ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយបើកចំហរ និងពហុភាគីនិយម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត លើកឡើងថា កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ។ ការលើកឡើងនេះនៅក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំនេះ មានការចូលរួមពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិល្បីៗជាច្រើននាក់ ក្រោមការរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា។ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកកម្មវិធីពិព័រណ៍នេះ ជាវេទិកាសំខាន់ ដែលប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុង និងក្រៅប្រទេសដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម ក៏ដូចជាឱកាសផ្គូផ្គង និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។

បន្ថែមលើវត្តមានរបស់ក្រុមហ៊ុនអន្តរជាតិមករកទីផ្សារនៅកម្ពុជាក្នុងពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិនេះ លោក វង្សី វិស្សុត ក៏ចង់ឱ្យមានការដាក់តាំងផលិតផលខ្មែរកាន់តែច្រើននៅក្នុងពិព័រណ៌បែបនេះ ដើម្បីពង្រីកឱកាសនាំចេញផលិតផលខ្មែរទៅកាន់ពិភពលោក។ បន្ថែមលើទិដ្ឋភាពពាណិជ្ជកម្ម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចទស្សនាទានថា ពាណិជ្ជកម្ម និងការវិនិយោគ ត្រូវតែផ្សារភ្ជាប់គ្នា ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា ពិព័រណ៍នេះក៏នឹងនាំមកនូវឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជាផងដែរ ទាំងបច្ចេកវិទ្យា ចំណេះដឹង ចំណេះធុរកិច្ច និងជំនាញថ្មីៗ ដើម្បីបង្កើនតម្លៃបន្ថែម និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ អះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់គោលនយោបាយ សកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ ទោះបីជាពិភពលោកកំពុងតែប្រឈមនឹងបញ្ហាភាពមិនប្រាកដប្រជាជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ដោយសារការប្រែប្រួលភូមិសាស្ត្រនយោបាយ ការបែកបាក់ប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ ក្នុងបរិបទនេះ លោកវង្សី វិស្សុត បានលើកទឹកចិត្តឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកត្រូវចេះពង្រីក និងចាប់យកឱកាសវិនិយោគជាពិសេសក្នុងប្រទេសកម្ពុជា។
លោក ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលវិនិយោគនៅកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាពក្នុងរយៈពេលវែង ដោយផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងលិខិតបទដ្ឋានពាក់ព័ន្ធ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពនានា ហើយរាជរដ្ឋាភិបាលតែងតែខិតខំការពារយ៉ាងម៉ឺងម៉ាត់ និងរក្សាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។

ក្នុងបរិបទខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផលជាតិ, លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត, ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច, និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លើសពីនេះ លោក វង្សី វិស្សុត ក៏បានលើកឡើងនូវវិធានការមុតស្រួចជាកញ្ចប់ ដែលត្រូវបានដាក់ចេញដោយសម្តេច ធិបតី នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន និងបង្ហាញថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលនូវវិនិយោគិន និងការវិនិយោគថ្មីៗបន្ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ