ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
ក្រុមអ្នកចម្បាំងរុស្ស៊ីកាលពីថ្ងៃសុក្របានបញ្ចេញរថពាសដែកបើកការវាយលុកតាមដីគោកដំណាក់កាលថ្មីនៅជិតទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ នៅភាគឦសានរបស់អ៊ុយក្រែន ខណៈទាហានទាំងនោះក៏បានឆ្លងកាត់ព្រំដែនតាមច្រកតូចៗទៅកាន់ភាគខាងកើត និងភាគខាងត្បូងផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ក្រៅពីការបញ្ចេញរថពាសដែក កងកម្លាំងទីក្រុងមូស្គូក៏បានទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់កាំភ្លើងធំទៅលើទីក្រុង Vovchansk ខណៈជាការឆ្លើយតប អ៊ុយក្រែនក៏បានបញ្ជូនកម្លាំងទ័ពមកកាន់តំបន់ព្រំដែនមួយនេះផងដែរ ហើយការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងតែម្ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងកៀវថា “រុស្ស៊ីបានចាប់ផ្តើមរលកថ្មីនៃប្រតិបត្តិការវាយលុកក្នុងទិសដៅគ្រប់គ្រងទីក្រុងអ៊ុយក្រែន ហើយឥឡូវនេះមានការប្រយុទ្ធគ្នាយ៉ាងសាហាវនៅតាមទីក្រុងព្រំដែន” ។
ចំណែកក្រសួងការពារជាតិអ៊ុយក្រែនក៏បានបញ្ជាក់ដែរថា រុស្ស៊ីបានបើកការវាយប្រហារដោយរថពាសដែកកាលពីវេលាម៉ោងប្រហែល ៥ ព្រឹកថ្ងៃសុក្រ ហើយសមរភូមិប្រយុទ្ធមួយនេះបានអូសបន្លាយពេលដល់ម៉ោង ១០ យប់ ខណៈរហូតមកដល់ពេលនេះ កងកម្លាំងអ៊ុយក្រែននៅតែបន្តការពារការវាយសន្ធាប់របស់រុស្ស៊ីដើម្បីកុំឲ្យរាលដាលចូលដល់ទីក្រុងផ្សេងទៀត ។
រីឯក្រុមអ្នកវិភាគមើលឃើញថា ការបង្កើនប្រតិបត្តិការប្រយុទ្ធដំណាក់កាលថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែនកើតមានឡើង ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ជាពិសេសគេកត់សម្គាល់ពីសុន្ទរកថារបស់លោកពាក់ព័ន្ធនឹងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។
លោក ពូទីន បានលើកឡើងថា “លោកច្បាស់ក្នុងចិត្ត រុស្ស៊ីនឹងលើកទង់ជ័យក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន ដោយសារតែភាពក្លាហាន និងវីរភាពរបស់អ្នកចម្បាំងរុស្ស៊ី ។ លក្ខខណ្ឌទាំងនេះហើយ ទើបគ្មានអ្វីត្រូវសង្ស័យនោះទេដែលកងកម្លាំងទីក្រុងមូស្គូយកជ័យជម្នះនៅលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន” ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិតព្រំដែន ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា