Connect with us

ព័ត៌មានជាតិ

មន្រ្តី​និង​អាជីវករ​ក្នុង​ក្រុង​បាត់ដំបង​លើកឡើង​ដូចគ្នា មូលហេតុ​នាំឲ្យ​សណ្តែក​កួរឡើងថ្លៃ

បានផុស

នៅ

អាជីវករ​លក់​បន្លែ​កសិកម្ម នៅ​តាម​ទីផ្សារធំៗ​នៅក្នុង​ក្រុងបាត់ដំបង បានលើកឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​ឃើញ​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកផុលផុស​អំពី​សណ្តែក​កួរឡើង​ថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករ​ដែល​កម្ពុជា​ថ្មី​បាន​ជួប​សម្ភាសន៍​បាន​ទទួល​ស្គាល់ថា​ សណ្តែកកួរ​ឡើងថ្លៃ តែ​មិន​ដល់​ថ្នាក់ថ្លៃ​​ដូច​ការ​បង្ហោះ​នោះ​ទេ។ បើ​តាម​អាជីវករ​ ការ​បង្ហោះ​ព័ត៌មាន​នោះមាន​ចេតនា​ណាមួយ​មិនខាន។

អ្នកស្រី វ៉ាន់ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​ណាត់​ក្រុង​បាត់ដំបង​បាន​លើក​ឡើង​ថា តាមពិត​សណ្តែក​កួរឡើងថ្លៃទៅតាមប្រភេទ ដែលឈ្មួញ​ដើរទិញយកមកលក់បន្តនៅលើទីផ្សារ ដោយ​​កំណត់​តម្លៃពីលេខ ១ ដល់លេខ ៣ ហើយបើលេខ១ លក់នៅលើទីផ្សារ ១ គីឡូក្រាម ចន្លោះ​ពី​ ៨ ​ពាន់​រៀលដល់ ១ ម៉ឺន ​២ ពាន់រៀល។ តែឥឡូវបានចុះថ្លៃជាបន្តបន្ទាប់វិញ​ហើយ​ ក្រោយ​ពី​អាកាសធាតុ​បានប្រែប្រួលនិង​មាន​ភ្លៀងធ្លាក់ផង។

លោកស្រី​អះអាង​ថា «មិនមែន​តែ​សណ្តែក​កួរ​ទេ​ឡើងថ្លៃ សូម្បី​ផ្លែននោង​ក៏បាន​ឡើងថ្លៃ រហូតដល់ ៥ ពាន់​រៀល ក្នុង ១ គីឡូក្រាម រួមបន្លែកសិកម្មផ្សេង​ទៀត។ នេះ​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេក សូម្បី​ដើម​ចេក​ខ្ញុំក្រោយផ្ទះក៏ស្វិតអស់ដែរ»។

ស្ត្រីវ័យចំណាស់ៗដែលកំពុងដើរថ្មើជើង ក្នុងដៃមាន​យួរ​កន្ត្រក​ផង បានដើរ​ចូលផ្សារ ១៣ មករា ក្រុង​បាត់ដំបង និង​បាន​នាំគ្នា​ជជែក​អំពី​បន្លែឡើង​ថ្លៃខុស​ពីឆ្នាំកន្លង​ទៅ សូម្បី​តែផ្លែ​ននោង​ក៏​ថ្លៃ​ដែរ ហើយ​យក​មកលក់​ទាំងផ្លែននោង​មិនទាន់មានចេញគ្រាប់ខ្ចី ១ គ្រាប់ផង ក៏​ឡើង​ដល់ ១ គីឡូក្រាម ៥ ពាន់រៀលដែរ។

ក្នុងចំណោមស្ត្រីទាំងនោះ លោកស្រី ចាន់នី បាននិយាយថា «ប្រហែល ១ អាទិត្យមុន ផ្លែននោង​ខ្ញុំ​ទិញ​ ១ គីឡូក្រាមតែ ២៥០០ រៀល តែពេលនេះឡើងដល់ ៥ ពាន់រៀល។ ខ្ញុំថាការ​ឡើងថ្លៃ​រាល់បន្លែកសិកម្មនេះ ដោយសារអាកាសធាតុក្តៅពេក ហើយអ្នកដាំក៏ជួបផលលំបាក ក្នុងការ​ទទួល​ផល​ តិចទៀតទៅចុះថ្លៃវិញហើយ»។

កសិករដែលប្រកបរបរកសិកម្មដ៏ចាស់វស្សាមួយរូប គឺអ្នកស្រី តៅ ស៊ា អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​បានឲ្យដឹងថា អ្នកស្រី​ប្រកប​មុខរបរ ដាំ​បន្លែ​លក់​ជាច្រើនឆ្នាំមកហើយ។ បន្លែទាំងនោះ មានដូចជា សណ្តែកគួ ត្រប់ ត្រសក់ ល្ពៅ​ជាដើម។

ខណះដែលកំពុងប្រមូលផលសណ្តែកកួរ​អ្នកស្រី​ថា សណ្តែក​កួរ​ប្រសិនបើឆ្នាំ នេះ​ហុចផលច្រើន​ដូចឆ្នាំ​កន្លង​ទៅ អ្នកស្រីពិតជា​រកចំណូល​បានច្រើនណាស់ ខណះ​ដែលអ្នកស្រីបានលើកឡើងថា កាល​ពីឆ្នាំមុនៗ កសិករជាអ្នកផលិត​ដំណាំកសិកម្ម​តែង​តែ​ប្រឈម​ទីផ្សារ ដោយសារតែក្រុមឈ្មួញ ហើយ​ទីផ្សារ​ក៏ចង្អៀត​ធ្វើឲ្យផ្លែសណ្តែក​កួរ​អ្នកស្រីលក់មិនបានថ្លៃ។

អ្នកស្រីបន្តថា «កាលឆ្នាំមុនៗខ្ញុំប្រមូលផលសណ្តែក​កួរ​ម្តង អាចបានប្រហែល ២០០ គីឡូ ក្រាម ហើយ​ការប្រមូល​ផលមួយថ្ងៃ​ចន្លោះ​មួយថ្ងៃ។ ចំណែក​តម្លៃវិញកាលនោះ​លក់បាន ១ គីឡូក្រាមតែ ២០០០ រៀលប៉ុណ្ណោះ តែឆ្នាំនេះបានផលតិចតែបានថ្លៃ ដោយ​ឈ្មួញ​មកទិញដល់​ចម្ការ​បាន​រហូតដល់​ចន្លោះពី ៤៥០០ ទៅ ៥០០០ រៀលក្នុង១គីឡូក្រាម សម្រាប់ផ្លែប្រភេទលេខ១។ នេះ​បើអ្នកស្រី​គិតចាប់ពីរយះពេលប្រហែល ១ អាទិត្យមុន។

អ្នកស្រីបន្តថា «ឆ្នាំនេះមិនសូវបានផល វាក្តៅខ្លាំងពេក ធ្វើឲ្យស្លោកដើមហើយផ្លែតូចៗ ប៉ុន្មាន​ថ្ងៃ​មុន​បាន ១ គីឡូក្រាមតែ ៣ ពាន់រៀល ហើយនៅលើទីផ្សារបាន ៨ ពាន់ រៀលក្នុង១គីឡូក្រាម»។

បើតាម​លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះផ្នែក​ដំណាំ​កសិកម្ម​មិនអាច​បំពេញ​តម្រូវការ​បានគ្រប់គ្រាន់លើទីផ្សារនោះ​ទេ ខណះដែលដំណាំទាំងនោះ មិន​អាចទ្រទ្រង់​បាន​រលកកម្តៅ បើទោះបីកសិករខ្លះខិតខំ​ព្យាយាម​ស្រោចទឹក​ខ្លះៗ​ក៏មិន អាច​ទប់ទល់​អាកាសធាតុ​បានដែរ ហើយ​មាន​តិចតួចណាស់ ដែលបានប្រមូលផលបាន។

លោកថា កត្តាដែលធ្វើឲ្យនៅលើទីផ្សារឡើងថ្លៃគឺ កត្តាអាកាសធាតុ និង​កត្តា​ឈ្មួញប្រជែងគ្នា តែ​សណ្តែក​កួរ​ក៏មិនដល់ថ្នាក់ ១ គីឡូក្រាម ៣ឬ ៤ ម៉ឺន​រៀលនោះទេ សម្រាប់​ខេត្តបាត់ដំបង យ៉ាងស្ទុះ​១ គីឡូក្រាមចន្លោះពី ១ ម៉ឺន​ រៀល ទៅ ១ ម៉ឺន​២ពាន់រៀល តែពេលនេះក៏បានចុះថ្លៃបន្តបន្ទាប់វិញដែរ។

លោកថា បច្ចុប្បន្នអាជីវករយកតែបន្លែក្នុងស្រុកមកលក់ប៉ុណ្ណោះ ព្រោះពួក គាត់​បានយល់ដឹង​ច្រើន​អំពីបន្លែ​នាំចូល ដោយ​បារម្ភខ្លាំងចំពោះផលប៉ះពាល់ដល់សុខភាព តាមរយះការប្រើប្រាស់ជាតិគីមី នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ទាំង​ពួកគាត់ ទាំង​ពលរដ្ឋ​ទូទៅ ទើបពួកគាត់លក់តែបន្លែក្នុងស្រុក៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម