Connect with us

ព័ត៌មានជាតិ

ព្រះចៅស៊ុលតង់ព្រុយណេ អញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ

បានផុស

នៅ

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រព្រុយណេ បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ។ នេះបើយោងតាមព្រះរាជសារព្រះចៅស៊ុលតង់ ផ្ញើជូនសម្ដេចតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញរបស់ព្រះចៅស៊ុលតង់ព្រុយណេ គឺធ្វើឡើងក្រោយពេលដែលព្រះអង្គទើបតែបានយាងមកកម្ពុជា កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។ ការយាងមកកាន់កម្ពុជារបស់ព្រះអង្គ គឺដើម្បីសោយព្រះក្រយាជាមួយសម្តេច តេជោ ហ៊ុន សែន ដែលជាប្អូន​ធម៌។

ព្រះរាជសារផ្ញើជូនសម្ដេចតេជោ ចុះថ្ងៃទី១​ ខែឧសភា ឆ្នាំ២០២៤​ ហើយទើបផ្សព្វផ្សាយនៅថ្ងៃនេះ ពោល គឺក្រោយយាង ត្រឡប់ទៅកាន់មាតុប្រទេសវិញ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមានក្តីរីករាយណាស់ដោយបានជួបសម្ដេចតេជោ ជាថ្មីម្តងទៀតក្នុងឱកាសព្រះរាជទស្សនកិច្ចថ្មីៗរបស់ខ្ញុំនៅប្រទេសកម្ពុជា ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំទទួលយ៉ាងល្អឥតខ្ចោះ ព្រមទាំងអាហារពេលព្រឹកដែលសម្តេចតេជោ បានរៀបចំទទួលនៅសណ្ឋាគាររ៉ូសវូដ (Rosewood)»

ព្រះចៅស៊ុលតង់ព្រុយណេ បានចាត់ទុកថា នេះជាឱកាសដ៏ល្អ ដែលព្រះអង្គបានជួបជាមួយកូនៗរបស់សម្ដេចតេជោ ដែលរួមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយនឹងការរម្លឹកពីព្រះរាជទស្សនកិច្ចនៅកម្ពុជា កន្លងទៅ ព្រះចៅស៊ុលតង់ព្រុយណេ ក៏បានអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា និងព្រុយណេផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម