Connect with us

ព័ត៌មានជាតិ

“បង្គោលអង់តែន​” ២៩៨ បង្គោល​ទៀតសាង​សង់បន្ថែម ​​បង្កើន​​សេវា​​គ្របដណ្តប់​កាន់តែទូលាយ​តាម​​ខណ្ឌទាំង ១៤ នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

“បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ត្រូវ​បាន​សាងសង់បន្ថែម​ដែលនឹង​ជួយ​​លើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិតនៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​។

នៅ​ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ របស់ក្រសួង​ប្រៃសណីយ និងទូរគមនាគមន៍កាលពីពេលថ្មីៗ​នេះ បាន​បង្ហាញ​វឌ្ឍនភាព​សម្រេច​បានក្នុងការ​​លើកកម្ពស់ការផ្តល់សេវាទូរគមនាគមន៍នៅតាមបុរីនិងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា គិតមកដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីបាន​​សាង់សង់ “បង្គោលអង់តែនរួម” ចំនួន ៧៤ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗ​ អាចបំពាក់​បានស្ថានីយ​អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាម​ការបានគ្រោងទុក។

ដោយឡែក​នៅ​​តាម​ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក៏​បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ដែលស្ថានីយ​អង់តែន​ចំនួន ៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះ​មាន​ក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ​អង់តែន​បន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ កន្លងទៅ​បានប្រកាស​​ដាក់ចេញ​​គោលនយោបាយ​លើការ​ប្រើប្រាស់​បង្គោល​អង់តែនរួមគ្នា ​​ដើម្បី​ពង្រឹង​គុណភាព​សេវា​ដល់​គោល​ដៅ​អាទិភាព និង​តំបន់ដាច់​ស្រយាល។ ការ​ដាក់​ចេញ​គោលនយោបាយ​លើ​ការ​ប្រើប្រាស់​បង្គោល​អង់តែន​រួម នឹង​សម្រួល​ការ​ប្រើប្រាស់​កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើត​លំហ​អាកាស​ដែល​​​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​វិស័យ​ទេសចរណ៍កាលពី​ថ្ងៃ ១៤ កក្កដា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្រ្តីកម្ពុជា​សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ពង្រឹង​លើ​ការ​ផ្តល់​សេវា​អ៊ីនធឺណិតទាំង​ក្នុង​ទីក្រុង​និង​តាម​ទី​ជនបទ។

សម្តេច​តេជោបាន​គូស​បញ្ជាក់ថា ការពង្រីក​វិសាលភាព​សេវា​​ឲ្យទូលំទូលាយ នឹង​អាច​ទាក់ទាញ​បាន​អ្នកទេសចរមិនថា​តែ​ជាតិ​និង​អន្តរជាតិ​ឲ្យទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​ក្នុង​ប្រទេសកាន់តែច្រើន​ថែមទៀត។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍​បានរក​ឃើញថា បញ្ហា​សេវា​ទូរសព្ទគឺ​បណ្តាល​​​មកពី​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​មួយ​ចំនួន នៅ​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​មិនទាន់​សម័យកាល កំណើន​នៃ​សំណង់​អគារ​​ខ្ពស់ៗ កំណើន​នៃ​ការ​ប្រើប្រាស់​សេវា​ទូរសព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត។

ក្រៅពីនេះ​ក៏មាន​បញ្ហា​ឧបករណ៍​កែច្នៃ ដែល​មិន​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ស្ថានីយ​អង់តែន​ភាគច្រើន​សាងសង់​នៅតែ​តំបន់​ទីប្រជុំជន ការ​ដំឡើង​ឧបករណ៍​បង្កើន​កម្លាំង​សេវា​ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​រំខាន ការនាំចូល​ទូរសព្ទ​មួយ​ទឹក​ដែល​គ្មាន​គុណភាព រួម​នឹង​ចំណុច​សំខាន់​មួយ​ចំនួន​ទៀត។

តាមទិន្នន័យដែលក្រសួង និងក្រុមអ្នកជំនាញអន្តរជាតិ បានស្រាវជ្រាវឃើញថា នៅទូទាំងរាជធានីភ្នំពេញ ត្រូវ​សាងសង់​បង្គោលអង់តែនប្រមាណ ១១០០ បង្គោល តែកន្លងមកបើតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនឯកជន គឺមានត្រឹមតែ​ ៦៥៦ បង្គោលប៉ុណ្ណោះ។

ត្រឹមឆ្នាំ ២០២៧ រដ្ឋាភិបាល​បានដាក់គោលដៅក្នុង​ការ​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ 4G និងសេវាអ៊ីនធឺណិត​ឲ្យ​បាន​ដល់គ្រប់​គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅ​តាម​ទីជនបទ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យុទ្ធនាការ​ចាក់​វ៉ាក់សាំងនៅប៉ាគីស្ថាន​​រងការវាយប្រហារ​​សម្លាប់​​មនុស្ស​៩​នាក់រួម​ទាំង​កុមារ៥នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ទោះ​បី​កៀក​បោះឆ្នោត អាមេរិក​នៅតែ​បញ្ជូន​ជំនួយ​​យោធា​តម្លៃ​៤២៥​លាន​ដុល្លារ​ទៅ​​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​មនុស្ស​យ៉ាងហោច​១៤​នាក់​ស្លាប់​ក្នុង​ហេតុការ​ណ៍​បាក់ដំបូលស្ថានីយរថភ្លើងនៅស៊ែប៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា

Sokha Hotels

ព័ត៌មានពេញនិយម