ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់ រកឃើញមានសារធាតុញៀន នឹងពាក់ព័ន្ធគ្រឿងញៀនទេ
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានសរុប ១៧៣១រូប ដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀននៅទីស្តីការក្រសួងព័ត៌មានកាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺគ្មានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់ ត្រូវបានរកឃើញថា មានសារធាតុញៀននិងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទេ។ នេះជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

ក្រសួងព័ត៌មានដោយ មានការសហការជាមួយមន្ត្រីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន បញ្ចប់ការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីនៃក្រសួងព័ត៌មានកាលពីល្ងាចថ្ងៃទី៨ ខែឧសភាក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការរីករាយជាមួយលទ្ធផលដ៏ល្អនេះ និងសូមថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មានទាំងអស់ដែលបានចូលរួមសហការនិងអនុវត្តកាតព្វកិច្ចនេះប្រកបដោយការទទួលខុសត្រូវ។ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបញ្ជូនមន្ត្រីជំនាញមកចូលរួមធ្វើតេស្តរកសារធាតុញៀន ក៏ដូចជាដើម្បីពង្រឹងបន្ថែមលើសមត្ថភាពមន្ត្រីបង្គោលទទួលបន្ទុកលើការប្រឆាំងគ្រឿងញៀនរបស់ក្រសួងព័ត៌មានដើម្បីបន្តអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ បង្ការ និងប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។

លោក នេត្រ ភក្ត្រា បានថ្លែងថាវិធានការនៃការធ្វើតេស្តសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀនក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធភាព ដោយធ្វើការកៀរគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕










-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?