ព័ត៌មានអន្ដរជាតិ
AstraZeneca ត្រៀមសង់រោងចក្រតម្លៃ១,៥ពាន់លាននៅសិង្ហបុរី ផលិតថ្នាំព្យាបាលមហារីក
ក្រុមហ៊ុន AstraZeneca មានគម្រោងសាងសង់រោងចក្រ ដោយចំណាយទុនអស់ ១,៥ពាន់លានដុល្លារ ដើម្បីផលិតប្រភេទថ្នាំជំនាន់ថ្មីព្យាបាលជំងឺមហារីក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនឱសថយក្សរបស់អង់គ្លេស កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
រោងចក្រថ្មីសង់លើទឹកដីប្រទេសសិង្ហបុរី នឹងត្រូវបញ្ចប់គម្រោងរួចរាល់នៅត្រឹមឆ្នាំ២០២៩ខាងមុខ ហើយថ្នាំដែលផលិតចេញពីរោងចក្រនេះ គឺជាប្រភេទឱសថប្រឆាំងមហារីក (Antibody-drug Conjugates) ឬហៅកាត់ថា ADC។ វាជាវិធីព្យាបាលម្យ៉ាង ដែលមានសមត្ថភាពវាយប្រហារកោសិកាមហារីក ដោយមិនចាំបាច់ត្រូវបំផ្លាញកោសិកាល្អៗដែលនៅជុំវិញ។ លោក Pascal Soriot នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា ថ្នាំ ADC នឹងបង្ហាញពីសក្ដានុពលយ៉ាងធំធេង ដើម្បីប្រើជំនួសការព្យាបាលដោយគីមីសាស្ត្រលើអ្នកជំងឺមហារីក។
គម្រោងវិនិយោគនេះ ទទួលបានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) របស់រដ្ឋាភិបាលសិង្ហបុរី។ លោក Png Cheong Boon ប្រធាន EDB បានរៀបរាប់ថា លោកពិតជាស្វាគមន៍ចំពោះ AstraZeneca ដែលបង្កើតវត្តមានរបស់ខ្លួននៅលើទឹកដីសិង្ហបុរី ហើយរោងចក្រនេះនឹងក្លាយជាទីតាំងដែលមានដំណើរការផលិតថ្នាំព្យាបាលមហារីកពេញលេញដំបូងគេបង្អស់របស់ក្រុមហ៊ុន AstraZeneca។
ក្រុមហ៊ុន AstraZeneca បានប្រកាសថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឲ្យសង្វាក់ផលិតកម្មនៅក្នុងរោងចក្រថ្មីមិនផ្ដល់ផលប៉ះពាល់ចំពោះបរិស្ថាន ពោលគឺនៅក្នុងរោងចក្រនឹងមិនមានការសាយភាយសារធាតុកាបូននោះឡើយ។
គួររំឭកថា ដំណឹងពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន AstraZeneca បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានមិនល្អទាក់ទងនឹងវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអង់គ្លេសមួយនេះកាលពីពេលថ្មីៗកន្លងទៅ។ យោងតាមសារព័ត៌មាន Telegraph កាលពីចុងខែមេសា បានឲ្យដឹងថា AstraZeneca បានដាច់ចិត្តទទួលស្គាល់ជាលើកដំបូងថា វ៉ាក់សាំងជំងឺកូវីដ១៩របស់ខ្លួន ពិតជាអាចបណ្តាលឲ្យមានផលប៉ះពាល់កម្រ ដូចជាបង្កការកកឈាម និងស្លាប់ពិតមែន។ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក, វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩បាន ៧២% ហើយបើយោងតាមក្រុមហ៊ុន, គិតត្រឹមខែមេសាឆ្នាំ២០២១ មានមនុស្សជាង១៧លាននាក់ បានចាក់វ៉ាក់សាំងនេះនៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយមានករណីកកឈាមមិនដល់៤០ករណីផងដែរ ដែលត្រូវបានគេរាយការណ៍៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា