Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក ពូទីន ធ្លាប់អញ្ជើញទៅ ចិន ប៉ុន្មានលើកហើយ ពេលណាដែល​ពិភពលោកចងចាំមិនភ្លេច?

បានផុស

នៅ

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ហើយនេះក៏ជាដំណើរហោះហើរចេញក្រៅប្រទេសលើកដំបូងរបស់បុរសខ្លាឃ្មុំទឹកកកវ័យ ៧២ ឆ្នាំរូបនេះផងដែរ ចាប់តាំងពីស្បថចូលកាន់តំណែងក្នុងអាណត្តិថ្មីបន្តកាច់ចង្កូតនាវារុស្ស៊ីរយៈពេល ៦ ឆ្នាំទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសចិននាពេលនេះក៏ជាលើកទី ២ ផងដែរក្នុងរយៈពេលត្រឹមតែជាង ៦ ខែប៉ុណ្ណោះ ពោលបន្ទាប់ពីបស្ចិមប្រទេសបញ្ចេញកណ្ដាប់ដៃដែកដាក់ទណ្ឌកម្មមកលើទីក្រុងមូស្គូចំពោះភ្លើងសង្គ្រាមលុកលុយនៅអ៊ុយក្រែនដែលអូសបន្លាយពេលជាង ២ ឆ្នាំមកនេះ ។

ទោះយ៉ាងណា នេះមិនមែនជាលើកទី ២ ឬលើកទី ៣ នោះទេសម្រាប់លោក ពូទីន ដែលហោះមកកាន់ទឹកដីនៃប្រទេសចិននោះ ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post (SCMP) បានឲ្យដឹងថា លោក ពូទីន បានអញ្ជើញហោះមកទីក្រុងប៉េកាំងចំនួន ១៩ ដងហើយគិតទាំងពេលនេះ ខណៈលើកដំបូងកើតមានឡើងកាលពីខែកក្កដា ឆ្នាំ ២០០០ ហើយក៏ជាពេលដែលបុរសខ្លាឃ្មុំទឹកកករូបនេះឡើងកាន់ការជាប្រធានាធិបតីរុស្ស៊ីលើកដំបូងផងដែរ ។

លោក ពូទីន (ឆ្វេង) និងលោក Zemin (ស្ដាំ)

បើតាមការចុះផ្សាយដោយកាសែតអាមេរិក New York Times បានឲ្យដឹងថា ក្នុងអំឡុងពេលនោះ លោក ពូទីន បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន Jiang Zemin ជាមេដឹកនាំមួយរូបដែលហ៊ានថ្កោលទោសចំពោះសំណើរបស់អាមេរិកពាក់ព័ន្ធនឹងការដាក់ពង្រាយប្រព័ន្ធខែលការពារដែនអាកាសនៅអាមេរិកខាងជើង និងនៅតំបន់អាស៊ី ។

ប៉ុន្តែក្នុងចំណោមដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ប្រទេសចិនទាំងប៉ុន្មានជើងនោះគឺមាន ១ លើកដែលទាញឲ្យពិភពលោកចងចាំមិនភ្លេចគឺកាលពីឆ្នាំ ២០២២ ។ ទីភ្នាក់ងាព័ត៌មាន Reuters បានរាយការណ៍ថា ក្រោពីបំពេញដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរួចហើយ ជាពិសេសក្រោយពេល ចិន-រុស្ស៊ី ប្រកាសពីភាពជាដៃគូគ្មានដែនកំណត់មិនទាន់បានប៉ុន្មានស្រួលបួលផង ស្រាប់តែលោក ពូទីន លើកកម្លាំងទ័ពរាប់ម៉ឺននាក់ចូលទៅវាយលុកប្រទេសអ៊ុយក្រែនតែម្តង ។

ងាកមកកាន់ការបំពេញទស្សនកិច្ចនាពេលនេះវិញ ក្រៅពីការបង្ហាញសាមគ្គីភាព និងរឹតចំណងទំនាក់ទំនងរវាងមហាមិត្តទាំងពីរ, ដំណើរទស្សនកិច្ចរបស់លោក ពូទីន មកកាន់ចិនលើកទី ១៩ ក៏នឹងពិភាក្សាលើបញ្ហាក្តៅជាសកលចំនួន ២ ផងដែរ ហើយនោះគឺរឿងរ៉ាវសេដ្ឋកិច្ច និងសង្គ្រាម ជាពិសេសភ្នក់ភ្លើងសង្គ្រាមអ៊ុយក្រែនតែម្តង ។

ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Sputnik ក៏បានរាយការណ៍ដែរថា បន្ទាប់ពីជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ហើយ, លោក ពូទីន ក៏នឹងអញ្ជើញ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិនលោក លី ឈាង ផងដែរដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហើយចិន និងរុស្ស៊ី អាចនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រមុខដឹកនាំទាំងពីរ និងលើឯកសារទ្វេភាគីមួយចំនួនទៀត ។ មិនត្រឹមប៉ុណ្ណឹង មេដឹកនាំទាំងពីរនឹងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗបំផុត ។

ដោយឡែក បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin វិញបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី និងលោក ពូទីន នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាផលប្រយោជន៍រួម ក្នុងបរិបទនៃខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ីផងដែរ ។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង ក៏ធ្លាប់បានហោះទៅកាន់ប្រទេសរុស្ស៊ីផងដែរ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ កាលពីខែមីនាឆ្នាំមុន ពោលភ្លាមៗបន្ទាប់ពីចាប់ផ្តើមអាណត្តិទី ៣ ជាប្រធានាធិបតីចិន ហើយបើនិយាយពីការជួបគ្នា មេដឹកនាំទាំងពីរបានជួបចរចាជាង ៤០ ដងមកហើយ ខណៈដែលជំនួបចាប់ដៃលើកចុងក្រោយគឺធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលលោក ពូទីន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិននៅទីក្រុងប៉េកាំង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន ទៅចិន លើកនេះ នឹងពិភាក្សាបញ្ហាក្តៅចំនួន ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម