ព័ត៌មានជាតិ
ទោះបីមានពិការភាពក្តី ប៉ុន្តែយុវតី អុន ឡេន ជម្នះគ្រប់ឧបសគ្គដើម្បីសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាក្តីស្រមៃរបស់ខ្លួន
បើទោះបីជាកាយសម្បទាមានពិការភាព និងមកពីគ្រួសារក្រីក្រក៏ពិតមែន ប៉ុន្តែ យុវតី អុន ឡេន ពុំដែលបោះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតនោះឡើយ ដូចនេះហើយទើបយុវតីមួយរូបនេះ បានពុះព្យាយាមជំនះគ្រប់ឧបសគ្គ ដើម្បីបានចូលសិក្សាជំនាញរចនាក្រាហ្វិកកុំព្យូទ័រ ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ។

យុវតីរូបនេះបានបង្ហាញថា «គ្រួសារខ្ញុំលំបាកណាស់គ្មានលទ្ធភាពសិក្សាបន្តទេ ក៏ប៉ុន្តែក្រោយពីមានកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្នុងអាណត្តិទី៧នេះមក ទើបខ្ញុំមានឱកាសក្នុងការសិក្សាជំនាញផ្នែករចនាក្រាហ្វិកកុំព្យូទ័រ។ ខ្ញុំជ្រើសរើសរៀនជំនាញនេះពីព្រោះវាបង្កភាពងាយស្រួលសម្រាប់ខ្ញុំដែលជាជនមានពិការភាព»។

ទន្ទឹមនេះ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន យុវតី អុន ឡេន សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការសិក្សាជំនាញបច្ចេកទេសនេះចប់ ខ្លួននឹងមានជំនាញមួយច្បាស់លាស់ ហើយគ្រោងនឹងបង្កើតអាជីវកម្មតូចមួយផ្ទាល់ខ្លួននៅក្នុងភូមិកំណើតរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ដែលអាចផ្តល់សេវាកម្មរចនារូបភាព ថតចម្លងឯកសារ និងការបោះពុម្ពឯកសារផ្សេងៗជាដើមសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ យុវតីរូបនេះ ជឿជាក់ថា ជំនាញនេះនឹងអាចផ្លាស់ប្តូរជីវិត និងជីវភាពគ្រួសាររបស់ខ្លួន ខណៈបច្ចុប្បន្នគ្រួសារមានជីវភាពលំបាក និងពឹងផ្អែកទៅលើតែរបរបន្តិចបន្តួចតូចតាចនៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

យុវតី អុន ឡេន និយាយដោយភាពសប្បាយ និងក្តុកក្តួលថា ចំពោះការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ពុំមានការរើសអើងជនមានពិការភាព ហើយលោកគ្រូ អ្នកគ្រូ ក៏ដូចជាខាងវិទ្យាស្ថាន ថែមទាំងផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងចំពោះសិស្សគ្រប់ៗគ្នាទៀតផង។

ជាងនេះទៀត យុវតីរូបនេះ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានជួយជ្រោមជ្រែងដល់ខ្លួនយ៉ាងខ្លាំង ទាំងការស្នាក់នៅ ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដោយឡែកខាងសាលាវិញបានជួយដល់គ្រួសាររបស់ខ្លួនអំឡុងពេលសិក្សាជំនាញបច្ចេកទេសនេះផងដែរ។ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីខាងសាលា និងរាជរដ្ឋាភិបាលទេ នោះខ្លួនក៏ប្រហែលជាពុំមានលទ្ធភាពក្នុងការបន្តការសិក្សាជំនាញនេះទេ។

យោងតាមបទពិសោធន៍នៃការសិក្សាផ្ទាល់ យុវតី អុន ឡេន បញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺជាឱកាសមាសសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ ក្នុងចាប់យកការសិក្សាលើជំនាញពិតប្រាកដមួយនិងបន្តក្តីសង្ឃឹមទៅមុខទៀត។ យុវតីរូបនេះ អំពាវនាវឱ្យយុវជនគ្រប់រូប ជាពិសេសយុវជន និងពលរដ្ឋដែលមានពិការភាពសូមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលឱ្យបានគ្រប់ៗគ្នា ពីព្រោះកម្មវិធីនេះពុំរើសអើសដល់ជនមានពិការភាពនោះទេ ពលរដ្ឋគ្រប់គ្នាអាចចុះឈ្មោះចូលរៀនបានគ្រប់ពេល។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងពុម្ព ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។

សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?