Connect with us

ព័ត៌មានជាតិ

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម និងទេសចរណ៍

បានផុស

នៅ

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបដែលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ លោក​ Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប លោក​ Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក​ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។

បន្ថែមលើនេះ លោក​ឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក​នៅកម្ពុជា លោក​នឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោក​ Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។

សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់លោក​ឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ លោក​ឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១២ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម៣៣ នាទីutes មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម