សេដ្ឋកិច្ច
ក្រុមធុរកិច្ចទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចថៃ ដោយសារភាពយឺតយ៉ាវនៃការនាំចេញ
ក្រុមធុរកិច្ចឈានមុខគេរបស់ថៃ បានចេញការព្យាករណ៍នៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសរំពឹងថានឹងកើនឡើងពីចន្លោះ ២,២ ទៅ ២,៧ ភាគរយនៅឆ្នាំ ២០២៤ នេះ ដោយទម្លាក់ពីការព្យាករណ៍លើកមុនក្នុងចន្លោះ ២,៨ ទៅ ៣,៣ ភាគរយ ដោយសារតែការស្ទុះងើបឡើងវិញនៃការនាំចេញ មានដំណើរយឺតយ៉ាវ។ នេះបើតាមរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) ដែលមានអ្នកជំនាញតំណាងពីវិស័យទាំងនេះ បាននិយាយថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ ឥឡូវនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី ០,៥ ទៅ ១,៥ ភាគរយ នៅឆ្នាំនេះ ខណៈតួលេខព្យាករណ៍កាលពីលើកមុន រំពឹងថាវានឹងកើនឡើងពី ២ ទៅ ៣ ភាគរយ។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញបានធ្លាក់ចុះ ០,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចថៃ បានកើនឡើង ១,៩ ភាគរយ ដោយទាបជាងកំណើន ២,៥ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមមុខនឹងបំណុលគ្រួសារខ្ពស់ រួមជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ដែលបង្កជាផលប៉ះពាល់ជាដើម។
គួរគូសបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុថៃ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ខ្លួន មកត្រឹម ២,៤ ភាគរយ ពី ២,៨ ភាគរយ។ យ៉ាងណាមិញ ក្រសួងបាននិយាយថា កំណើនសេដ្ឋកិច្ចនៅតែអាចឈានដល់ ៣,៣ ភាគរយ ប្រសិនបើ «ផែនការជំរុញជីវភាពគ្រួសារ» ដែលត្រូវចំណាយប្រាក់សរុប ៥០០ ប៊ីលានបាត (១៣,៥ ប៊ីលានដុល្លារ) របស់រដ្ឋាភិបាល នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ ដូចដែលបានគ្រោងទុក។
ក្រៅពីការនាំចេញយឺត ផ្ទុយទៅវិញ JSCCIB បាននិយាយថា វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងថានឹងទទួលភ្ញៀវបរទេសចំនួន ៣៥ លាននាក់នៅឆ្នាំនេះ ដែលចំនួននេះមិនផ្លាស់ប្ដូរពីការព្យាករណ៍ឆ្នាំមុននោះទេ។
យ៉ាងណាក៏ដោយ ក្រុមធុរកិច្ចដដែល បាននិយាយថា ផែនការរបស់រដ្ឋាភិបាលលើការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការវិនិយោគ ហើយគណៈកម្មាធិការរបស់ខ្លួន នឹងផ្ញើរលិខិតមួយទៅកាន់ក្រសួងការងារ ដើម្បីសុំឱ្យពិចារណាឡើងវិញលើជំហាននេះ។
កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានការពារផែនការរបស់លោកក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃទូទាំងប្រទេសចំនួន ៤០០ បាត (១០, ៨ ដុល្លារ) ដោយនិយាយថា វាជាការចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈក្រុមអាជីវកម្មបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ពីការដំឡើងនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា