ព័ត៌មានអន្ដរជាតិ
អាមេរិក ដំឡើងផែបណ្ដែតទឹក ដឹកជំនួយចូលតំបន់ហ្គាហ្សា
យោធាអាមេរិក បានចាប់ផ្ដើមដំឡើងផ្លូវ និងផែបណ្ដែតទឹក កាលពីយប់ថ្ងៃទី១៥ ខែឧសភាម្សិលមិញ ក្នុងគោលបំណងដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅឲ្យប្រជាពលរដ្ឋរស់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន UPI។
ការដំឡើងនេះ នឹងចំំណាយពេល ៤៨ម៉ោង ដែលសង់ចេញពីកំពង់ផែ Ashdod របស់អ៊ីស្រាអែល មានចម្ងាយប្រមាណ ២៤គីឡូម៉ែត្រពីភាគខាងជើងតំបន់ហ្គាហ្សា។ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ក្នុងជំហានដំបូង ផ្លូវទឹកថ្មីនេះ នឹងអនុញ្ញាតឲ្យមានឡានដឹកជំនួយប្រហែល ៩០គ្រឿងក្នុង១ថ្ងៃ ហើយតួលេខនេះ នឹងកើនដល់ប្រមាណ ១៥០គ្រឿងក្នុង១ថ្ងៃ នៅពេលផែ និងផ្លូវបណ្ដែតទឹកត្រូវបានដំឡើងរួចរាល់ជាស្ថាពរ។
បើតាមពិតទៅ ការសង់បណ្ដុំនៃផែ និងផ្លូវបណ្ដែតទឹក បានចប់រួចរាល់តាំងតែពីសប្ដាហ៍មុនមកម៉្លេះ ប៉ុន្តែដោយសារកត្តាអាកាសធាតុមិនអំណោយផលទើបការដឹកជញ្ជូនបណ្ដុំទាំងនោះមកដំឡើងមានសភាពយឺតយ៉ាវ។
មន្ត្រីមន្ទីរបញ្ចកោណ បានប៉ាន់ស្មានថា ការសង់ផែ និងផ្លូវបណ្ដែតទឹក ក្នុងគោលបំណងដឹកអាហារ និងជំនួយផ្សេងៗទៅហ្គាហ្សា នឹងចំណាយអស់ថវិកាប្រហែល ៣២០លានដុល្លារ។
គួររំឭកថា ហ្គាហ្សា មានផ្លូវគោកសម្រាប់ដឹកជំនួយមនុស្សធម៌ចំនួន ២ ដែលស្ថិតនៅតំបន់ Kerem Shalom និងក្រុង Rafah។ ប៉ុន្តែដោយសារតែក្រុមហាម៉ាសបានធ្វើការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីពេលថ្មីៗទើបខាងអ៊ីស្រាអែលសម្រេចចិត្តបិទការឆ្លងកាត់តំបន់ Kerem Shalom ជាបណ្ដោះអាសន្ន។ ដោយឡែកចំពោះការឆ្លងកាត់តាមក្រុង Rafah វិញ ក៏ត្រូវជាប់គាំងផងដែរ ខណៈដែលអ៊ីស្រាអែលបានចាប់ផ្ដើមវាយបំបុកចូលកាន់តែខ្លាំងប្រឆាំងនឹងកងកម្លាំងហាម៉ាសចំនួន ៤ក្រុម ដែលកំពុងមានវត្តមាននៅភាគខាងត្បូងហ្គាហ្សា។
លោក Daniel Dieckhaus នាយកផ្នែកជំនួយនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រាប់ថា មានពលរដ្ឋហ្គាហ្សាប្រហែល ៤៥ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីក្រុង Rafah គិតចាប់តាំងពីថ្ងៃទី៦ ខែឧសភា នៅពេលដែលអ៊ីស្រាអែលត្រៀមខ្លួនវាយចូល ដើម្បីកម្ចាត់ក្រុមហាម៉ាស។ លោក Dieckhaus បានបន្ថែមថា “សកម្មជនមនុស្សធម៌កំពុងជួបប្រទះបញ្ហាប្រឈមខ្លាំង ដើម្បីដឹកជំនួយចូលក្នុងក្រុង Rafah ដោយសារការបិទច្រកព្រំដែនសំខាន់ៗ ក៏ដូចជាការចូលទៅកាន់ឃ្លាំង និងការចែកចាយជំនួយ ព្រោះតែស្ថានភាពកាន់តែយ៉ាប់យ៉ឺនឡើងៗ”។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករបរទេស កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩៧៕
ដោយ៖ ឈាង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ