ព័ត៌មានជាតិ
សម្ដេចធិបតី ជួបអគ្គនាយិការងAFD ពិភាក្សាលើវិស័យពាណិជ្ជកម្ម ការបង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំង និងថាមពល
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអគ្គនាយិការរងនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) Marie Hélène LOISON ចូលជួបសម្ដែងការគួរសម ដើម្បីជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីវិស័យសំខាន់ដូចជា ពាណិជ្ជកម្ម គំនិតផ្ដួចផ្ដើមមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំតំបន់នៅកម្ពុជា និងវិស័យអន្តរកាលនៃថាមពល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញនៅលើបណ្ដាញសង្គមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
តាមសេចក្ដីប្រកាសព័ត៌មាន សម្តេចធិបតី និងលោកស្រីអគ្គនាយិការង ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ។ នៅចំពោះមុខអគ្គនាយិការរង សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅកម្ពុជា, ការធ្វើសាមញ្ញកម្មនីតិវិធីនៃដំណើរការវិនិយោគ, និងគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការផ្តល់នូវភាពបត់បែន និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវបរិយាកាសធុរិកិច្ច និងភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានជជែកពិភាក្សាលើគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំងប្រចាំតំបន់ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាល ផ្នែកវប្បធម៌ ភាសា ទំនាក់ទំនងប្រជាជន និងប្រជាជន កីឡា ទេសចរណ៍ និងពាណិជ្ជកម្ម និងជជែកអំពីអន្តរកាលនៃវិស័យថាមពល ដោយបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗក្នុងការធានាឱ្យបាននូវការប្រើប្រាស់ថាមពល និងចូលរួមចំណែកការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ក្នុងជំនួបដដែល លោកស្រីអគ្គនាយិការង ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតខ្លាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា ដើម្បីសម្រេចគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។
លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីកម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា ដែលផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគ ជាដើម។ លោកស្រីអគ្គនាយិការង ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ក្នុងគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
បន្ថែមលើនេះ លោកស្រីអគ្គនាយិការង ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។
សម្តេចធិបតី ក៏បានបញ្ជាក់អំពីការដាក់ចេញនូវគោលដៅក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។
សម្តេចធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលដៅក្នុងការផ្ទត់ផ្គង់ទឹកស្អាតឱ្យបាន១០០% និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan