Connect with us

សេដ្ឋកិច្ច

កម្ពុជាជំរុញឱ្យក្រុមហ៊ុនជប៉ុនបន្តពង្រីកការវិនិយោគ និងលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា​ប្រទេសជប៉ុនជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបើកដំណើរការយ៉ាងរលូន។

លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) ទីក្រុងតូក្យូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ព្រមទាំង ឯកឧត្តម HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន។

ពិព័រណ៍កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ទេសចរណ៍ ផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ។

សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់សរុបចំនួន ៩០ បានដាក់តាំងបង្ហាញ និងផ្សព្វផ្សាយនូវម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរជាច្រើនមុខ ក្នុងនោះក្រុមហ៊ុនមកពីប្រទេសកម្ពុជា ដឹកនាំដោយក្រសួងពាណិជ្ជកម្ម មានចំនួន ៧ក្រុមហ៊ុន។ ​

លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មបច្ចុប្បន្នរបស់កម្ពុជា សក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។ ​ លោកបានចាត់ទុកប្រទេសជប៉ុនជាដៃគូដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងបានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជាឱ្យបានច្រើនថែមទៀត បន្ទាប់ពីក្រុមហ៊ុនជប៉ុនធំៗមួយចំនួនបានបើកដំណើរការនៅកម្ពុជា ដូចជា Minebea, Aeon Mall ហើយថ្មីៗនេះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នៅប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់បណ្តាក្រុមហ៊ុនធំៗ​របស់ជប៉ុន​នៅកម្ពុជា។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អាស៊ាន-​ជប៉ុន ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សិក្ខា​សាលា​វិនិ​យោគ​កម្ពុជា​ឆ្នាំ​២០២៣ ដោយ​ក្នុង​ឱកាស​នោះ​លោក​បាន​ស្នើ​ឱ្យ​វិនិយោ​គិន​ជប៉ុន​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន ជា​មួយ​គ្នា​នោះ​លោក​ក៏​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ធ្វើ​ការ​សិក្សា​រួម​គ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា-​ជប៉ុន (Cambodia-Japan Special Economic Zone) នៅ​កម្ពុជា​ផងដែរ​។

បច្ចុប្បន្នកម្ពុជាក៏កំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះ​នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនក្នុងគោលបំណងដើម្បីជំរុញការដោះដូរទំនិង ការផ្តល់ព័ត៌មានវិនិយោគជាពិសេសសម្រាប់ដាក់តាំងបង្ហាញផលិតផលខ្មែរ។​

បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹក​ប្រាក់​សរុប ៣២៥,៦៥​លាន​ដុល្លារ កើន​ឡើង ៩,៣​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ ២៩៨,០៦​លាន​ដុល្លារ។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន​ ២៣៧,២២​លាន​ដុល្លារ កើន​ ១៥,៣​ភាគ​រយ​ ចំណែក​ទំនិញ​ជប៉ុន​នាំ​មក​កម្ពុជា ៨៨,៤៣​លាន​ដុល្លារ ថយ​ចុះ ៤,៣​ភាគ​រយ​។ ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន ស្មើ​នឹង​ ៤,០១​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ក្នុង​ខែ​មករា-កុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​ ៨,១២​ពាន់​លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

កីឡា១៦ នាទីutes មុន

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

សេដ្ឋកិច្ច១៨ នាទីutes មុន

កម្ពុជា-ហ្វីលីពីន បង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ស្ងាត់ៗ! បទឈប់​បាញ់​មួយ​សម្រេច​នៅ​មីយ៉ាន់ម៉ា ​ក្រោម​ការ​សម្របសម្រួល​របស់​ចិន​

Sokha Hotels

ព័ត៌មានពេញនិយម