Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយផែនការសម្ងាត់ថា អាល្លឺម៉ង់ គ្រោងកែនទាហានអាយុ១៨ឆ្នាំ ដើម្បីប្រយុទ្ធក្នុងសង្គ្រាម ណាតូ-រុស្ស៊ី

បានផុស

នៅ

តាមរយៈផែនការយោធាសម្ងាត់ដែលទម្លាយដោយសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យទី១២ខែឧសភា បានលាតត្រដាងថា ប្រទេសអាល្លឺម៉ង់ អាចគាស់យកច្បាប់កែនមនុស្សអាយុ១៨ឆ្នាំទាំងពីរភេទឲ្យចូលបម្រើកងទ័ពមកប្រើវិញ ដើម្បីត្រៀមប្រយុទ្ធ ព្រោះកំពុងភ័យថា សង្គ្រាមធំរវាងអង្គការណាតូ ជាមួយរុស្ស៊ី អាចនឹងកើតឡើងមែនទែន។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលទម្លាយថា កិច្ចពិភាក្សាដំណាក់កាលចុងក្រោយនៃច្បាប់នេះ កំពុងធ្វើឡើងជាមួយរដ្ឋមន្ត្រីការពារជាតិ Boris Pistorius ហើយគេនឹងប្រកាសផែនការផ្លូវការនេះ ជាសាធារណៈ នាខែក្រោយតែម្តង។

ចំណុចមួយដែលគេមើលឃើញក្នុងផែនការយោធានេះ, បុរសស្ត្រីទាំងអស់ នឹងត្រូវចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពនៅពេលពួកគេ ឈានចូលវ័យ១៨ឆ្នាំ។ ប៉ុន្តែយ៉ាងណា ការជ្រើសរើសស្រ្តីទំនងជាងទទួលការជំទាស់ជាក់ជាមិនខាន ព្រោះគោលនយោបាយពីមុនរបស់ប្រទេសអាល្លឺម៉ង់ស្តីពីការបំពេញកាតព្វកិច្ចយោធានេះ គឺត្រូវបានអនុវត្តចំពោះតែបុរសប៉ុណ្ណោះ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius (រូបថត៖ AFP)

គេនៅចាំបានថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនលោក Pistorius និយាយថា លោកទទួលស្គាល់, អាល្លឺម៉ង់ ពិតជាចាំបាច់ត្រូវមានកំណែទម្រង់នៃការកែនទាហានថ្មីមែន ហើយលោកថែមអះអាងទៀតថា ការសម្រេចចិត្តរបស់ប្រទេសនេះ ដែលផ្អាកការបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំ២០១១ គឺជា កំហុសដ៏ធំ។

ព័ត៌មាននេះទៀតសោត កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា កងកម្លាំងនុយក្លេអ៊ែររបស់លោក ត្រៀមលក្ខណៈប្រយុទ្ធពេញលេញអស់ហើយ ដើម្បីច្បាំងក្នុងសង្គ្រាមលោក។

(រូបថត៖ AFP)

ក្នុងសុន្ទរកថាចេញទីលានក្រហមនៃទីក្រុងមូស្គូ កាលពីសប្តាហ៍មុន លោក ពូទីន បានថ្លែងខ្លាំងៗទៅកាន់មន្ត្រីកំពូល កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋរុស្ស៊ីរាប់លាននាក់ថា យោធារុស្ស៊ី តែងប្រុងជើងការជាប់ជានិច្ច និងត្រៀមរួចជាស្រេច ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ច្បាស់ៗថា រុស្ស៊ី នឹងប្រើអំណាចធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងមិនឲ្យពិភពលោកកើតជម្លោះថ្មីទៀត ប៉ុន្តែក៏មិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយចំពោះរុស្ស៊ីដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមនឹងការផ្ទុះសង្គ្រាមធំមែនទែន ព្រោះតែបណ្តាមេដឹកនាំប្រទេសមហាអំណាច កំពុងសង្គ្រឺតធ្មេញដាក់គ្នា ជាពិសេសជុំវិញគំនិតរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលគិតចង់បញ្ជូនទ័ពទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៊ី ជាហេតុនាំឲ្យទីក្រុងមូស្គូ គំរាមសងសឹកម្តងហើយម្តងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម