ព័ត៌មានជាតិ
មន្រ្តីជំនាញក្រើនរំលឹក ២ ចំណុច មុនវិនិយោគទីផ្សារមូលបត្រ ការពារការឆបោក
ប្រទេសកម្ពុជាទើបចាប់ផ្តើមដំណើរការវិនិយោគវិស័យទីផ្សារមូលបត្រជាង ១០ ឆ្នាំ ពោលពីឆ្នាំ ២០១១ ដែលមានក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមបោះផ្សាយមូលបត្រសម្រាប់វិនិយោគិន។
គិតដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២២ ដែលបានបោះផ្សាយលក់មូលបត្រនៅទីផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់បានប្រមាណ ៤០០ លានដុល្លារ។ នេះបើតាមមន្រ្តីជាន់ខ្ពស់និយ័ករមូលបត្រកម្ពុជា។
ខណៈដែលការវិនិយោគវិស័យទីផ្សារមូលបត្រហាក់ថ្មីថ្មោងសម្រាប់ប្រទេសកម្ពុជា មន្រ្តីជំនាញបានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងយល់ដឹងពីការវិនិយោគលើវិស័យមួយនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការចាញ់បោកនាំឲ្យខាតបង់ទ្រព្យសមត្តិ។
លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា
លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានឲ្យដឹងថា និយតករមូលបត្រកម្ពុជាគឺជាអាជ្ញាធរដែលគ្រប់គ្រងត្រួតពិនិត្យវិស័យមូលបត្រនៅប្រទេសកម្ពុជា។ និយ័តករមូលបត្រកម្ពុជាបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំ និងអភិវឌ្ឍវិស័យនេះតាំងពីចាប់ផ្ដើមពីចំណុចសូន្យ ដោយបានកសាងមូលដ្ឋានគ្រឹះ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ក៏ដូចជាបានដាក់ឲ្យអនុវត្តបទបញ្ញត្តិជាច្រើន ក្នុងទិសដៅធ្វើយ៉ាងណាអភិវឌ្ឍទីផ្សារប្រកបដោយតម្លាភាព សុវត្ថិភាពដល់វិនិយោគទុន។
បច្ចុប្បន្ននៅទូទាំងសាកលលោក ក៏ដូចជានៅក្នុងតំបន់និងក្នុងប្រទេសកម្ពុជា មានការឆបោកជាច្រើនលើការវិនិយោគវិស័យហិរញ្ញវត្ថុដែលទាមទារឲ្យមានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរនិងវិនិយោគិនទូទៅ។
បើតាមអគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា និយ័តករមូលបត្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារវិនិយោគិន និងផលប៉ះពាល់សម្រាប់ការវិនិយោគលើវិស័យទីផ្សារមូលបត្រ ដើម្បីទប់ស្កាត់ការឆកបោកការវិនិយោគ ដែលនាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងទំនុកចិត្តលើទីផ្សារមូលបត្រកម្ពុជា។
បន្ថែមការដាក់ចេញបទបញ្ញត្តិការពារអ្នកវិនិយោគ មន្រ្តីជាន់ខ្ពស់និយ័ករមូលបត្រកម្ពុជាបានអះអាងថា អ្នកវិនិយោគខ្លះអត់គិតពីសុវត្ថិភាពសាច់ប្រាក់ ធ្វើម៉េចគិតប្រាក់ចំណេញឲ្យបានច្រើន។ មន្រ្តីជំនាញរូបនេះបានណែនាំគន្លឹះពីរចំណុចក្នុងការវិនិយោគលើទីផ្សារមូលបត្រ ដើម្បីធានាថាការវិនិយោគមានសុវត្ថិភាព។
លោកថា ទីមួយត្រូវមើលតើក្រុមហ៊ុនមានអាជ្ញាប័ណ្ណឬអត់?។ ទីពីរមានអាជ្ញាប័ណ្ណមិនទាន់គ្រប់គ្រាន់ទេ មានអាជ្ញាប័ណ្ណហើយតើក្រុមហ៊ុនមានយន្តការស្របតាមបទបញ្ញត្តិនិយ័តករមូលបត្រកម្ពុជា ក្នុងការថែរក្សាទ្រព្យសម្បត្តិសាច់ប្រាក់របស់អ្នកវិយោគដែរឬទេ?។
តាមបទបញ្ញត្តិ រាល់សាច់ប្រាក់របស់វិនិយោគិន ត្រូវដាក់ក្នុងគណនីសាច់ប្រាក់របស់អតិថិជននៅធនគារទូទាត់សាច់ប្រាក់ដែលទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។ មូលហេតុ មន្រ្តីជំនាញរូបនោះបានពន្យល់ថា សាច់ប្រាក់ក្នុងគណនីនោះនឹងមិនបាត់បង់ទៅណាទេ។ សាច់ប្រាក់នោះសុទ្ធតែជាសាច់ប្រាក់របស់អតិថិជនមិនមែនរបស់ក្រុមហ៊ុន ឬឈ្មួញជើងសារ ( Broker) មានន័យថា ក្រុមហ៊ុនឬឈ្មួញជើងសារ មិនអាចដកសាច់ប្រាក់ដើម្បីបម្រើជាប្រយោជន៍ក្រុមហ៊ុន ឬបុគ្គលណាមួយបាននោះទេ។ បើចង់ដក ត្រូវស្នើទៅអតិថិជនទើបក្រុមហ៊ុនអាចដាក់សំណើទៅធនាគារ ដែលទាំងនោះបានចែងកំណត់យ៉ាងច្បាស់ក្នុងបទបញ្ញត្តិ។
ជុំវិញកិច្ចការពារដល់អ្នកវិនិយោគ មន្រ្តីនិយ័តករមូលបត្រកម្ពុជាបានអះអាងថា និយ័តករមូលបត្រកម្ពុជាតែងតែមានភាពបុរេសកម្មលើកិច្ចការពារអ្នកវិនិយោគ មិនមែនរង់ចាំកើតមានបញ្ហាទើបដោះស្រាយតាមក្រោយនោះទេ។
លោក ជា សុធា អគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង ជាក្រុមហ៊ុនឈ្មួញជើងសារដែលទទួលបានអាជ្ញាប័ណ្ណជួញដូរឧបករណ៍និស្សន្ទ ក៏ដូចជាអាជ្ញាបណ្ណជួញដូរផ្សារភាគហ៊ុនក្នុងប្រទេសកម្ពុជាបានមើលឃើញជាទូទៅថា រាល់អ្នកវិនិយោគច្រើនតែមើលឃើញប្រាក់ចំណេញជាធំ។
យ៉ាងណាក្នុងនាមជាក្រុមហ៊ុនស្របច្បាប់ ដែលអនុលោមតាមបទបញ្ញត្តិនិយ័តករមូលបត្រកម្ពុជា លោក ជា សុធា បានគូសបញ្ជាក់ថា ដើម្បីគាំពារវិនិយោគិន ក្រុមហ៊ុនភីភី លីង មានភ្នាក់ងារទូទាត់សាច់ប្រាក់ដែលមានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។
លោក ជា សុធា អគ្គនាយក និងអភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង
ក្រៅពីលើកឡើងពីយន្តការគ្រប់គ្រងថែរក្សាការពារសាច់ប្រាក់របស់អតិថិជនដែលវិនិយោគលើវិស័យផ្សារមូលបត្រ លោកលោក ជា សុធា បានលើកទឹកចិត្តឲ្យពលរដ្ឋឬអ្នកវិនិយោគត្រូវស្វែងយល់អ្វីទៅជាភ្នាក់ងាររក្សាសាច់ប្រាក់របស់ក្រុមហ៊ុននៅក្នុងវិស័យមូលបត្រ ដែលវិស័យមូលបត្រលោកចង់និយាយសម្តៅការជួញដូរលើឧបករណ៍និស្សន្ទ និងផ្សារមូលបត្រ។
ទាក់ទងការវិនិយោគលើវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា លោក Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក និងជាអ្នកវិនិយោគមួយរូបបានលើកឡើងពីសក្តានុពលនៃការវិនិយោគវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដែលកំពុងមានភាពរីកចម្រើន ហើយដែលលោកមើលឃើញថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺជារជ្ជកាលមាសសម្រាប់ការវិនិយោគវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
លោក Albert Tan ប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក
លោកអះអាងថា ដោយសារបទពិសោធន៍ដែលលោកបានវិនិយោគនៅប្រទេសជាច្រើន ដែលប្រទេសនីមួយៗតែងតែឆ្លងកាត់រជ្ជកាលនៃភាពរីកចម្រើន។ លោកថា អំឡុងពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០២៤ វិស័យហិរញ្ញវត្ថុប្រទេសកម្ពុជានឹងបន្តហក់ឡើង ហើយការហក់ឡើងនេះពាក់ព័ន្ធស្ថិរភាពនយោបាយ ស្របពេលសេដ្ឋកិច្ចប្រទេសកម្ពុជាបន្តកំណើន ជាមួយការហូរចូលនៃអ្នកវិនិយោគពីក្រៅកាន់តែច្រើន។
យ៉ាងណាមិញ អ្នកវិនិយោគិនរូបនេះដែលមានបទពិសោធន៍កៀគរអ្នកវិនិយោគទៅបណ្តាប្រទេសផ្សេងៗមើលឃើញចំណុចខ្វះខាតរបស់ប្រទេសកម្ពុជា គឹការផ្សព្វផ្សាយទៅអ្នកវិនិយោគទៅខាងក្រៅនៅមានកម្រិត។ ដើម្បីអាចឈានទៅរជ្ជកាលមាស ១០ ឆ្នាំខាងមុខ លោកថា ប្រទេសកម្ពុជាត្រូវតែបង្កើននិងជំរុញការផ្សព្វផ្សាយដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។
លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលថ្មីៗនេះបានដឹកនាំអ្នកវិនិយោគជាង ១០០ នាក់ មកស្វែងយល់ពីវិស័យទីផ្សារមូលបត្រប្រទេសកម្ពុជាបានឲ្យដឹងថា ខុសពីទីផ្សារមូលបត្រប្រទេសមួយចំនួន ទីផ្សារមូលបត្រប្រទេសកម្ពុជាកំពុងហក់ឡើងនិងមានឱកាសរីកលូតលាស់ទៅមុខ។
លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
ដោយដើរតួនាទីជាទូតសុច្ឆន្ទៈក្នុងការកៀគរអ្នកវិនិយោគក្នុងប្រទេសកម្ពុជា លោកថា ការតាំងចិត្តរបស់លោកគឺនាំអ្នកវិនិយោគបរទេសមកវិនិយោគក្នុងវិស័យមូលបត្រប្រទេសកម្ពុជាឲ្យបានច្រើន។
លោកក៏បានលើកឡើងទាក់ទងការផ្សព្វផ្សាយព័ត៌មានអាក្រក់ៗពីប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនថាតាមអ៊ីនធឺណិត ឬតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ ដោយលោកឆ្លើយតបថា ដើម្បីឲ្យយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា គឺអ្នកវិនិយោគត្រូវតែមកមើលជាក់ស្ដែងដោយខ្លួនឯងទើបមើលឃើញពីឱកាស ដោយមិនអាចវាយតម្លៃតាមតែគេនិយាយបាននោះទេ។ ជាយោបល់លោកថា មានតែមកមើលដោយផ្ទាល់ មកមើលជាក់ស្តែងទើបអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»