Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​តៃវ៉ាន់ ចំ​ថ្ងៃ​ស្បថ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​នៅ​​តៃប៉ិ

បានផុស

នៅ

ថ្ងៃ​​​ទី២០ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ គឺ​ជា​ថ្ងៃ​ដែល​លោក Lai Ching-te ចូល​ស្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ជា​ផ្លូវការ​នៅ​​តៃវ៉ាន់។ ផ្ទុយ​ពី​ការ​សាទរ មហាយក្ស​ចិន​បែរ​ជា​​​​ប្រកាស​ដាក់​ចេញ​​នូវ​ទណ្ឌកម្ម​ថ្មី​​ ដែល​​​មាន​គោល​បំណង​ប្រឆាំង​ទៅ​នឹង​​រដ្ឋាភិបាល​ក្រុង​តៃប៉ិ នៅ​ចំ​ថ្ងៃ​បើក​ទំព័រ​​ប្រវត្តិសាស្ត្រ​​​ស្វាគមន៍​មេ​ដឹក​នាំ​ថ្មី។

លោក Lai Ching-te (រូបភាព៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​​ថា ទណ្ឌកម្ម​ថ្មី​នឹង​ដាក់​លើ​ក្រុមហ៊ុន​ចំនួន​៣ ដែល​បាន​ផលិត​សព្វាវុធ​យោធា​លក់​ឲ្យ​ទៅ​តៃវ៉ាន់។ ក្រុមហ៊ុន​ដែល​​រង​ទណ្ឌកម្ម មាន​ដូចជា ក្រុមហ៊ុន Boeing ក្រុមហ៊ុន General Atomics Aeronautical Systems និង​ក្រុមហ៊ុន General Dynamics Land Systems។ ចិន បាន​ចាត់​​ក្រុមហ៊ុន​ទាំង​នោះ​ចូល​ក្នុង​បញ្ជី​ឈ្មោះ “អង្គភាព​ដែល​មិន​គួរ​ឲ្យ​ទុក​​ចិត្ត” ដោយ​ហាម​ឃាត់​ការ​វិនិយោគ​ទាំង​អស់​នៅ​ក្នុង​ដែន​ដី​របស់​ចិន ​នា​ពេល​អនាគត។ មួយ​វិញ​ទៀត ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​របស់​ក្រុមហ៊ុន​ទាំង​៣ ក៏​​​​រង​ការ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ដំណើរ​​ចូល​ទឹក​ដី​ប្រទេស​ចិន​ទៀត​ដែរ។

គួរ​រំឭក​ថា លោក Lai Ching-te ប្រធានាធិបតី​ថ្មី​​នៅ​តៃវ៉ាន់ ធ្លាប់​បាន​ប្រកាស​សន្យា​ពង្រឹង​សន្តិសុខ​​ជាតិ តាម​រយៈ​ការ​នាំ​ចូល​​យន្តហោះ​ចម្បាំង​ទំនើបៗ និង​បច្ចេកវិទ្យា​​បន្ថែម​ទៀត។ បែប​នេះ​​ហើយ​ទើប​កាល​ពី​ខែ​មេសា​កន្លង​ទៅ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចង់​បាន​តៃវ៉ាន់​​ទៅ​គ្រប់គ្រង​នោះ បាន​សម្រេច​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន General Atomics Aeronautical Systems និង​ក្រុមហ៊ុន General Dynamics Land Systems ដែល​មាន​​នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន​ទាំង​២ សុទ្ធ​តែ​មាន​ទំនាក់ទំនង​​ជួញ​ដូរ​ពាណិជ្ជកម្ម​អាវុធ​ជាមួយ​តៃវ៉ាន់។

បន្ថែម​​ពី​នេះ កាល​ពី​ឆ្នាំ​២០២២ ចិន​ធ្លាប់​ដាក់​ទណ្ឌកម្ម​ម្ដង​រួច​ហើយ​លើ​ក្រុមហ៊ុន Boeing ប្រឆាំង​​នឹង​លោក Ted Colbert ដែល​ជា​​​នាយក​ប្រតិបត្តិ​​​ផ្នែក​​ការពារ ដែន​អាកាស និង​សន្តិសុខ​របស់ Boeing ក្រោយ​ពី​ក្រុមហ៊ុន​អាមេរិក​​មួយ​នេះ​បាន​​​​ឈ្នះ​លើ​កិច្ច​សន្យា​តម្លៃ ៣៥៥​លាន​ដុល្លារ សម្រាប់​ការ​ផ្គត់ផ្គង់​មីស៊ីល Harpoon ឲ្យ​ទៅ​តៃវ៉ាន់។

រោងចក្រ​​ក្រុមហ៊ុន Boeing (រូបភាព៖ First Class Photography)

សូម​បញ្ជាក់​ថា កំឡុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ យោធា​ចិន​តែង​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្បែរ​កោះ​តៃវ៉ាន់​ជា​និច្ច ដូចជា ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​រំលង​​​​ខ្សែ​បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ដើម។ បន្ទាត់​ព្រំដែន​ច្រក​សមុទ្រ​នេះ មិន​ត្រូវ​​បាន​ចិន​ទទួល​ស្គាល់​នោះ​ឡើយ។ ចិន ដែល​តែង​​​​ចាត់​ទុក​តៃវ៉ាន់​ជា​​​អធិបតេយ្យភាព​របស់​ខ្លួន មាន​ការ​មិន​ពេញ​ជា​ខ្លាំង​ចំពោះ​លោក Lai Ching-te ដែល​ជា​ប្រធានាធិបតី​ជាប់​​ឆ្នោត​ថ្មី ហើយ​ជឿ​ជាក់​ថា លោក​គឺ​ជា​ជន​ផ្ដាច់​ខ្លួន​និយម និង​តែង​តែ​ជំទាស់​នឹង​សកម្មភាព​របស់​ចិន។

​មិន​ខុស​ពី​លោក​ស្រី Tsai Ing-wen ដែល​ជា​​ប្រធានាធិបតី​ទើប​អស់​អាណត្តិ លោក Lai ក៏​នៅ​រក្សា​ជំហរ​​​បដិសេធ​ផង​ដែរ​នូវ​ការ​អះអាង​​របស់​ចិន​ ដែល​ចង់​បាន​តៃវ៉ាន់​មក​កាន់កាប់។ លោក Lai ថា មាន​តែ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ប៉ុណ្ណោះ​​ដែល​អាច​សម្រេច​ជោគ​វាសនា​ខ្លួន​ឯង​បាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម