ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ
នៅរាត្រីថ្ងៃទី០៧ ខែឧសភា នេះ តាមរយៈទំព័រហ្វេសប៊ុក អ្នកនាំពាក្យក្រសួងការពាតិកម្ពុជា នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានប្រតិកម្មតបថា វត្តមាននាវាជើងទឹកចិនចំនួន២គ្រឿង ដែលចូលចតនៅកំពង់ផែរាម គឺទទួលបានការឯកភាពគ្នាពីសំណាក់ក្រសួងការពារជាតិកម្ពុជា-ចិន ក្នុងគោលដៅដើម្បីធ្វើសមយុទ្ធយោធារួមគ្នា មិនមែនមកតាំងមូលដ្ឋានទ័ពលើទឹកដីកម្ពុជាឡើយ។ ការប្រតិកម្មតបបែបនេះ បន្ទាប់ពីកាលពីពេលថ្មីនេះៗ មានវិទ្យុបរទេសមួយ បានផ្សាយថាវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុក ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។
លោក ឈុំ សុជាត បានអះអាងថា វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ។
អ្នកនាំពាក្យបានរំឮកថា ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។
លោក ឈុំ សុជាត បានបន្តរំឮកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជា ក៏បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះដោយកម្ពុជាមានភាពចាំបាច់ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?»។
ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និងទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានដាក់ក្ដីរំពឹងថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន