ព័ត៌មានអន្ដរជាតិ
លោក Zelensky បញ្ជាក់ប្រាប់គោលបំណងដែល រុស្ស៊ី បើកការវាយប្រហារដំណាក់កាលថ្មីលើ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងតាមរយៈវីដេអូមួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារឆ្លងព្រំដែនរបស់អ្នកចម្បាំងរុស្ស៊ីលើតំបន់ Kharkiv ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនគឺសំដៅធ្វើឲ្យកងកម្លាំងអ៊ុយក្រែនកាន់តែខើចទៅៗ ខណៈដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តពុះកញ្ជ្រោលក្នុងតំបន់ Donetsk ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។
លោក Zelensky បានលើកឡើងទៀតថា ប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាកំពុងឆេះរោលនៅសមរភូមិជួរមុខជាច្រើនក្នុងតំបន់ Donetsk បន្ថែមពីលើការបាញ់បោះដាក់គ្នាដែលក៏កំពុងបន្តនៅតំបន់ Kharkiv ហើយលោកប្រធានាធិបតីរូបនេះក៏បានទទួលស្គាល់ដែរថា អ៊ុយក្រែនពិតជាលំបាកក្នុងការទប់ទល់ជាមួយអ្នកចម្បាំងរុស្ស៊ី ប៉ុន្តែប្ដេជ្ញាចិត្តនឹងបង្អាក់ការវាយប្រហារមួយនេះឲ្យខានតែបាន ។
ក្នុងការវាយលុកដំណាក់កាលថ្មីនៅទីក្រុង Kharkiv នេះដែរ កងកម្លាំងរុស្ស៊ីក៏បានវាយដណ្ដើមយកការតាំងទីលំនៅចំនួន ៤ បន្ថែមទៀតផងដែរ ខណៈអភិបាលនៃតំបន់ Kharkiv បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងជើងនៃតំបន់មួយនេះកំពុងបន្តយ៉ាងសស្រាក់សស្រាំ និងទាំងយប់ទាំងថ្ងៃ ហើយក្នុងអំឡុងពេល ២ ថ្ងៃកន្លងមកនេះ ប្រជាជនប្រហែល ៤,០០០ នាក់ត្រូវបានជម្លៀសចេញ ។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រតិបត្តិការវាយលុកដំណាក់កាលថ្មីរបស់រុស្ស៊ីទៅលើតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយកងកម្លាំងទីក្រុងមូស្គូប្រើទាំងរថពាសដែក ការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ផ្លោងកាំភ្លើងធំផងដែរក្នុងប្រតិបត្តិសឹកមួយនេះ ។
រីឯក្រុមអ្នកវិភាគមើលឃើញថា ការបង្កើនប្រតិបត្តិការប្រយុទ្ធដំណាក់កាលថ្មីរបស់រុស្ស៊ីលើអ៊ុយក្រែនកើតមានឡើង ក្រោយពេលដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ជាពិសេសគេកត់សម្គាល់ពីសុន្ទរកថារបស់លោកពាក់ព័ន្ធនឹងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។
លោក ពូទីន បានលើកឡើងថា “លោកច្បាស់ក្នុងចិត្ត រុស្ស៊ីនឹងលើកទង់ជ័យក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន ដោយសារតែភាពក្លាហាន និងវីរភាពរបស់អ្នកចម្បាំងរុស្ស៊ី ។ លក្ខខណ្ឌទាំងនេះហើយ ទើបគ្មានអ្វីត្រូវសង្ស័យនោះទេដែលកងកម្លាំងទីក្រុងមូស្គូយកជ័យជម្នះនៅលើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន” ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ