Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រគេនដីទំហំជាង ២ ហិតា នៅតំបន់អភិវឌ្ឍន៍​ទីក្រុងរណប អ៊ឹង ស៊ីធី (ING CITY) ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៤ មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន (ING Foundation) បាន​ប្រារព្ធ​ពិធី​ប្រគេន​ដី​ទំហំ​សរុប ២២.៤២៨ ម៉ែត្រការ៉េ ដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ឈុន គង់ តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប អ៊ឹង ស៊ីធី (ING CITY) ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ និង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការ​យាង​និមន្ត​ជា​អធិបតី​ដោយ​សម្តេច​ព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីម​ហេង អម​ដោយ​សម្តេច​ព្រះរាជា​គណៈ​ទាំង ១២ អង្គ និង​គណៈ​សង្ឃ​អង្គ​ផ្សេងៗ រួម​ទាំង​សាស្ត្រាចារ្យ សាមណេរ​និស្សិត និង​និស្សិត នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ សរុប​ប្រមាណ ៥៥០ អង្គ​/​នាក់ រួម​នឹង​ក្រុម​គ្រួសារ​របស់​អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ព្រះ​ពោធិវ័ង្ស មាន​សង្ឃដីកា​ក្នុង​ពិធី​នេះ​ថា សម្ដេច​ពិត​ជា​មាន​សេចក្ដី​ជ្រះថ្លា​ដែល​បាន​ឃើញ និង​ទទួល​យក​នូវ​សទ្ធា​ជ្រះថ្លា​របស់ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ព្រមទាំង​ក្រុម​គ្រួសារ នូវ​ការ​ប្រគេន​ដី​ទំហំ​សរុប ២២.៤២៨ ម៉ែត្រការ៉េ ដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ដើម្បី​ប្រើប្រាស់​ជា​ទីតាំង​ថ្មី​បន្ថែម​ទៀត​របស់​ពុទ្ធិក​សាកលវិទ្យាល័យ។ សម្ដេច បាន​មាន​សង្ឃដីកា បន្ថែម​ថា ក្រុម​គ្រួសារ​របស់​អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ គឺជា​ពុទ្ធ​សាសនូបត្ថម្ភក៍​ដែល​តែងតែ​គោរព ប្រតិបត្តិ និង​មាន​ជំនឿ​យ៉ាង​មុតមាំ ដែល​តែងតែ​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ​ជា​រៀង​រហូត​មក។

សម្តេច​ព្រះ​មហា​អរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះ​សកលវិទ្យាធិការ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ក៏បាន​មាន​សង្ឃដីកា​សម្ដែង​នូវ​សេចក្ដីរំភើប​រីករាយ​ក្រៃលែង ដែល​ពុទ្ធិក​សាកលវិទ្យាល័យ ពិតជា​មាន​ភ័ព្វសំណាង​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ធ្លាប់​ទទួល​បាន​ដី​ពី​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ កាលពី​ប្រមាណ ៧០ ឆ្នាំមុន ប្រើប្រាស់​ជា​ទីតាំង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ក្នុង​ពិធី​នេះ​ដែរ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធាន​មូលនិធិ អ៊ឹង ហ្វោន​ដេហ្ស៊ិន បាន​បញ្ជាក់​ថា រូបលោក និង​ក្រុម​គ្រួសារ តែងតែ​ចូលរួម​លើក​តម្កើង​គាំទ្រ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា និង​ពុទ្ធិក​សិក្សា និង​បាន​មើល​ឃើញ​ពី​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្រិត​ពុទ្ធិក​ឧត្ដម​សិក្សា​មាន​ការ​កើន​ឡើង និង​តម្រូវការ​ប្រើប្រាស់​របស់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ លោក​ក៏​មាន​សទ្ធា​ជ្រះថ្លា ប្រគេន​នូវ​ទីតាំង​ដី ០១ កន្លែង ខាងលើនេះ ប្រគេន​ជូន ដើម្បី​ប្រើប្រាស់​ជា​ទីតាំង​ពុទ្ធិក​សាកលវិទ្យាល័យ​ថ្មី​មួយ​ទៀត ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​សាងសង់​ជា​អគារ​ពុទ្ធិក​សាកលវិទ្យាល័យ អគារ​បណ្ណាល័យ​សិក្សា អគារ​រដ្ឋបាល អគារ​សម្រាប់​អន្តេវាសិក រួម​ទាំង​សំណង់ សិល្ប​ការ្យ និង​សំណង់​ស្ថាបត្យកម្ម​ផ្សេងទៀត​តាម​តម្រូវការ​របស់​ពុទ្ធិក​សាកលវិទ្យាល័យ។ លោក​បាន​បន្ថែម​ថា ការ​ប្រគេន​ទីតាំង​ដី​ខាង​លើ​នេះ ក៏​មិនមែន​ជា​លើក​ទី ១ នោះ​ដែរ កាលពី​ក្នុង​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៧ អ្នកឧកញ៉ា និង​ក្រុម​គ្រួសារ បាន​ផ្តល់​ដី​ចំនួន ០៣ កន្លែង ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប អ៊ឹង ស៊ីធី (ING CITY) ដូចគ្នា ដែល​ដី​ទី ១ មាន​ទំហំ​ប្រមាណ ២,០០០ ម៉ែត្រការ៉េ ជូន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ប្រើប្រាស់​សម្រាប់​សាងសង់​ជា​អគារ​ទីស្នាក់ការ​គណបក្ស​ខណ្ឌ​មានជ័យ និង​ដី​ទី ២ មាន​ទំហំ​ប្រមាណ ៣,០០០ ម៉ែត្រការ៉េ ជូន​ដល់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​ជា​អគារ​រដ្ឋបាល​សាលា​ខណ្ឌ​មានជ័យ ប្រើប្រាស់​នា​ពេល​សព្វថ្ងៃ​នេះ ដី​ទាំង ២ កន្លែង ជូន​តាមរយៈ ឯកឧត្ដម ប៉ា សុជាតិវង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​ទី ៣ ដី​ទំហំ ៩,៤៧៩ ម៉ែត្រការ៉េ ជូន​សហគមន៍​គ្រិស្ត​សាសនា នៅ​កម្ពុជា ឈ្មោះថា “​ក្រុម​ជំនុំ​ជីវិត​ថ្មី​” សម្រាប់​ប្រើប្រាស់​សាងសង់​ជា​ព្រះវិហារ​គ្រិស្ត​សាសនា​ផង​ដែរ ដែល​បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌ សង្គម​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ៣០ ឆ្នាំ មក​ហើយ​នោះ បាន​ជួយ​ប្រជាជន​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់។

អ្នកឧកញ៉ា ក៏បាន​លើកឡើង​ពី​អភិវឌ្ឍនភាព នៃ​ទីក្រុង​រណប អ៊ឹង ស៊ីធី(ING City) នា​ពេល​បច្ចុប្បន្ន​នេះ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដទៃ​ទៀត នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​និង​កំពុង​រីក​ចម្រើន ដោយសារ​តម្លៃ នៃ​សន្តិភាព “​បើ​គ្មាន​សន្តិភាព នោះ​គ្មាន​ការ​អភិវឌ្ឍ​”។ រយៈពេល​ជិត ២៦ ឆ្នាំ មកនេះ ប្រទេស​កម្ពុជា ទទួល​បាន​នូវ​សុខ​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី​ពេញ​បរិបូណ៌​តាមរយៈ​ការ​អនុវត្ត “​នយោបាយ ឈ្នះ ឈ្នះ​” របស់ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​គួរ​ជាទី​មោទកភាព។ ហេតុនេះ​សន្តិភាព​ពិតជា​មាន​តម្លៃ​ដ៏​មហាសាល សម្រាប់​មនុស្សជាតិ​ទាំងមូល “​យើង​ត្រូវ​ស្អប់​សង្គ្រាម យើង​ត្រូវ​ស្រលាញ់ និង​ថែរក្សា​សន្តិភាព​”​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​កុលបុត្រ​ដ៏​ឆ្នើម និង​ជា​អ្នក​បន្តវេន ដ៏​មាន​សក្ដានុពល ដើម្បី​ដឹកនាំ​បន្ត​នាវា​កម្ពុជា ឆ្ពោះ​ទៅកាន់​កោះ​សន្តិភាព សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល។ អ្នកឧកញ៉ា បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោង​ព្រែកជីក “​ហ្វូនណ​ន តេ​ជោ​” ជា​គម្រោង​ប្រវត្តិសាស្ត្រ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​សារវន្ត​ដល់​សង្គមជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម