ព័ត៌មានជាតិ
ស្ថានភាពកោះពេជ្រ និងអ្នកខុនដូពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” បច្ចុប្បន្ន
បន្ទាប់ពីបិទចរាចរណ៍ចេញចូលកោះពេជ្រចាប់ពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ចូលសហគមន៍ ក្នុង “ព្រឹត្តិការណ៍ ទី២០ ខែកុម្ភៈ” នោះមក មកដល់ពេលនេះអាជ្ញាធរបានបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ចេញចូលទីក្រុងកោះពេជ្រតាមច្រកទាំង៣ឡើងវិញហើយ ប៉ុន្តែសមត្ថិកិច្ចនៅតែបន្តពង្រឹងសន្តិសុខខុនដូមួយដដែល។
លោក ថេង សុថុន អភិបាល ខណ្ឌចំការមន បានប្រាប់កម្ពុជាថ្មី អំបាញ់មិញនេះថា មកដល់ពេលនេះអាជ្ញាធរបានបើកឱ្យសាធារជនធ្វើចរាចរាណ៍ចេញចូលទីក្រុងកោះពេជ្របានជាប្រក្រតីហើយ ទាំងស្ពានឥន្ទធនូ ស្ពានហង្ស និងស្ពាននាគ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តឹងសន្តិសុខសុវត្ថិភាពដោយមិនអនុញ្ញាតឱ្យមានការចេញចូលខុនដូមួយកន្លែងដែលបានរកឃើញមានអ្នកឆ្លងមេរោគកូវីដ-១៩ពីដំបូងនោះឡើយ។
លោក ថេង សុថុន មានប្រសាសន៍បន្ត ថា៖ “ខុនដូដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ហ្នឹង គឺយើងបានដាក់កងកម្លាំងទៅបិទ ដោយប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅទីតាំងហ្នឹងតែម្ដង មិនឱ្យមានការចេញចូលទេ”។
លោក ថេង សុថុន បញ្ជាក់ថា នៅលើកោះពេជ្រមានតែខុនដូ Casa By Meridian មួយកន្លែងទេដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលមានទាំងអ្នករស់នៅ រួមទាំងបុគ្គលិកបម្រើការងារនៅខុនដូនោះចំនួនជាង៣០០នាក់។
លោក ថេង សុថុន មានប្រសាសន៍ថា៖ “ចំពោះអាជ្ញាធរ យើងបានប្រើវិធានការរឹតបន្តឹងការពារតំបន់ហ្នឹងមិនឱ្យមានការចេញចូល ប៉ុន្តែយើងបានសម្រួលអាហារហូបចុកសម្រាប់តែកម្លាំងការពារហ្នឹងទេ ដោយឡែកអ្នករស់នៅខុនដូហ្នឹងមានលទ្ធភាព និងអាចដោះស្រាយខ្លួនឯងបានហើយ ដោយកន្លងមកមិនឃើញមានបញ្ហាអ្វីពាក់ព័ន្ធនឹងការហូបចុករបស់ពួកគាត់កើតឡើងនោះទេ”។
លោកមានប្រសាសន៍បញ្ជាក់ថា៖ “អ្នករស់នៅក្នុងខុនដូ ហ្នឹង អាចទិញអីហូប គឺគេយកមកដាក់នៅមុខអ៊ីចឹងទៅ ហើយអ្នកពីក្នុងចេញពីក្រៅមកយកនៅហ្នឹងទៅ។ ចំណែកអ្នកខ្លះ ក្នុងរយៈពេលប៉ុន្មានថ្ងៃហ្នឹង គាត់មានអាហារស្តុកទុកសម្រាប់ពិសាស្រាប់ដែរ។”
លោក ថេង សុថុន មានប្រសាន៍ថា ជាទូទៅអាជ្ញាធរមានតួនាទីតែគ្រប់គ្រងស្ថានភាពទីតាំងនានា តាមការផ្ដល់ព័ត៌មានពីខាងក្រសួងសុខាភិបាល ដោយពុំមានទិន្នន័យអ្នករស់នៅខុនដូបានឆ្លងវីរុសកូវីដ-១៩ប៉ុន្មាននាក់នោះទេ។
លោក មានប្រសាសន៍ថា៖ “នៅពេលយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលទ្ធផលបង្ហាញថាមានអ្នកវិជ្ជមាន គឺក្រុមការងារសុខាភិបាលបានមកយកអ្នកជំងឺកំឡុងម៉ោង១យប់ ដើម្បីទៅព្យាបាលរាល់យប់ ដោយយប់ខ្លះមាន៧នាក់ ឬ ម្នាក់ ២នាក់ក៏មាន”។
គួររំលឹកថា កាលពីព្រឹកថ្ងៃសៅរ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការឆ្លងកូវីដ-១៩ចូលសហគមន៍លើកទី៣នៅកម្ពុជា ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ឈានទៅដល់បិទទីតាំងពាក់ព័ន្ធមួយចំនួនដូចជា ទីក្រុងកោះពេជ្រ និង ក្លឹប N8 និងទីកន្លែងដទៃទៀត ដែលមកដល់ពេលមានមានចំនួន៦៣ទីតាំងនៅរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធ ការឆ្លងក្នុងសហគមន៍នៃ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” សរុបចំនួន១៩៤នាក់ហើយ ដោយនៅព្រឹកនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៨នាក់ទៀត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺឆ្លងក្នុងសហគមន៍ទាំង៥៨នាក់ មានជនជាតិចិនចំនួន ៤១នាក់ វៀតណាម៩នាក់ ខ្មែរ៥នាក់ កូរ៉េម្នាក់ សង្ហិបុរីម្នាក់ និងជប៉ុនម្នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
ក្រសួងសុខាភិបាលបញ្ជាក់ ការដាក់អ្នកឆ្លងកូវីដ១៩ ថាជាអ្នកដំណើរ មិនដាក់ក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ