Connect with us

សេដ្ឋកិច្ច

ស្វែងយល់​ពី​​​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វៀតណាម​-ចិន​​​របស់​វៀតណាម​

បានផុស

នៅ

ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វៀតណាម​-ចិន ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​​ក្រសួង​ផែនការ​ និង​វិនិយោគ​វៀតណាមកាល​ពី​ដើម​ខែ​មេសា​ ដោយ​គម្រោង​យក្សមួយ​​នេះ​ ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​ការ​សាង​សង់​មុន​ឆ្នាំ​ ២០៣០​។

​​ព័ត៌មាន​លម្អិត​របស់​​គម្រោង​​មិន​ត្រូវ​បាន​បញ្ចេញ​​ជា​លម្អិត​នោះ​ទេ​​​ ប៉ុន្តែ​យូធូប​ឆាណែល CNMega ដែល​តែង​​ផ្សាយ​ពី​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​យក្ស​ចិន​ផ្សេង​ៗនោះ​​ បាន​អះ​អាង​ថា​ គម្រោង​​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដដែល​​ នឹង​​ត្រូវ​ចំណាយ​ការ​វិនិយោគ​ប្រមាណ​ ៤០០ ប៊ីលាន​ដុល្លារ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចិន​ក្នុង​ការ​សាង​សង់​។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​​​ក្រសួង​ផែនការ​ និង​វិនិយោគ​វៀតណាម ផ្លូវ​រថ​ភ្លៀង​ល្បឿន​លឿន​ទាំង​២​ខ្សែ​រួម​មាន៖ ខ្សែទី​១​ ចាប់​ផ្ដើម​ពី​ទីក្រុង​កំពង់ផែ​ Haiphong ​និង​ Quang Ninh ​ឆ្លង​កាត់​ទីក្រុង​ហាណូយ​ រួច​ឆ្ពោះ​​ទៅ​ខេត្តព្រំដែន​​ Lao Cai ​​មុន​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខេត្ត​យូណាន​ ​​ប្រទេស​ចិន​ ហើយ​ខ្សែ​ទី​២​ចាប់​ផ្ដើម​ពី​ក្រុង​ហាណូយ​ ​កាត់​តាម​​​ខេត្ត​ Lang Son ឆ្ពោះ​ទៅ​ខេត្ត​ក្វាង​ស៊ី​ ​របស់​​​ចិន​។

ការ​ប្រកាស​ពី​គម្រោង​យក្ស​មួយ​នេះ​​ ធ្វើ​ឡើង​ក្រោយ​វៀតណាម​​បាន​និយាយ​ថា​ ខ្លួន​កំពុង​ស្វែង​រក​ការ​រៀន​សូត្រ​ពី​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន​​ ហើយ​​ថែម​ទាំង​បាន​​បញ្ជូន​មន្ត្រី​វៀតណាម​ទៅ​ធ្វើកា​រ​ជាមួយ​ក្រុម​ហ៊ុន​ផ្លូវ​ដែក​ចិន​ទៀត​ផង​​។​ វា​ក៏​ត្រូវ​បាន​ប្រកាស​ឡើង​ផង​ដែរ​ ក្រោយវៀតណាម​ ​​និង​ចិន​បាន​ចុះ​ហត្ថលេខាជាមួយ​គ្នា​ ​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រាប់​សិប​ រួម​ទាំង​ផ្លូវ​ដែក ​​ក្នុ​ង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​របស់​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនពីង​​ កាល​ពី​ចុង​ឆ្នាំ​មុន។

តំណរ​ភ្ជាប់​ផ្លូវ​ដែក​ល្បឿន​លឿន​ពី​វៀតណាម​ទៅ​ចិន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈ​សំខាន់ណាស់​​រវាង​​ប្រទេស​ទាំង​២​ ខណៈ​ចិន​គឺ​ជា​​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម​ និង​ជា​ប្រភព​សំខាន់​នៃ​ការ​នាំ​ចូល​សម្រាប់​វិស័យ​ផលិតកម្ម​របស់​​​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។ ប្រទេស​ទាំង​​២​ ​មាន​បណ្ដាញ​គមនាគមន៍​​ភ្ជាប់​រួច​ជា​ស្រេច​ហើយ​​​តាម​រយៈ​ប្រព័ន្ធ​ផ្លូវ​ហាយវេ ​និង​ផ្លូវ​រថភ្លើងចាស់​ៗ​​ចំនួន​​២​ខ្សែ​​ ​​ដែល​​ត្រូវ​ការ​ជួស​ជុល​ឡើង​វិញ​នៅ​ខាង​វៀតណាម​។ ​

បើ​តាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម​​ ពាណិជ្ជកម្ម​រវាង​ប្រទេស​គូ​វិវាទ​នៅ​សមុទ្រ​ចិន​​ខាង​ត្បូង​ទាំង​២​ ​នៅ​ក្នុង​ត្រីមាស​ទី​​១​នៃ​ឆ្នាំ​នេះ​ ​មាន​កំណើន​​ ២២ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​កើនដល់​ ៤៣,៦ ប៊ីលាន​ដុល្លារ​។ ​

គួរ​គូស​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​គម្រោង​​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វៀតណាម​-ចិន  វៀតណា​មក៏​កំពុងសិក្សា​​អំពី​គម្រោង​ខ្សែ​រថ​ភ្លើង​ល្បឿន​លឿន​ដ៏​ធំ ឈ្មោះ​ «ជើង​-ត្បូង​» ​ដែល​ត​ភ្ជាប់​រដ្ឋ​ធានី​ហាណូយ​ និង​​មជ្ឈ​មណ្ឌលពាណិជ្ជកម្ម​ទីក្រុង​ហូជីមិញ ​ផង​ដែរ​។ ​គម្រោង​ដែល​រំពឹង​ថា​នឹង​ផ្ដល់​មូលនិធិ​ដោយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​​​​ជប៉ុន​ និង​ដោយ​រដ្ឋាភិបាល​វៀតណាម​ផ្ទាល់​មួយ​នេះ​ គ្រោង​បញ្ចប់​ការ​សាង​សង់​រួច​រាល់ក្នុង​ប្រវែង​ជាង​ ២ ០០០ គីឡូម៉ែត្រ​​ ​នៅ​ឆ្នាំ​ ២០៥០​ និង​ចំណាយ​ទុក​វិនិយោគ​ ៧០ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម