Connect with us

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ៖ មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវធ្វើជាអ្នកបម្រើពលរដ្ឋ មិនមែនធ្វើជាម្ចាស់ពលរដ្ឋឡើយ

បានផុស

នៅ

ក្នុងពិធីអបអរសាទរខួបលើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោក ស សុខា បានក្រើនរម្លឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនទៅធ្វើជាម្ចាស់បញ្ជាលើពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមឱ្យមន្ត្រីរបស់យើងដែលមានវត្តមាននៅទីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់ថ្នាក់មន្ត្រីតូចបំផុត សូមឱ្យយើងដើរតួយើងទាំងអស់នៅទីនេះ ជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋ បញ្ជាគាត់ឱ្យធ្វើតាមតែចិត្តនោះទេ»។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះទើបជាមន្ត្រីពិតប្រាកដដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្នុងការបម្រើ និងផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យមានសុខដុមរមនានៅក្នុងសង្គម។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំនៃអង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ត្រូវបន្តពិនិត្យទៅលើអភិក្រមនៃការវះកាត់ចំពោះមន្រ្តីទាំងឡាយណាដែលអសកម្មក្នុងការបំពេញកិច្ចការងាររបស់ខ្លួនថែមទៀតផងដែរ។

បន្ថែមពីការណែនាំខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានប្រាប់ឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ក៏ដូចជាកងកម្លាំងនគរបាលជាតិ ចូលរួមឱ្យកាន់តែសកម្មក្នុងការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជាកាន់តែមានភាពជឿនលឿនបន្ថែមទៀត។

បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី កិច្ចការងារសំខាន់ដែលក្រសួងមហាផ្ទៃយកចិត្តទុកដាក់ និងបន្តធ្វើ គឺការថែរក្សាសុខសុវត្ថិភាព សន្តិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា ពិសេសការត្រួតពិនិត្យចំពោះការអនុវត្តច្បាប់នានា ការថែរក្សាកេរ្ត៍តំណែរស្នាដៃរបស់អតីតថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកគុណភាពនូវអ្វីដែលសម្រេចបានកន្លងមក និងជាពិសេសការធ្វើកំណែរទម្រង់កងកម្លាំងនគរបាលជាតិ ដោយតម្រូវឱ្យមន្រ្តីទាំងអស់ត្រូវប្រកាន់ខ្ជាប់តួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម