកទេស​អាច​ធានា​ការ​ប្រើប្រាស់​លើ​សពី ១០ ឆ្នាំ បើ​មាន​ថែទាំ​និង​ដឹក​ជញ្ជូន​តាម​ស្តង់ដា​បច្ចេកទេស​​ត្រឹមត្រូវ។

ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ

ផ្លូវ​ជាតិ​លេខ ៤ ចាប់​ពី​បែកចាន ស្រុក​អង្គស្នូល ខេត្តកណ្តាល ទៅឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បើក​ការដ្ឋាន​កែ​លម្អ​និង​ពង្រីក​ពី ៧ ម៉ែត្រ​ទៅ ១១ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ពី​មុន​សាងសង់​ដោយ​ជំនួយ​របស់អាមេរិក បច្ចុប្បន្ន​កំពុង​ស្ថាបនា​ពង្រីក​ឱ្យធំ​ជាង​មុន ដោយ​​ចំណាយ​ថវិកា​ជាង ១០០ ​លាន​ដុល្លារ​អាមេរិក​ ជា​កម្ចី​ហិរញ្ញប្បទាន​ពី​​ធនាគារ​ពិភពលោក។

ជាខ្សែ​ផ្លូវជាតិដ៏សំខាន់តភ្ជាប់ទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ​ អតីតផ្លូវសាងសង់ស្តង់ដា​របស់អាមេរិកនេះ​​ចាក់​ក្រាល​កៅស៊ូប្រភេទ AC ពីលើ​​កម្រាស់ ៧ ហ៊ុន ដែល​គ្រោង​ចំណាយ​ពេល ៥ ឆ្នាំ​​គិតចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ​ ២០២៦។

ផ្លូវ​ជាតិ​លេខ ​៧

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ បាន​បើកការដ្ឋានសាងសង់ពង្រីកចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាមមានប្រវែង​សរុប​ជាង ៤៥​ គីឡូម៉ែត្រ។

កំណាត់ផ្លូវ​នេះ​ស្ថាបនា​ដោយ​ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ និង​ពង្រីក​ទទឹង​តួ​ផ្លូវពី ២ គន្លង ទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ ម៉ែត្រ និង​សួន​ពុះទ្រូងផ្លូវ ១.៥ ម៉ែត្រ។

គម្រោងរួមបញ្ចូលការបំពាក់កាមេរ៉ាត្រួតពិនិត្យ​ល្បឿន​រថយន្ត ២ កន្លែង បំពាក់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិតកំណត់វៃឆ្លាត និង​ត្រួតពិនិត្យ​ដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២ កន្លែង ដោយ​ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន ៤០ ខែ នឹង​បញ្ចប់​នៅ​ក្នុងឆ្នាំ២០២៦ ចំណាយថវិកាសរុបជាង ១១៧ លានដុល្លារអាមេរិក។

ផ្លូវ​ជាតិ​លេខ ៤១

ផ្លូវជាតិលេខ ៤១ អតីតផ្លូវព្រះបាទអង្គឌួង ចេញចាប់ពីចំណុចថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់​ស្រុក​ជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត បានបើកការដ្ឋានស្ដារនិង​លើក​កម្រិត​គុណភាពកាល​ពី​ថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​គ្រោងចំណាយថវិកាសរុបជាង ៦៧​ លាន​ដុល្លារ។

នៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ដែលឆ្លងកាត់ខេត្តចំនួន ៤ រួមមានគឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្ត​តាកែវ និងខេត្តកំពត លោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ ៤១ ដែលមាន​ប្រវែងសរុប​ជាង ៩៥ គីឡូម៉ែត្រ សាងសង់​ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ​ម៉ែត្រ។

គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវនេះ​ ក៏​នឹង​សាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ១ ​កន្លែង ប្រវែងសរុប ២០០​​ ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥ កន្លែង បំពាក់​កាមេរ៉ាត្រួតពិនិត្យ​ល្បឿន​ចំនួន ៨ កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

ផ្លូវ​ជាតិ​លេខ ៤៨

​ផ្លូវជាតិ​លេខ ៤៨ ​ពីចំណុចប្រសព្វ​ផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត​ក្នុង​ភូមិ​អូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាន​បើក​ការដ្ឋាន​សាងសង់​កាលពីថ្ងៃ ០៣ មករា ឆ្នាំ ២០២២។

មាន​ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ​ផ្លូវ​ជាតិ​ទៅខេត្តជាប់សមុទ្រនៃខេត្តកោះកុង ស្ថាបនា​ដោយ​​​ក្រាល​បេតុងកៅស៊ូ (AC) កម្រាស់ ៧ សង់ទីម៉ែត្រ និង​ក្រាល​បេតុង​សរសៃដែកកម្រាស់ ២៥ សង់ទីម៉ែត្រ​នៅ​ត្រង់​ចំណុចផ្លូវ​ប្រសព្វចំនួន ៥ កន្លែង រួមមាន៖ ចំណុច​ប្រសព្វ​ចំការ​ហ្លួង ចំណុចប្រសព្វស្រែ​អំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុច​ប្រសព្វ​ផ្លូវ​បំបែក​ចូលទៅទំនប់វារីអគ្គិសនី និងចំណុច​ប្រសព្វផ្លូវបំបែក​ចូលទៅ​ព្រលាន​យន្តហោះ​ខេត្តកោះកុង។

ផ្លូវ​ជាតិ​លេខ ៣១ និង ៣៣

ការដ្ឋានលើក​កម្រិតគុណភាពផ្លូវជាតិ​លេខ ៣១ និង ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានធ្វើ​ឡើង​កាលពី​នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ផ្លូវជាតិលេខ ៣១ កំពុង​ឈានទៅចាក់ក្រាលកៅស៊ូ

ផ្លូវជាតិលេខ ៣១ ដែល​សាងសង់​មានប្រវែងសរុបជិត ៥៤ គីឡូម៉ែត្រ ចាប់​ពី​បែក​គុស (ចំណុចប្រសព្វផ្លូវ ជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ ត្រាច (ចំណុច​តភ្ជាប់ផ្លូវជាតិលេខ ៣៣)​។ ផ្លូវនេះត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ (AC) មានកម្រាស់ ៧ សង់ទីម៉ែត្រ ដោយ​ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។

ចំណែកផ្លូវជាតិលេខ ៣៣ ដែល​មានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំង​ផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ៧០៩) ត្រូវស្ដារនិងលើកកម្រិត​គុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥ សង់ទីម៉ែត្រ និងកម្រាស់ ៧ សង់ទីម៉ែត្រ ព្រម​ទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ។ មានកំណាត់ផ្លូវចំនួន ៤ ទីតាំង នឹងត្រូវពង្រីកជា ៤ គន្លង (២ គន្លងទៅ ២ គន្លងមក) ប្រវែងសរុប ១,៤៣១ ម៉ែត្រ និង ១ ទីតាំងទៀតនឹងត្រូវពង្រីកជា ៦ គន្លង (៣ គន្លងទៅ ៣ គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។

គម្រោងស្ថាបនាផ្លូវជាតិទាំងពីរខ្សែនេះ ក៏មានបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥ កន្លែង នៅ​លើ​ខ្សែផ្លូវ​នីមួយៗ ដែល​គ្រោងប្រើ​ពេលវេលា​សាងសង់ចំនួន ៤០ ខែ បញ្ចប់​នៅក្នុងឆ្នាំ២០២៦។

ផ្លូវ​ជាតិ​លេខ ៥

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ បាន​បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ​ចែកចេញ​ជា ៣ ផ្នែកធំៗរួមមាន កំណាត់​ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី​២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែងសរុប ៣០៤ គីឡូម៉ែត្រ។

ការធ្វើឲ្យប្រសើរឡើងវិញនៃផ្លូវជាតិលេខ៥ គឺជាគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធដ៏​ធំមួយ​នៅក្នុង​ប្រទេសកម្ពុជា ដោយសារផ្លូវ​មួយខ្សែនេះ​មានប្រវែងវែងតភ្ជាប់ពីរាជធានីភ្នំពេញ រហូតទៅដល់​ច្រកព្រំដែនកម្ពុជា-ថៃ ភាគពាយព្យ ឆ្លងកាត់ខេត្តចំនួន ៥ រួមមាន៖ កណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ហើយក៏ជាផ្លូវសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាផងដែរ។

ការ​សាងសង់​ផ្លូវជាតិលេខ៥ ដែលជា​ផ្លូវអាស៊ានហាយវ៉េលេខ ១ ត្រូវផ្ដោតសំខាន់លើគុណភាព និងអាច​ប្រើប្រាស់បាន​យូរ​អង្វែង​ដោយ​ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រ មាន​សួនពុះកណ្តាល​ ដោយបានចំណាយថវិកា​សាងសង់ប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ក្រោម​កម្ចី​ឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន។

ផ្លូវ​ជាតិ​លេខ ៧៣ ផ្លូវ​ខេត្ត ៣៧៧ និង​ផ្លូវ​ខេត្តលេខ ៣៧៧ A

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង​ ៣ ខ្សែ ក្នុងខេត្តក្រចេះប្រវែង​ជាង ៩៨គ.ម បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ឆ្នាំ ២០២៣ ដោយគ្រោងចំណាយពេល ១៨ ខែ និង ថវិកាប្រមាណ ៤០ លានដុល្លារ​។

ក្នុងនោះកំណាត់ផ្លូវជាតិលេខ ៧៣ មាន​ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់​ស្ពាន​កំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) ត្រូវស្តារពង្រីក និង​លើកកម្រិត​គុណភាព​ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និង​ក្រាលបេតុង​សរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ១០-១៣ ម៉ែត្រ (សម្រាប់​ផ្លូវ ២ គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤​គន្លង ក្នុងទីប្រជុំជន)។

ចំណែកឯផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A មានប្រវែងសរុប ៤៨,៦ គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ​ខេត្ត​លេខ ៣៧៧ មាន​ប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និង​ផ្លូវ​ខេត្តលេខ ៣៧៧A មាន​ប្រវែង ១៣,៦ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំ​សណ្តាន់ នៃស្រុកសំបូរ។

ផ្លូវខេត្តទាំង ២ ខ្សែនេះ នឹងត្រូវស្តារពង្រីកនិងលើកកម្រិតគុណភាព​ជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ (AC) កម្រាស់ ៥ សង់ទីម៉ែត្រ និង​ក្រាលបេតុងសរសៃដែក​កម្រាស់ ២០ សង់ទីម៉ែត្រ មាន​ទទឹង​ចាប់ពី ៧-១១ម៉ែត្រ មាន ២ គន្លងទៅមក ព្រមទាំងការ​សាងសង់ស្ពានថ្មីចំនួន ៩ កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។

ផ្លូវជាតិលេខ ៧១ សេ

ផ្លូវជាតិលេខ ៧១ សេ ​សាងសង់​ឡើង​ចាប់ផ្តើម​ពី​ស្រុក​ចំការលើ​​ឆ្លង​កាត់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​តភ្ជាប់​ទៅ​ដល់​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ។

ផ្លូវជាតិ​លេខ ៧១C ដែល​មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​​សាងសង់​កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ​២០២១ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូបេតុង (AC) កម្រាស់​ ៧ សង់ទីម៉ែត្រ ​ដែល​​ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ​ចំណាយ​ថវិកា​ប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

ផ្លូវ​ជាតិ​លេខ ២៣

កំណាត់ផ្លូវជាតិលេខ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡា​តភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ ២១B និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និង​ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយ​​ផ្លូវជាតិលេខ ១៤ ទិសដៅអ្នកលឿង ខេត្ត​ព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និង​តភ្ជាប់​ជាមួយ​បណ្តាញខ្សែផ្លូវ​ផ្សេងៗ​ដទៃទៀតនៅក្នុងតំបន់នេះ។

ចំណុច​ចាប់ផ្តើម​ផ្លូវ​នេះ​ ចាប់​ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់​ពី​គល់​ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្ត​លេខ​១៤) នៃ​ភូមិសាស្រ្ត​ខេត្តកណ្តាល។

គម្រោងត្រូវស្ថាបនាជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និង​ក្រាល​កៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ រយៈពេល​សាងសង់​ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកា​ដែលជាឥណទានសម្បទានរបស់ធនាគារ​អភិវឌ្ឍន៍​អាស៊ីសរុបប្រមាណ ២១,៦៨ លានដុល្លារអាមេរិក។

ផ្លូវ​ខេត្តលេខ ៣១២

ផ្លូវខេត្តលេខ៣១២ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលសាងសង់​ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្ត្រ​នៃ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែងរួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។

ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និង​ផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។

គម្រោង​ផ្លូវ​នេះ​ត្រូវស្ដារពង្រីកទទឹងតួផ្លូវពី ៤ ទៅ ៥ ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ ម៉ែត្រ និង​លើក​កម្រិត​គុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC មា​នកម្រាស់ ៦ សង់ទីម៉ែត្រ និង ៨ សង់ទីម៉ែត្រ​។ ផ្លូវនេះក្រាលបេតុងសរសៃដែកកម្រាស់ ២៥​ សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ ម៉ែត្រ និងមានគន្លងសម្រាប់​​​រថយន្ត និងគន្លង​សម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២ គន្លងទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទីutes មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា 

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

LDA White ចេញ បទ “អូសវ៉ាលី-OS VALI” ដែលកំពុងល្បីខ្លាំង ស្ដាប់ហើយញ័រជើង

នយោបាយ៤ ម៉ោង មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល ៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិត«ភេរវកម្ម»នៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងសាធារណការ៖ ការផ្សាយថា «គម្រោងព្រែកជីកហ្វូណនតេជោ ជាប់គាំងព្រោះបញ្ហាលុយវិនិយោគចិន» ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម